ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​ការពារ​ការ​រឹប​អូស​យក​ស្ថាន​កុងស៊ុល​រុស្ស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក


លោក Danila Galperovich នៃ​ VOA ផ្សាយ​ជា​ភាសា​រុស្ស៊ី​ធ្វើ​ការ​សម្ភាសន៍​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក John Tefft។
លោក Danila Galperovich នៃ​ VOA ផ្សាយ​ជា​ភាសា​រុស្ស៊ី​ធ្វើ​ការ​សម្ភាសន៍​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក John Tefft។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក John Tefft ដែល​ជិត​អស់​អាណត្តិ បាន​ការពារ​ការ​បណ្ដេញ​មន្ត្រី​ការទូត​រុស្ស៊ី​ចេញ​ពី​អាគារ​កុងស៊ុល​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​រឹប​អូស​យក​មក​វិញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​បទ​សម្ភាសន៍​រួម​គ្នា​មួយ​ជាមួយ​នឹង VOA ភាសា​រុស្ស៊ី និង​វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា​កន្លង​ទៅ​នេះ លោក John Tefft បាន​បដិសេធ​សេចក្ដី​រាយការណ៍​នានា​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ដែល​ថា ការ​រឹបអូស​យក​មក​វិញ​នូវ​ស្ថាន​កុងស៊ុល​រុស្ស៊ី​ក្នុង​ទីក្រុង San Francisco ទីក្រុង New York និង​រដ្ឋធានី​វ៉ាស៊ីនតោន ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​របៀប​មួយ​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ហៅ​ថា «មាន​លក្ខណៈ​កម្រោល និង​មិន​ដែល​មាន​ពី​មុន​មក‍»។

លោក Vladimir Putin បាន​ចោទ​ប្រកាន់​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ថា​បាន​គំរាម​កំហែង​ដើម្បី «បំបែក​ទ្វារ​ច្រក​ចូល» នៃ​ស្ថាន​កុងស៊ុល​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង San Francisco បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​កំណត់​យក​ថ្ងៃ​ទី ២ ខែ​កញ្ញា ថា​ជា​កាល​បរិច្ឆេទ​ផុត​កំណត់​សម្រាប់​មន្ត្រី​ការទូត​រុស្ស៊ី​ក្នុង​ការ​ចាកចេញ​ឲ្យ​អស់​ពី​ស្ថាន​កុងស៊ុល​នោះ។

លោក John Tefft បាន​និយាយ​ថា៖ «គ្មាន​នរណា​ម្នាក់​វាយ​បំបែក​ទ្វារ​នៃ​ស្ថាន​កុងស៊ុល​នោះ​ទេ។ គ្មាន​នរណា​ម្នាក់​ដាក់​សម្ពាធ​ដែល​គ្មាន​កាល​បរិច្ឆេទ​កំណត់​ដល់​មន្ត្រី​ស្ថានទូត​នោះ​ទេ។ កិច្ចការ​ទាំង​អស់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រយ័ត្នប្រយែង​ជា​ទី​បំផុត និង​ស្រប​ទៅ​តាម​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ»។

ថ្លែង​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា កន្លង​ទៅ​នេះ លោក Vladimir Putin បាន​និយាយ​ថា៖ «យើង​រង់ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​ប្រព័ន្ធ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ដែល​គេ​សរសើរ​គ្រប់​គ្នា​នោះ អាច​ដំណើរការ​បាន​ល្អ​ប៉ុណ្ណា​ក្នុង​ស្ថានការណ៍​ជាក់ស្ដែង»។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា កន្លង​ទៅ​នេះ​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ចាប់ផ្ដើម​នីតិវិធី​ផ្លូវ​ច្បាប់​សម្រាប់​អ្វី​ដែល​ជា «ការ​រំលោភ​ទៅ​លើ​ច្បាប់​អន្តរជាតិ‍»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​កាត់​បន្ថយ​ចំនួន​ស្ថាន​កុងស៊ុល​រុស្ស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ខែ​នេះ បន្ទាប់ពី​រដ្ឋាភិបាល​រុស្ស៊ី​បាន​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ការទូត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ឲ្យ​មក​នៅ​ត្រឹម ៤៥៥ នាក់។

