ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Mike Johnson បានប្រកាសកាលពីថ្ងៃពុធអំពីការបោះឆ្នោតលើកញ្ចប់ជំនួយយោធាថ្មីសម្រាប់ប្រទេសអ៊ុយក្រែនដែលត្រូវបានពន្យារពេលជាយូរមកហើយ ក៏ដូចជាលើជំនួយយោធាសម្រាប់ប្រទេសអ៊ីស្រាអែលផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការប្រកាសដូចនេះនឹងនាំឱ្យមានការប្រឈមមុខដាក់គ្នាជាមួយក្រុមស្តាំនិយមជ្រុលនៅក្នុងជួរគណបក្សសាធារណរដ្ឋរបស់លោកផ្ទាល់ ដែលអស់រយៈពេលជាច្រើនខែកន្លងមកបានរាំងខ្ទប់ជំនួយនេះ។
លោក Johnson បានប្រកាសថា៖ «យើងរំពឹងថានឹងមានការបោះឆ្នោតលើការអនុម័តចុងក្រោយលើសេចក្តីព្រាងច្បាប់ទាំងនេះនៅល្ងាចថ្ងៃសៅរ៍ខាងមុខ»។
សេចក្តីប្រកាសរបស់លោក Johnson នេះបានធ្វើឡើងក្នុងពេលមិនយូរប៉ុន្មានបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ថាអ៊ុយក្រែននិងអ៊ីស្រាអែលគឺជាសម្ព័ន្ធមិត្តពីររបស់សហរដ្ឋអាមេរិកដែលត្រូវការជំនួយនៅក្នុងសង្គ្រាមរបស់ពួកគេ។
លោក Biden បានសរសេរនៅក្នុងអត្ថបទបញ្ចេញមតិមួយក្នុងកាសែត The Wall Street Journal ថា៖ «ទោះជាប្រទេសទាំងពីរនេះអាចការពារអធិបតេយ្យភាពរបស់ខ្លួនក៏ដោយ ក៏ពួកគេពឹងពាក់លើជំនួយរបស់សហរដ្ឋអាមេរិក ដែលរួមមានទាំងសព្វាវុធផងដែរ ដើម្បីធ្វើការនេះបាន។ ហើយពេលនេះហើយគឺជាពេលដ៏សំខាន់»៕