ពួកមន្រ្តីសេតវិមានកំពុងធ្វើផែនការសម្រាប់លទ្ធភាពនៃសន្និសីទកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី Vladimir Putin នេះតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal។
សេចក្តីរាយការណ៍នោះបានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់រដ្ឋបាលមកចុះផ្សាយថា លោក Jon Huntsman ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី ដែលបានស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីជួយរៀបចំជំនួបនេះ។
មន្រ្តីរូបនោះបាននិយាយថា៖ «នេះជាគម្រោងការដែលកំពុងធ្វើរបស់លោកឯកអគ្គរដ្ឋទូត Huntsman អស់រយៈពេលជាច្រើនខែមកហើយដើម្បីធ្វើឲ្យមានជំនួបផ្លូវការរវាងលោក Putin និងប្រធានាធិបតីត្រាំ»។
មនុស្សដែលបានដឹងផែនការនោះដែរបាននិយាយថា គោលបំណងនៃសន្និសីទកំពូលនោះនឹងដោះស្រាយការខ្វែងគំនិតគ្នាជាយូរយាមកហើយរវាងប្រទេសទាំង២។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានសន្និដ្ឋានថា រុស្ស៊ីបានជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០១៦ ដោយមានគោលបំណងឲ្យលោកឈ្នះការបោះឆ្នោតប្រធានាធិបតីនោះ។ ការរកឃើញទាំងនោះបាននាំឲ្យមានការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាពិសេស ថាតើយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីមានការឃុបឃិតជាមួយរុស្ស៊ីដែរឬទេ។ ប្រធានាធិបតីត្រាំបានច្រានចោលពីការឃុបឃិតណាមួយជាមួយរុស្ស៊ី។
សហរដ្ឋអាមេរិកក៏បានបរិហាសម្ព័ន្ធភាពរបស់រុស្ស៊ីជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad ហើយបានសម្តែងនូវការជំទាស់ប្រឆាំងដល់អន្តរាគមន៍ខាងយោធារបស់រដ្ឋាភិបាលក្រុងមូស្គូនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនដែរ៕