សេចក្តីរាយការណ៍ព័ត៌មាននិយាយថា ជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបិទមុខ ដែលបានបង្ហាញខ្លួននៅក្នុងរូបវីឌីអូជាច្រើន ទាក់ទងនឹងការកាត់កចំណាប់ខ្មាំង បានត្រូវគេសម្គាល់អត្តសញ្ញាណជាបណ្តោះអាសន្ន តែប្រភពសន្តិសុខបានព្រមានថា សេចក្តីរាយការណ៍ព័ត៌មានទាំងនោះអាចជាការមិនពិតទេ។
សេចក្តីរាយការណ៍ព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះបានដកស្រង់សម្តីនៃមិត្តរបស់ បុរសឈ្មោះMohammad Emwazi ដោយនិយាយថា ពួកគេជឿថាជនសកម្មប្រយុទ្ធរូបនេះជាបុរសខ្ពស់ស្រឡះ និយាយភាសាអង់គ្លេសដូចអ្នកស្រុកក្រុងឡុងដ៍ ប្រទេស អង់គ្លេស ដែលមានឈ្មោះថា «Jihadi John»។
ប្រភពពីររបស់រដ្ឋាភិបាលស.រ.អាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមអ្នកស៊ើបអង្កេតមានជំនឿថាមនុស្សដែលបិទមុខនោះគឺជា Emwazi មែន។
ក៏ប៉ន្តែ លោក Jamie Dettmer នៃវីអូអេនៅក្រុងរ៉ូម បាននិយាយថា ប្រភពស៊ើបការណ៍សម្ងាត់របស់ អឺរ៉ុប បានប្រកែកមិនព្រមបញ្ជាក់ថា បុរសឈ្មោះ Emwazi ដែលមានឈ្មោះហៅក្រៅជា jihadi John នេះទេ ដោយនិយាយថា រឿងនេះមានភាពស្មុគស្មាញណាស់។
ស្រ្តីអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិស.រ.អានិយាយថា ការសម្លាប់ជនជាតិអាមេរិកាំងនៅកំពុងត្រូវបានស៊ើបអង្កេតជាបន្ត ហើយថាអាជ្ញាធរស.រ.អាកំពុងធ្វើការជិតដិតជាមួយដៃគូអន្តរជាតិ រួមមានប្រទេស អង់គ្លេស ដើម្បីនាំយកឃាតករមកកាត់ទោស។
មន្រ្តីស.រ.អា និងប្រទេសអង់គ្លេសក៏មិនទាន់បានធ្វើអត្ថាធិប្បាយអំពីសេចក្តីរាយការណ៍ព័ត៌មានអំពីអត្តសញ្ញាណរបស់ Jihadi John នៅឡើយទេ៕