បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានសរសេរនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃសៅរ៍ម្សិលមិញថា លោកនឹង «មិនលះបង់ការប្រកួតជាដាច់ខាត»។ លោកបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗបានព្យាយាមរារាំងលោកមិនឲ្យក្លាយជាប្រធានាធិបតី ដោយបានបញ្ចេញនូវខ្សែអាត់វីដេអូកាលពីឆ្នាំ ២០០៥ បង្ហាញពីលោក Trump និយាយពាក្យអាសគ្រាមអំពីស្ត្រីភេទ។
លោក Trump ថា វីដេអូដែលបានផ្សព្វផ្សាយជាសាធារណៈនោះ គ្មានអ្វីក្រៅពីការចង់ធ្វើឲ្យលោកបែកអារម្មណ៍នោះទេ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែលនៅសេសសល់មុនពេលការបោះឆ្នោតចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះ។ លោកបានបញ្ជាក់ថា លោកនឹងផ្ដោតឡើងវិញនូវការលើកឡើងរបស់លោកប្រឆាំងនឹងលោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោកមកពីគណបក្សប្រជាធិបតេយ្យ ដោយលោកបាននិយាយថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton ដែលជាស្វាមីរបស់លោកស្រី Clinton បានធ្វើអំពើអាក្រក់ៗចំពោះស្រ្តីភេទច្រើនជាងលោកទៅទៀត។
លោក Trump បានបញ្ជាក់នៅក្នុងវីដេអូថ្មីមួយដែលបានបង្ហោះនៅលើទំព័រ Facebook របស់លោក យ៉ាងដូច្នេះថា៖ «មានភាពខុសគ្នារវាងពាក្យសម្ដី និងសកម្មភាពរបស់មនុស្សផ្សេងៗ។ លោក Bill Clinton តាមពិត បានរំលោភបំពានលើស្ត្រីនានា ហើយលោកស្រី Hillary បានសម្លុត វាយប្រហារ បង្អាប់ និងគំរាមកំហែងជនរងគ្រោះទាំងនោះ»។ នៅលើទំព័រ Facebook នោះដែរ លោកក៏បានធ្វើការសុំអភ័យទោសផងដែរចំពោះការលើកឡើងមិនសមរម្យរបស់លោកអំពីស្ត្រីភេទ។
លោក Trump និងលោកស្រី Clinton នឹងបង្ហាញមុខជាមួយគ្នាម្ដងទៀតនៅថ្ងៃអាទិត្យនេះនៅក្នុងការដេញដោលតទល់គ្នាជុំទីពីរ៕