អង្គការឃ្លាំមើលការប្រឆាំងអំពើពុករលួយមួយក្នុងប្រទេសអាហ្វហ្គានីស្ថានបានរាយការណ៍នៅដើមខែកុម្ភៈនេះថា ការរត់ពន្ធរ៉ែរបស់ប្រទេសអាហ្វហ្គានីស្ថានបានផ្តល់ប្រាក់រាប់លានដុល្លារដល់ក្រុមប្រដាប់អាវុធ ក្រុមបះបោរ និងក្រុមអ្នកមានអំណាចនៅក្នុងប្រទេសនេះ។
បណ្តាញប្រឆាំងអំពើពុករលួយរបស់អាហ្វហ្គានីស្ថានបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា កាលពីឆ្នាំមុនក្រុមសកម្មប្រយុទ្ធអាហ្វហ្គានីស្ថាន បានទទួលប្រាក់យ៉ាងហោចណាស់ចំនួន៤៦ លានដុល្លារពីអាជីវកម្មរ៉ែ និង ត្បូងមានតម្លៃនាំចេញខុសច្បាប់ ពីតំបន់ភាគខាងកើតនៃខេត្ត Nangarhar ទៅកាន់ប្រទេសប៉ាគីស្ថានដែលនៅជិតខាង។
របាយការណ៍នេះបានឲ្យដឹងថា នៅក្នុងឆ្នាំ2016 មានការរត់ពន្ធ ថ្មម៉ាប និងថ្មគីលឬ (Talc)សរុបចំនួន ៧៥០.០០០តោន ចេញពីតំបន់ជាច្រើន នៃខេត្តដែលកំពុងតែមានភាពចលាចល គឺជាកន្លែងដែលពួកតាលីបង់ និងពួកអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមមាន កំពុងតែមានសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងស្រុកជាច្រើននៃខេត្តទាំងនោះ។
លោក Zaman Khan Amarkhail ប្រធានបណ្តាញប្រឆាំងអំពើពុករលួយបានប្រាប់វិទ្យុសេរីភាពជាភាសាអាហ្វហ្គានីស្ថានថា៖ «ជារៀងរាល់ថ្ងៃ រថយន្តចំនួន៥០០គ្រឿងដឹកត្បូងពណ៌សឆ្លងកាត់តាមផ្លូវដែលគ្រប់គ្រងដោយរដ្ឋាភិបាល ចូលទៅក្នុងប្រទេសប៉ាគីស្ថានដែលត្បូងទាំងនោះត្រូវបានគេដឹកតាមកាប៉ាល់នាំចេញទៅកាន់ប្រទេសនៅអឺរ៉ុប។ រថយន្តនីមួយៗដឹកត្បូងទម្ងន់ប្រហែល៤៥តោន»។ថ្មគីលគឺជាប្រភេទរ៉ែម្យ៉ាងដែលមានតម្រូវការច្រើន ហើយត្រូវបានគេយកទៅកែច្នៃជារបស់របរជាច្រើន រួមមានគ្រឿងសម្អាង ប្លាស្ទិច សេរ៉ាមិច និងថ្នាំលាបជាដើម។
ប្រទេសអាហ្វហ្គានីស្ថានជាប្រទេសមានប្រភពធនធានរ៉ែដ៏សម្បូរជាងគេបំផុតនៅលើពិភពលោក រួមមានស្ពាន់លំដាប់ពិភពលោក រ៉ែដែក ត្បូង និងលោហៈធាតុមានតម្លៃផ្សេងៗទៀតជាច្រើន។
ក្រុមអ្នកឃ្លាំមើលនិយាយថា ក្រុមឧទ្ទាម និងក្រុមអ្នកមានអំណាចក្នុងស្រុកបានកាន់កាប់ប្រតិបត្តិការរុករករ៉ែនៅក្នុងតំបន់ជាច្រើន ហើយបានដកហូតយកពន្ធលើរ៉ែដែលត្រូវបានរត់ពន្ធចេញពីប្រទេសនេះ។
ឧត្តមសេនីយិ៍ស៊ើបការណ៍ពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការស្តារប្រទេសអាហ្គានីស្ថានឡើងវិញ បាននិយាយនៅក្នុងរបាយការណ៍កាលពីឆ្នាំមុនថា៖ «អាជីវកម្មសិប្បកម្មរ៉ែទ្រង់ទ្រាយតូចខុសច្បាប់ និងមិនបានចុះបញ្ជីជាច្រើន នៅតែជាប្រភពនៃជម្លោះស៊ីវិល ប្រាក់ចំណូលមិនពិតប្រាកដរបស់រដ្ឋាភិបាល និងជាប្រភពនៃការបាត់បង់ទិន្នផលសេដ្ឋកិច្ច»។
