មហា​គណៈវិនិច្ឆ័យ​​ស.រ.អា.​អនុម័តការ​ចោទ​ប្រកាន់​ដំបូង​​ក្នុងការ​ស៊ើប​អង្កេត​រុស្ស៊ី​​

រូបភាព​ឯកសារ៖ មេធាវីពិសេសលោក Robert Mueller (ស្តាំ) ចាកចេញ​បន្ទាប់​ពី​បាន​សង្ខេប​ជាមួយ​សមាជិក​សភា​សហរដ្ឋអាមេរិក​អំពី​ការ​ស៊ើបអង្កេត​របស់​លោក​ក្នុង​ឃុបឃិត​រវាង​រុស្ស៊ី​និង​យុទ្ធនាការ​បោះ​ឆ្នោត​របស់​ដូណាល់​ ត្រាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២១ មិថុនា ២០១៧។

មហា​គណៈវិនិច្ឆ័យ​សហព័ន្ធ​ស.រ.អា.មួយ​បាន​យល់ព្រម​ដល់ការ​ចោទ​ប្រកាន់​ដំបូងៗ​នៅ​ក្នុងការ​ស៊ើបអង្កេតមួយ​អំពី​ឥទ្ធិពល​រុស្ស៊ី​លើ​ការ​បោះឆ្នោត​ស.រ.អា. ដែល​ជា​ការ​ស៊ើបអង្កេត​មួយ​ដឹកនាំ​ដោយ​លោក Robert Mueller ស្មាក្តី​ពិសេស។

របាយការណ៍​នៃ​ប​ណ្តាញ​ផ្សាយ​ព័ត៌មានអំពី​ការ​ដាក់ពាក្យ​បណ្តឹង​មាន​បោះ​ត្រា​មានធ្វើឡើងកាល​ពី​យប់ថ្ងៃ​សុក្រ។​

បណ្តាញ​ទូរទស្សន៍​ CNN ជា​បណ្តាញ​ផ្សាយ​ព័ត៌មានមុន​គេ​ដែល​បាន​រាយការណ៍​អំពី​សកម្មភាព​នេះរបស់​មហា​គណៈវិនិច្ឆ័យនេះ។​ បណ្តាញ​ទូរទស្សន៍​នេះ​បាន​ដក​ស្រង់​ពាក្យ​សម្តី​ប្រភព​ដែល​បាន​និយាយ​ថា​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​អាច​ត្រូវ​ជាប់​ឃុំឃាំង​នៅ​ថ្ងៃ​ចន្ទ។ ​គេ​ដឹង​មិន​ច្បាស់លាស់​ទេ​អំពី​ការ​ចោទ​ប្រកាន់​ពិត​ប្រាកដ។​

អ្នកនាំ​ពាក្យ​ម្នាក់​របស់​ការិយាល័យ​លោក Mueller បានប្រកែក​មិនព្រមធ្វើ​អត្ថាធិប្បាយ​តាម​សំណើ​សុំ​របស់​ CNN ទេ។​

CNN បាន​និយាយ​ថា​គេ​បានឃើញ​ពួក​មេធាវី​ធ្វើការ​ក្នុង​ក្រុម​លោក Mueller ចូល​ទៅ​ក្នុង​សាល​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋធានី​ Washington, D.C.​ កាលពី​ថ្ងៃ​សុក្រ​ដែល​នៅ​ទីនោះ​មហាគណៈវិនិច្ឆ័យ​ប្រជុំ​គ្នា​ដើម្បី​ស្តាប់សក្ខីកម្ម។

លោក Mueller មិន​បានមាន​ប្រសាសន៍​អ្វីសោះ​អំពី​ព័ត៌មានស្តី​ពី​ការ​ស៊ើប​អង្កេត​នេះ។

លោក Mueller បានត្រូវ​តែងតាំង​ជា​ស្មាក្តី​ពិសេស​កាល​ពី​ខែឧសភា ក្នុង​រយៈពេល​ខ្លី​ក្រោយពី​ការ​ដកលោក James Comey ចេញ​ពី​តំណែង​នាយក

ការិយាល័យ FBI ដើម្បី​ពនិត្យ​មើល​ការចោទ​ប្រកាន់​ថាពួក​អ្នកឃោសនា​បោះ​ឆ្នោត​ឱ្យ Trump ប្រហែល​បាន​ឃុបឃិត​ជាមួយ​ប្រទេស​រុស្ស៊ី​ដើម្បី​ឱ្យបាន​ជាប់ឆ្នោត។ ​លោកក៏​ពិនិត្យ​មើលដែរ​អំពី​លទ្ធភាព​ដែល​ថា​ប្រធានាធិបតី​ Trump ប្រហែល​បានជ្រៀតជ្រែក​ក្នុង​ការ​ស៊ើបអង្កេត​អំពី​ឥទ្ធិពល​រុស្ស៊ី។