ប៉ូលិសចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន (៩ កញ្ញា) ថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ដែលមានអាយុខ្ទង់២០ឆ្នាំប្លាយពីបទចារកម្ម។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Sunday Times។ ជននោះជាអ្នកស្រាវជ្រាវម្នាក់នៅសភារបស់ចក្រភពអង់គ្លេសដែលត្រូវបានគេសង្ស័យថា ធ្វើការឱ្យប្រទេសចិន។
ស្ថាប័នប៉ូលិស Metropolitan របស់តំបន់រាជធានីឡុងដ៍បាននិយាយថា៖ «ពួកមន្ត្រីមកពីសេវាកម្មប៉ូលិសក្រុង (Metropolitan Police Service) បានចាប់ខ្លួនបុរស២នាក់កាលពីថ្ងៃទី១៣ ខែមីនា ពីបទសង្ស័យបទល្មើសនៅក្រោមមាត្រា១នៃច្បាប់ការណ៍សម្ងាត់ផ្លូវការ ឆ្នាំ១៩១១»។
ប៉ូលិស Metropolitan បាននិយាយទៀតថា៖ «បុរសដែលមានអាយុខ្ទង់៣០ឆ្នាំប្លាយនោះបានត្រូវចាប់ ខ្លួននៅឯអាស័យដ្ឋានក្នុងស្រុក Oxfordshireហើយបុរសម្នាក់ទៀតដែលមានអាយុខ្ទង់២០ឆ្នាំប្លាយបានត្រូវចាប់ខ្លួននៅឯអាស័យដ្ឋានក្នុងទីក្រុង Edinburgh (នៅស្កុតលែនដ៍)»។
កាសែត The Sunday Times បានរាយការណ៍ថា ជនសង្ស័យម្នាក់ដែលមានអាយុខ្ទង់២០ឆ្នាំប្លាយបានទាក់ទងជាមួយពួកសមាជិករដ្ឋសភាមកពីគណបក្សអភិរក្សនិយមដែលជាគណបក្សកាន់អំណាច ខណៈដែលធ្វើការជាអ្នកស្រាវជ្រាវរបស់សភា។ ពួកដែលជនសង្ស័យនោះបានទាក់ទងរួមមានរដ្ឋមន្ត្រីក្រសួងសន្តិសុខលោក Tom Tugendhat និងលោកស្រី Alicia Kearns ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាផង។
កាសែតនោះបានបន្ថែមទៀតថា ជនសង្ស័យនោះជាពលរដ្ឋចក្រភពអង់គ្លេសដែលបានធ្វើការលើគោលនយោបាយអន្តរជាតិ រួមមានទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ហើយកាលពីពេលមុនធ្លាប់បានធ្វើការនៅក្នុងប្រទេសចិន។
ប្រសិនបើរកឃើញមានភ័ស្តុតាងពិត វានឹងក្លាយជាការប្រព្រឹត្តបទល្មើសសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតមួយទាក់ទិននឹងរដ្ឋអរិភាពនៅឯសភារបស់ចក្រភពអង់គ្លេស។
សេវាកម្មស៊ើបការណ៍សម្ងាត់ក្នុងស្រុក MI5 របស់អង់គ្លេស កាលពីឆ្នាំទៅបានព្រមានថា ភ្នាក់ងារស្រ្តីម្នាក់របស់រដ្ឋាភិបាលចិនដែលគេហៅថា Christine Lee បាន«ទាក់ទងក្នុងសកម្មភាពជ្រៀតជ្រែកនយោបាយក្នុងនាមគណបក្សកុម្មុយនីស្តចិន ដោយបានទាក់ទងជាមួយពួកសមាជិករដ្ឋសភានៅឯសភា»។
កាលពីខែកក្កដា គណៈកម្មាធិការស៊ើបការណ៍សម្ងាត់និងសន្តិសុខរដ្ឋសភាបានអះអាងថា ចិនបានដៅលើចក្រភពអង់គ្លេស«ខាងនយោបាយនិងដោយគឃ្លើន» ហើយថា រដ្ឋាភិបាលមិនមាន«ធនធាន ជំនាញ ឬចំណេះដឹង» ដើម្បីទប់ទល់នឹងបញ្ហានេះទេ។
លោកTugendhat ត្រូវបានគេរាយការណ៍ថា មានការទាក់ទងមានកម្រិតតែប៉ុណ្ណោះជាមួយជនសង្ស័យនោះ ហើយមិនបានទាក់ទងក្នុងពេលលោកជារដ្ឋមន្ត្រីសន្តិសុខទេ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
របាយការណ៍ថា អ្នកស្រាវជ្រាវនៅសភាចក្រភពអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនពីបទចារកម្មឱ្យចិន
ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស —