ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង និង​អ្នក​តវ៉ា​រាប់​រយ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី


យុទ្ធជននៃ​ចលនា​សេរី​ជាតិ​ប៉ះទង្គិច​ជាមួយ​បាតុករ​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ Vladimir Putin ក្នុង​ទីក្រុង​មូស្គូ​ប្រទេស​រុស្ស៊ីកាលពី​ថ្ងៃទី​០៥ ឧសភា ឆ្នាំ​២០១៨។
យុទ្ធជននៃ​ចលនា​សេរី​ជាតិ​ប៉ះទង្គិច​ជាមួយ​បាតុករ​អំឡុង​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ Vladimir Putin ក្នុង​ទីក្រុង​មូស្គូ​ប្រទេស​រុស្ស៊ីកាលពី​ថ្ងៃទី​០៥ ឧសភា ឆ្នាំ​២០១៨។

លោក Alexei Navalny ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ល្បី​ឈ្មោះ​បំផុត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​អ្នក​គាំទ្រ​របស់​លោក​រាប់​រយ​នាក់​ទៀត ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ចំ​ពេល​ដែល​មាន​ការ​តវ៉ា​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​មូស្គូ និង​ទីក្រុង​ចំនួន ៩០ ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក Vladimir Putin សម្រាប់​អាណត្តិ​ទី ៤ ជា​ប្រធានាធិបតី​របស់​លោក។

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​លោក Navalny បាន​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​តវ៉ា​នៅ​កណ្ដាល​ទីក្រុង​មូស្គូ លោក និង​គូកន​របស់​លោក​ម្នាក់​ទៀត​ឈ្មោះ Nikolai Lyaskin ត្រូវ​គេ​ចាប់​ខ្លួន។

អង្គការ​ឯករាជ្យ OVD-Info បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ប្រហែល ១ ពាន់ ៣ រយ​នាក់ ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន​នៅ​ទូទាំង​ប្រទេស ដោយ​ប៉ូលិស​អះអាង​ថា ការ​តវ៉ា​ទាំង​នេះ​គឺ​ជា​ការ​តវ៉ា «មិន​មាន​ការ​អនុញ្ញាត» នោះ​ទេ។ អង្គការ​នេះ​បាន​បញ្ជាក់​ថា អ្នក​តវ៉ា​ប្រហែល​ពាក់​កណ្ដាល​នៃ​ចំនួន​ខាង​លើ​នេះ​គឺ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​មូស្គូ។

សកម្មជន​ប្រឆាំង​អ្នកស្រី Svetlana Safronova ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ក្នុង​ទីក្រុង​មូស្គូ បាន​ទទូច​ថា នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Putin ប្រទេស​រុស្ស៊ី​បាន​ក្លាយជា​ប្រទេស​ផ្ដាច់ការ។ អ្នកស្រី​បញ្ជាក់​ថា៖ «អ្វី​ល្អៗ​ដែល​ចែង​នៅ​ក្នុង​ច្បាប់ ពួកគេ​មិន​យក​ចិត្ត​ទុកដាក់​នោះ​ទេ ហើយ​ថែម​ទាំង​ធ្វើ​ខុស​ច្បាប់​ទាំង​នោះ​ទៀត​ផង។ ពួកគេ​គឺ​ជា​ឧក្រិដ្ឋជន»។

ប៉ុន្តែ ក្នុង​នោះ​ក៏​មាន​ចលនា​យុវជន​ជាតិ​និយម​មួយ​ក្រុម​បាន​រៀបចំ​បាតុកម្ម​ប្រឆាំង​តប​នឹង​ការ​តវ៉ា​នេះ​វិញ​នៅ​ក្នុង​ទីក្រុង​មូស្គូ ដោយ​ក្រុម​នេះ​បាន​ព្យាយាម​រារាំង​អ្នក​គាំទ្រ​របស់​លោក Navalny មិន​ឲ្យ​ចូល​ទៅ​កាន់​ទីលាន Pushkinskaya។

លោក Maksim Slavin អ្នក​នាំ​ពាក្យ​នៃ​ចលនា​សេរីភាព​ជាតិ ដែល​ជា​ចលនា​គាំទ្រ​ផ្កាប់​មុខ​ចំពោះ​លោក Putin បាន​និយាយ​ថា សមាជិក​ចលនា​នេះ​បាន​ធ្វើ​ការ​តវ៉ា​តបត​វិញ​គឺ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​គាំទ្រ​លោក Putin គឺ​ជា​អ្នក​តំណាង​ឲ្យ​សំឡេង​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ៕

XS
SM
MD
LG