របាយការណ៍ SIGAR នេះបានសរសេរថា៖ «ការជីកយករ៉ែ និងការជួញដូរត្បូងមានតម្លៃ និងរ៉ែផ្សេងៗទៀតដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ និងដោយខុសច្បាប់ បានដើរតួនាទីក្នុងយុទ្ធសាស្ត្ររៃអង្គាសប្រាក់របស់ក្រុមសកម្មប្រយុទ្ធ និងក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំង»។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយថា ការប្រយុទ្ធគ្នារវាងកងកម្លាំងអាហ្វហ្គានីស្ថាន និងក្រុមសកម្មប្រយុទ្ធជាមូលហេតុបណ្តាលឲ្យមានការកើនឡើងនៃការរុករករ៉ែខុសច្បាប់។
លោកស្រី Ghizal Habibyar រដ្ឋមន្ដ្រីស្ដីទីនៃក្រសួងរ៉ែ និងប្រេងកាតបាននិយាយថា៖ «ដោយសារតែជម្លោះ និងបញ្ហាអសន្ដិសុខ យើងមិនទាន់អាចការពារធនធានរ៉ែបានទេ ហើយការទាញយករ៉ែខុសច្បាប់ និងការរត់ពន្ធនៅតែបន្តកើតឡើង»។
ក្រុមអ្នកវិភាគនិយាយថា ការរត់ពន្ធរ៉ែធ្វើឡើងតាមរយៈបណ្តាញដ៏រឹងមាំរបស់ពួកសកម្មប្រយុទ្ធ ក្រុមម៉ាហ្វីយ៉ាក្នុងតំបន់ ក្រុមមន្ត្រីស៊ីវិល និងមន្រ្តីយោធាមួយចំនួននៅក្នុងប្រទេសនេះ។
លោក Haroon Rashid Sherzad សកម្មជនសង្គមស៊ីវិលមានមូលដ្ឋាននៅទីក្រុងកាប៊ុល និងជាអតីតអនុរដ្ឋមន្រ្តីប្រឆាំងគ្រឿងញៀនបានប្រាប់ VOA ថា៖ «បណ្តាញរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ រួមមានក្រុមអ្នកប្រយុទ្ធនៅតំបន់អាស៊ីកណ្តាលមួយចំនួនដែលមានទំនាក់ទំនងជាមួយនឹងក្រុមអាល់កៃដា ក្រុមអ្នកមានអំណាចក្នុងស្រុក និងក្រុមមន្ត្រីរដ្ឋាភិបាលពុករលួយដែលមានជាប់ពាក់ព័ន្ធនៅក្នុងអាជីវកម្មខុសច្បាប់នេះ»។
លោក Sherzad បាននិយាយថា៖ «វាគឺជាអាជីវកម្មមួយដ៏ធំរបស់ភាគីពាក់ព័ន្ធទាំងឡាយ ដែលអាជីវកម្មទាំងនោះកំពុងតែរីករាលដាលយ៉ាងខ្លាំងនៅក្រោមការឃ្លាំមើលរបស់រដ្ឋាភិបាលដែលទន់ខ្សោយ»។
មន្ត្រីក្រសួងធនធានរ៉ែអាហ្វហ្គានីស្ថាននិយាយថា រដ្ឋាភិបាលបានហាមឃាត់មិនឲ្យមានការនាំរ៉ែចេញទៅកាន់ប្រទេសប៉ាគីស្ថាន និងលើកទឹកចិត្តដល់អាជីវករក្នុងស្រុកឲ្យវិនិយោគនៅក្នុងវិស័យរ៉ែនេះ និងនាំចេញដោយស្របច្បាប់នូវសម្ភារៈដែលកែច្នៃរួចទៅកាន់ប្រទេសក្រៅ។
មន្ត្រីមួយរូបនៃក្រសួងរ៉ែបានប្រាប់ VOA ដោយសុំមិនបញ្ចេញឈ្មោះថា៖ «ប៉ុន្តែការបះបោរដែលកំពុងបន្ត និងអស្ថិរភាពនៅក្នុងខេត្តនេះមិនបានអនុញ្ញាតឲ្យក្រុមអាជីវករអាចបង្កើតរោងចក្របានឡើយ»។
ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានមិនមានកិច្ចព្រមព្រៀងជាផ្លូវការណាមួយលើការនាំចេញសារធាតុរ៉ែទៅកាន់ប៉ាគីស្ថាននោះទេ។
តម្រូវការដែលចេះតែកើនឡើងក្នុងវិស័យឧស្សាហកម្មរបស់ប៉ាគីស្ថាននៅតែបន្តទាក់ទាញយកវត្ថុធាតុដើមចេញពីប្រទេសអាហ្វហ្គានីស្ថាន រួមមានសារធាតុរ៉ែដែលគេហៅថា Chromite កែវចរណៃ ធ្យូងថ្ម និងថ្មម៉ាប។
ក្រុមអ្នកជំនាញបាននិយាយថា អំពើពុករលួយនៅតាមព្រំដែនកំពុងធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថានបាត់បង់ប្រាក់រាប់លានដុល្លារ។ ទោះបីជាការប្រមូលប្រាក់ចំណូលគយបានកើនឡើងក្នុងពេលមួយឆ្នាំកន្លងមកនេះក៏ដោយ បើយោងតាមក្រសួងហិរញ្ញវត្ថុអាហ្វហ្គានីស្ថាន អំពើពុករលួយដែលរាលដាលយ៉ាងខ្លាំងនៅតាមព្រំដែនមានន័យថា រដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនដែលគេមិនអាចដឹងបាន។
លោក Sherzad ថ្លែងថា៖ «ការឃ្លាំមើលនៅតាមព្រំដែនមានភាពទន់ខ្សោយ។ បុគ្គលម្នាក់ដែលមានអាជ្ញាប័ណ្ណនាំចេញត្បូងទម្ងន់ត្រឹម ១០០ តោន នឹងអាចនាំចេញត្បូងបានរហូតដល់ទម្ងន់ ១.០០០តោនឯណោះ។ មន្រ្តីពុករលួយព្រងើយកន្តើយចំពោះការនាំចេញខុសច្បាប់ ហើយផ្ទុយទៅវិញពួកគេផ្ទាល់ក៏ទទួលបានផលប្រយោជន៍ពីការនាំចេញខុសច្បាប់នោះដែរ»។
យោងតាមបណ្តាញប្រឆាំងអំពើពុករលួយ ត្បូងមានតម្លៃកំពុងត្រូវបានជីកយកចេញដោយខុសច្បាប់យ៉ាងហោចណាស់ពីកន្លែងមានរ៉ែចំនួន ២០០០ កន្លែង នៅភាគឦសាននៃខេត្ត Badakhshan។
លោក Zabiullah Wardak សមាជិកមួយរូបនៃក្រុមអ្នកឃ្លាំមើលបាននិយាយថា៖ «កាលពីឆ្នាំមុន ត្បូងមានតម្លៃ ដែលមានតម្លៃប្រហែល ៣០០ លានដុល្លារត្រូវបានគេរត់ពន្ធចេញពីខេត្តនេះទៅកាន់ប្រទេសចិន»។ ខេត្ត Badakhshan ដែលនៅដាច់ស្រយាលតភ្ជាប់ទៅប្រទេសចិនតាមរយៈច្រករបៀង Wahkhan Corridor។
ពួកតាលីបង់ និងក្រុមរដ្ឋឥស្លាមបានបោះទីតាំងសម្រាប់ដកពន្ធខុសច្បាប់មួយចំនួននៅក្នុងតំបន់ដែលពួកគេកាន់កាប់។ លោក Sherzad បាននិយាយថា៖ «ពួកគេកំពុងទទួលលុយដោយការដាក់ពន្ធផ្សេងៗ រាប់ចាប់ពីពន្ធ Ushar (ពន្ធឥស្លាមនៅលើផលិតផលកសិកម្ម) រហូតដល់ទៅពន្ធទីក្រុង និងពន្ធដឹកជញ្ជូន»។ លោកបានបន្ថែមថា មេបញ្ជាការក្រុមតាលីបង់ជាច្រើន កំពុងធ្វើអាជីវកម្មខុសច្បាប់ ក្រៅពីការដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល៕
ប្រែសម្រួលដោយ ផន បុប្ផា