របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ បានបង្ហាញថា ទស្សនវិស័យសេដ្ឋកិច្ច ទីផ្សារការងារ ហើយអត្រាអតិផរណារបស់សហរដ្ឋអាមេរិក មានភាពប្រសើរឡើង ខណៈដែលប្រាក់ដែលឡើងថ្លៃ កំពុងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់អាមេរិក។
ក្រុមអ្នកស្រាវជ្រាវនៅ Conference Board បាននិយាយថា ការកើនឡើងនូវផ្នែកសាងសង់គឺជាមូលហេតុដ៏សំខាន់មួយដែលធ្វើឲ្យទស្សនវិស័យនៃការរីកចម្រើននោះ មានភាពប្រសើរឡើង។
កាលពីដំបូង ក្រុមអ្នកជំនាញពីក្រសួងការងារបាននិយាយថា ចំនួនមនុស្សដែលចុះឈ្មោះសុំប្រាក់គ្មានការងារធ្វើ បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល១៥ឆ្នាំ។ ជនជាតិអាមេរិកាំងតិចជាង២ម៉ឺននាក់ បានសុំប្រាក់ជំនួយដោយធ្វើឲ្យចំនួនមនុស្សសរុបទូទាំងប្រទេសមាន២សែន៦ម៉ឺន៧ពាន់នាក់។
លោក Gus Faucher សេដ្ឋវិទូធនាគារ PNC និយាយថា អត្រាទាបនៃការបញ្ឈប់មនុស្សពីការងារគឺជាភស្តុតាងនៃទីផ្សារការងារខ្លាំង។ លោកនិយាយទៀតថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបង្កើតការងារលើសពីសេចក្តីត្រូវការរបស់កម្លាំងកាងារថ្មីចូលក្នុងវិស័យការងារ។
សេចក្តីរាយការណ៍ដាច់ដោយឡែកស្តីពីអតិផរណាបង្ហាញថា តម្លៃទំនិញបានឡើង៤ភាគ១០នៃមួយភាគរយនៅក្នុងខែឧសភា នៅពេលដែលតម្លៃប្រេងបានចាប់ផ្តើមឡើងបន្ទាប់ពីការចុះថ្លៃអស់រយៈពេលជាច្រើនខែមក។ តម្លៃម្ហូបអាហារ និងថាមពល ក៏បានឡើង១.៧ភាគរយដែរ៕