ក្រុមអ្នកសេដ្ឋសាស្ត្រដែលជួយចាត់ចែងកិច្ចការរបស់ក្រុមហ៊ុននៅទូទាំងស.រ.អា.និយាយថា សេដ្ឋកិច្ចប្រទេសអាមេរិកនឹងបន្តលូតលាស់តាមល្បឿនមធ្យម ហើយក្រុមហ៊ុនខ្លះមានការលំបាកក្នុងការស្វែងរកនិងជួលមនុស្សដែលមានការប៉ិនប្រសប់សំខាន់ៗ។
ព័ត៌មាននេះមានឡើងចេញពីការស្ទង់មតិមួយដែលបានត្រូវបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទដោយសមាគមជាតិសម្រាប់សេដ្ឋកិច្ចជំនួញដែលហៅកាត់ថា NABE។
អ្នកសេដ្ឋសាស្ត្រ Ken Simonson ដែលជាសមាជិករបស់សមាគម NABE និយាយថា ៨០ភាគរយនៃពួកអ្នកជំនាញការទាំងនេះរំពឹងថាការលូតលាស់សេដ្ឋកិច្ចនឹងមានបន្តក្នុងចន្លោះរវាង២និង៤ភាគរយនៅក្នុងពីរឬបីត្រីមាសខាងមុខនេះ។ លោកបានថ្លែងថា ទោះណាជាគ្មានសហសេវិកណាម្នាក់របស់លោករំពឹងថាការលូតលាស់នឹងចុះថយក៏ដោយក៏ពួកគេមិនរំពឹងថាការលូតលាស់
សេដ្ឋកិច្ចនឹងមានលើសពី៤ភាគរយទេ។
លោក Simonson ក៏បាននិយាយដែរថា ក្រុមហ៊ុនខ្លះនៅក្នុងឧស្សាហកម្មសាងសង់និងនៅក្នុងវិស័យឯទៀតៗនិយាយថា មានការខ្វះក្រុមអ្នកធ្វើការដែលមានការប៉ិនប្រសប់សំខាន់ៗខ្លះ។ លោកបានថ្លែងថា ក្រុមហ៊ុនទាំងនេះកំពុងចាប់ផ្តើមការប្រើប្រាស់គ្រឿងឧបករណ៍ដែលសម្រាលការងារពួកពលករនិងបង្កើនកម្មវិធីហ្វឹកហ្វឺនផងដែរ៕