រដ្ឋាភិបាល​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ដាក់​ការ​ទាមទារ​បែប​នេះ​ដើម្បី​ជា​វិធានការ​ប្រឆាំង​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា រុស្ស៊ី​បាន​ចូល​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន និង​ដើម្បី​ឲ្យ​មាន «ភាព​ស្មើ​គ្នា‍» ជាមួយ​នឹង​កម្រិត​នៃ​វត្តមាន​ការទូត​របស់​រុស្ស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ការណ៍​ដែល​លោក Donald Trump បិទ​ស្ថាន​កុងស៊ុល​រុស្ស៊ី និង​អាគារ​កុងស៊ុល​បន្ថែម​ពីរ​ទៀត​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​អាគារ​ការទូត​រុស្ស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ស្មើ​នឹង​ចំនួន​អាគារ​ការទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោក John Tefft បាន​កត់​សម្គាល់​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ប្រើប្រាស់​ភាព​ស្មើ​គ្នា​ដើម្បី​ដក​ការ​ព្រមព្រៀង​របស់​ខ្លួន​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​មាន​ស្ថាន​កុងស៊ុល​នៅ​ក្នុង​ទីក្រុង San Francisco នោះ នោះ​ភាគី​នីមួយៗ​នឹង​សប្បាយ​ចិត្ត។ តើ​អ្នក​ដឹង​ទេ​ថា ភាព​ស្មើ​គ្នា គឺ​ជា​ភាព​ស្មើ​គ្នា‍»។

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​លើក​ឡើង​មិន​ច្បាស់លាស់ ដោយ​ចង់​មាន​ន័យ​ថា សហរដ្ឋ​អាមេរិក​បាន​ស្ម័គ្រ​ចិត្ត​ដក​បុគ្គលិក​ការទូត​របស់​ខ្លួន​ចេញ​ដោយ​ខ្លួន​ឯង ដែល​នេះ​ជា​អ្វី​ដែល​លោក John Tefft បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក John Tefft បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ថា ការ​លើក​ឡើង​ដែល​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន «បាន​ចរចា ឬ​ក៏​បាន​យល់ព្រម​ចំពោះ​គំនិត​នៃ​ការ​កាត់​បន្ថយ​បុគ្គលិក​ការទូត​របស់​សហរដ្ឋ​អាមេរិក​នោះ‍» ជា​ការ​មិន​ត្រឹមត្រូវ​ទេ។

លោក John Tefft បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​ប្រាប់​ឲ្យ​កាត់​បន្ថយ​បុគ្គលិក​ការទូត​របស់​ខ្លួន។ នោះ​មិន​មែន​ជា​អ្វី​ដែល​ត្រូវ​បាន​ចរចា​នោះ​ទេ‍»។

មន្ត្រី​ការទូត​រុស្ស៊ី​បាន​បញ្ជាក់​ថា ពួកគេ​កំពុង​ពិចារណា​ថា​តើ​ត្រូវ​ឆ្លើយតប​យ៉ាង​ណា​ចំពោះ​ការ​កាត់​បន្ថយ​ចំនួន​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ។

ទោះបីជា​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការ​ដាំ​ក្បាល​ចុះ​ក៏​ដោយ ក៏​លោក John Tefft បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ចូលរួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទ្វីប​អាស៊ី និង​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​បស្ចិម​ប្រទេស​នានា​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​ឲ្យ​ប្រទេស​នេះ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​រូប​នេះ បាន​បន្ថែម​ថា កន្លង​មក មាន​ការ​ពិភាក្សា​ជា​ប្រចាំ​រវាង​អ្នក​ជំនាញ​អាមេរិកាំង និង​អ្នក​ជំនាញ​រុស្ស៊ី អំពី​បញ្ហា​កូរ៉េ​ខាង​ជើង។ លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា នឹង​មាន​ការ​ពិភាក្សា​ជា​ច្រើន​ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

លោក John Tefft គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​តំណែង​របស់​លោក​នឹង​ត្រូវ​ជំនួស​ដោយ​លោក Jon Huntsman អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ចិន ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​លោក​ប្រធានាធិបតី Donald Trump៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG