រដ្ឋាភិបាលក្រុងហុងកុង បានសម្រេចព្យួរសេចក្ដីព្រាងច្បាប់ស្ដីពីបត្យាប័ន ដែលបានបង្កឱ្យមានមហាបាតុកម្មប្រឆាំងនឹងច្បាប់នេះ។
នាយកប្រតិបត្តិក្រុងហុងកុងគឺអ្នកស្រី ឃែរី លែម (Carrie Lam) បានមានប្រសាសន៍ នៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាល នឹងមិនចាត់វិធានការលើសេចក្ដីព្រាងច្បាប់នេះទេ រហូតទាល់តែខ្លួនបានពិភាក្សាជាមួយភាគីផ្សេងៗសិន។
សេចក្ដីព្រាងច្បាប់ស្ដីពីបត្យាប័ននេះ នឹងអនុញ្ញាតឱ្យមានការបញ្ជូនជនសង្ស័យដែលជាឧក្រិដ្ឋជន ទៅឱ្យប្រទេសចិនដីគោក ដើម្បីកាត់ទោស។ ការណ៍នេះ បានញ៉ាំងឱ្យមានផ្អើលឆោឡោពីសំណាក់ក្រុមហ៊ុនអន្តរជាតិ សហគមន៍អ្នកច្បាប់និងគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយសារតែប្រទេសចិន មានប្រព័ន្ធច្បាប់ខុសគ្នាយ៉ាងខ្លាំងពីទីក្រុងហុងកុង។
បាតុកររាប់សែននាក់ បានតវ៉ានៅតាមដងផ្លូវនានាកាលពីថ្ងៃពុធ នៅពេលដែលសភាហុងកុង គ្រោងពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីបត្យាប័ននេះ។
បាតុកម្មកាលពីថ្ងៃពុធ ដែលបានបណ្ដាលឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សាជាមួយប៉ូលិស មានលក្ខណៈស្រដៀងគ្នានឹងការតវ៉ាដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ ដោយបាតុកម្មលើកនេះ ពោរពេញដោយកំហឹងនិងការប្ដេជ្ញាចិត្តកាន់តែខ្លាំងជាងមុន។
សំណើកែប្រែច្បាប់របស់ក្រុងហុងកុងនេះ បានទាក់ទាញការរិះគន់ពីសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ៕