លោក John Kennedy មកពី​គណបក្ស​សាធារណរដ្ឋ ឈ្នះ​អាសនៈ​ព្រឹទ្ធសភា​អាមេរិក

លោកដូណាល់ ត្រាំ និង​លោក​ John Kennedy ដែល​បាន​ឈ្នះ​ការ​ប្រជែង​អាសនៈព្រឹទ្ធសភា​ពី​រដ្ឋ Louisiana អំឡុង​យុទ្ធនាការ​ឃោសនា «Thank You USA» នៅ​ក្រុង Baton Rouge រដ្ឋ Louisiana កាល​ពី​ថ្ងៃ​ទី០៩ ខែ​ធ្នូ ឆ្នាំ​២០១៦។

លោក John Kennedy ដែល​ជា​ហិរញ្ញឹក​មកពី​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ Louisiana បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី​ប្រចាំ​រដ្ឋ​នេះ បន្ទាប់ពី​លោក​បាន​យក​ជ័យជម្នះ​លើ​លោក Foster Campbell ដែល​ជា​និយ័តករ​ផ្នែក​អគ្គិសនី និង​ទឹក មកពី​រដ្ឋ Louisiana ដែរ​នោះ។

ជ័យជម្នះ​របស់​លោក Kennedy កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​អាសនៈ​ព្រឹទ្ធសភា​ចុង​ក្រោយ ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​ទទួល​បាន​កៅអី​ចំនួន ៥២ ទល់​នឹង​កៅអី​ចំនួន ៤៨ របស់​គណបក្ស​ប្រជាធិបតេយ្យ សម្រាប់​អាណត្តិ​ថ្មី​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​មករា ឆ្នាំ ២០១៧ ខាង​មុខ​នេះ។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Donald Trump បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​រើស​សមាជិក​ព្រឹទ្ធសភា​នេះ​នៅ​ថ្ងៃ​សុក្រ ដើម្បី​គាំទ្រ​លោក John Kennedy ដែល​ជា​អ្នក​ទទួល​បាន​ការ​អប់រំ​មក​ពី​សាកលវិទ្យាល័យ Oxford ចក្រភព​អង់គ្លេស។

លោក Kennedy បាន​ព្យាយាម ៣ លើក​រួច​មក​ហើយ ដើម្បី​បាន​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា ដោយ​លើក​ដំបូង លោក​គឺ​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ហើយ ២ លើក​ចុង​ក្រោយ​នេះ លោក​គឺ​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ។

លោក​គឺ​ជា ​អ្នក​ប្រឆាំង​ចំពោះ​ច្បាប់​ធានា​រ៉ាប់រង​សុខភាព Affordable Care Act ដែល​ជា​ស្គាល់​ជា​ទូទៅ​ថា Obamacare។ លោក​ក៏​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​មួយ​រូប​ផង​ដែរ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី ២ របស់​សហរដ្ឋ​អាមេរិក ទាក់ទិន​នឹង​សិទ្ធិ​កាន់កាប់​អាវុធ ហើយ​លោក​ក៏​ជា​អ្នក​តស៊ូ​មតិ​មួយ​រូប​ផង​ដែរ ដែល​ប្រឆាំង​ចំពោះ​ការ​រំលូត​កូន។

នៅ​ពេល​ដែល​លោក Donald Trump ស្បថ​ចូល​កាន់​តំណែង គណបក្ស​សាធារណរដ្ឋ​នឹង​គ្រប់គ្រង​អំណាច​ទាំង​ពីរ​របស់​ប្រទេស គឺ​អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​នីតិ​បញ្ញត្តិ។ លោក Trump ក៏​នឹង​ក្លាយ​ជា​អ្នក ដែល​តែងតាំង​បេក្ខជន​សម្រាប់​តំណែង​ជា​ចៅក្រម​នៃ​តុលាការ​កំពូល​ផង​ដែរ៕