ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញសារព័ត៌មានរដ្ឋចិនថា ចិនរកឃើញជនជាតិចិនម្នាក់សង្ស័យជាភ្នាក់ងារចារកម្ម CIA


រូបឯកសារ៖ មន្ត្រីល្បាតម្នាក់និយាយទូរសព្ទនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ មន្ត្រីល្បាតម្នាក់និយាយទូរសព្ទនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨។

ចិន​បាន​រកឃើញ​ជន​សង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​ធ្វើ​ចារកម្ម​ឱ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល​សហរដ្ឋ​អាមេរិក (CIA)។ នេះ​បើ​តាម​ទូរទស្សន៍​របស់​រដ្ឋ​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​ ដែល​បញ្ជាក់​ពី​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា​ជា​ហានិភ័យ​និង​គ្រោះថ្នាក់​នៃ​ពលរដ្ឋ​ចិន ​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ចារបុរស​នៅ​បរទេស។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា ​ជនជាតិ​ចិន​មាន​នាម​ត្រកូល​ថា Zeng ដែល​បាន​ធ្វើការ​ឱ្យ​ក្រុម​ឧស្សាហកម្ម​យោធា​ត្រូវបានគេ​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ភ្នាក់ងារ CIA ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។

Zeng បាន​ត្រូវ​ក្រុម​ឧស្សាហកម្ម​យោធា​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ីតាលី ​ដើម្បី​បន្ត​ការសិក្សា​និង​បាន​ស្គាល់ភ្នាក់ងារ CIA។

ទូរទស្សន៍​នោះ​បាន​រាយការណ៍​ថា ​តាមរយៈ​ពិធីជប់លៀងអាហារ​ពេល​ល្ងាច ដោយ​ធ្វើដំណើរ​ទៅ​មើល​ល្ខោន opera ​ជនទាំង​ពីរ​នាក់​នេះ​បាន​បង្កើត​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ ​ដោយ Zeng ​បាន​ក្លាយ​ជា​ភ្នាក់ងារ ​CIA។

បន្ទាប់ពី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការកែប្រែ​ជំហរ​នយោបាយ​របស់​ Zeng មក ​ភ្នាក់ងារ ​CIA​ បាន ស្វះស្វែងរកព័ត៌មាន​រសើប​អំពី​យោធារបស់​ចិន​មកពី​ Zeng។ នេះ​បើ​តាម​របាយការណ៍​របស់​ទូរទស្សន៍​ CCTV។ ​ទូរទស្សន៍​នោះ​មិន​បាន​និយាយ​ថា​ នៅពេល​ណា​រឿង​នោះ​បាន​កើត​មាន​ឡើង​ទេ។

របាយការណ៍​នោះ​មិន​បាន​បញ្ជាក់​ពី​ភេទ​របស់ Zeng ​ទេ​ ក៏​ប៉ុន្តែ​បាន​និយាយ​ថា ​ជន​នោះ​ បាន​កើត​នៅ​ក្នុង​ឆ្នាំ ១៩៧១។

ភ្នាក់ងារ​ដែល​រងការចោទ​ប្រកាន់​ជា CIA​ នោះ​មាន​ឈ្មោះ​ថា «Seth»។ នេះ​បើ​តាម​របាយការណ៍​នោះ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ដល់​សំណើ​សុំ​អត្ថាធិប្បាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters ​ទេ៕

XS
SM
MD
LG