អ្នកពាក់ព័ន្ធ​ថា ការឱ្យ​វីអូឌី​ដំណើរការ​ឡើងវិញ​ផ្តល់​ផល​ចំណេញ​ច្រើន​ជាង​ការឱ្យ​ចូល​ក្រប​ខណ្ឌ​រដ្ឋ

រូបឯកសារ៖ ទិដ្ឋភាព​នៅក្នុង​បន្ទប់ផ្សាយ​របស់​វីអូឌី រាជធានីភ្នំពេញ នៅ​ពេល​អ្នកសារព័ត៌មាន​ និង​មន្រ្តី​​សង្គមស៊ីវិលមក​ពិនិត្យមើលនា​ថ្ងៃ​បិទការផ្សាយ។

អ្នក​ពាក់​ព័ន្ធ​លើក​ឡើង​ថា ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​សារ​ព័ត៌មាន​វីអូឌី​ (VOD)​ ឡើង​វិញ​នឹង​ផ្តល់​ផល​ចំណេញ​ច្រើន​ជាង​ការ​ផ្តល់​ការងារ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​ដល់​អតីត​បុគ្គលិក​ដែល​លែង​មាន​ការងារ​ធ្វើ។​

ការ​លើក​ឡើង​របស់​ពួក​គេ​នេះ​ធ្វើ​ឡើង ​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​បាន​បញ្ជា​ឲ្យ​បិទ​សារ​ព័ត៌មាន​វីអូឌី ​បាន​ប្រកាស​ផ្តល់​ក្រប​ខណ្ឌ​រដ្ឋ​ដល់​អតីត​អ្នក​សារ​ព័ត៌មាន​វីអូឌី ​ខណៈ​លោក​បញ្ជាក់​ថា​ លោក​មិន​អាច​ឲ្យ​វីអូឌី​ដំណើរ​ការ​វិញ​ឡើយ ​បើ​ទោះ​មាន​ការ​ទទូច ​និង​ជំរុញ​ពី​ភាគី​ពាក់ព័ន្ធ។​

លោក ​ញឹម សុខន ​អ្នក​កាសែត​វីអូឌី​ ដែល​ធ្វើ​ការ​នៅ​ស្ថាប័ន​នោះ​១៦​ឆ្នាំ​មក​ហើយ ប្រាប់​វីអូអេ​ថា ​លោក​ចង់​ឱ្យ​រដ្ឋាភិបាល​បើក​ដំណើរ​ការ​សារ​ព័ត៌មាន​វីអូឌី​ឡើង​វិញ​ ខណៈ​ថា​ ​លោក​មិន​ពេញ​ចិត្ត​នឹង​ការដែ​ល​រដ្ឋាភិបាល​បិទ​វីអូឌី ​ហើយ​ផ្តល់​ក្រប​ខណ្ឌ​រដ្ឋ​ឱ្យ​បុគ្គលិក​ឡើយ។​ ​លោក​នឹង​មិន​ចូល​បម្រើ​ការ​ជា​មន្ត្រី​រដ្ឋ​ឡើយ​ ដោយ​ហេតុ​ថា​លោក​ស្រឡាញ់​អាជីព​ជា​អ្នក​សារ​ព័ត៌មាន​ ដែល​មាន​ភាពឯក​រាជ្យ ​គ្មាន​ការ​បង្ខំ ​ជាពិសេស​អាច​ជួយ​ប្រជា​ពល​រដ្ឋ​ទន់​ខ្សោយ ​និង​សង្គម​បាន​ច្រើន។​

លោក​បញ្ជាក់​ថា៖​ «ពូ​អត់​ទាន់​ពេញ​ចិត្ត​នឹង​អាហ្នឹង​ទេ។ ​ពូ​បច្ចុប្បន្ន​នៅ​ស្រឡាញ់​វិស័យ​សារ​ព័ត៌មាន​ឯក​រាជ្យ ​ហើយ​បើ​កាល​ណា​យើ​ង​ចូល​ទៅ​ក្រប​ខណ្ឌ​រដ្ឋ ​ចង់ ​ឬ​មិន​ចង់​ វា​ស្ថិត​នៅ​ក្នុង​ប្រអប់​នយោបាយ។ ​អ៊ីចឹង​យើង​ត្រូ​វធ្វើអី​ទៅ​តាម​បន្ទាត់​នយោបាយ។​ អា​ហ្នឹង​ហើយ​ខុស​ពី​ឆន្ទៈ​របស់​យើង​ដែល​យើង​ស្រឡាញ់​វិស័យ​សារ​ព័ត៌មាន​ឯក​រាជ្យ។ យើង​ស្រឡាញ់​នូវ​អ្វី​ដែល​ជា​ការណ៍​ពិត​នៅ​ក្នុង​សង្គម។ យើ​ង​ចង់​ជំរុញ​អភិបាល​កិច្ច។ យើង​ចង់​ជំរុញ​យុត្តិធម៌​សង្គម។​ យើ​ង​ចង់​ជំរុញ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ»។​

លោក ​ញឹម សុខន​ ជា​អ្នក​សារ​ព័ត៌មាន​វីអូឌី​ម្នាក់ ​ក្នុង​ចំណោម​ជាង​៣០​នាក់ ​ដែល​បាត់​បង់​ការងារ ​ក្រោយ​ការ​បិទ​សារ​ព័ត៌មាន​មួយ​នេះ ​កាល​ពី​ថ្ងៃ​ចន្ទ។ ​ការ​បិទ​នេះ​ត្រូវ​បាន​រិះគន់​ថា​ ជា​ការ​រឹត​ត្បិត​សារ​ព័ត៌មាន​ឯករាជ្យ។ ​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ ​ដោយ​ថា​សារ​ព័ត៌មាន​មួយ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ​និង​កិត្យានុភាព​របស់​រដ្ឋាភិបាល។​

លោក ញឹម សុខន អ្នករាយការណ៍​ព័ត៌មាន​វីអូឌី ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​ការិយាល័យ​ព័ត៌មាន​វីអូឌី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

បើ​តាម​អ្នក​កាសែត​ជើង​ចាស់លោក ​ញឹម សុខន ​ការ​ចូល​ជា​មន្ត្រី​រដ្ឋ​ជា​ការ​ខុស​ពី​ឆន្ទៈ​របស់​លោក​ និង​ថា ​ប្រសិន​បើ​ការងារ​រដ្ឋ​គោរព​ទៅ​តាម​នីតិរដ្ឋ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​មិន​មាន​អំពើ​ពុក​រលួយ ​និង​មាន​អភិបាល​កិច្ច​ល្អ ​លោក​អាច​ពិចារណា​ក្នុង​ការ​បម្រើ​ការងារ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​នៅ​ក្នុង​ប្រព័ន្ធ​មួយ​ដែល​កំពុង​តែ​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​អ៊ីចឹង​ផង​ យក​អ្នក​កាសែត​ដែល​គ្មាន​វិជ្ជាជីវៈ​ទៅ​ដាក់​ទៀត ​អ៊ីចឹងសួរថា​ យើង​ជួយ​អី​ដល់​ប្រជា​ពល​រដ្ឋ ​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ។ អា​ហ្នឹង​បើ​ពូ​គិត​មើល​ទៅ​ វា​អត់​ទំនង។​ ពូ​គិត​ថា ​អា​ហ្នឹង​ជា​យុទ្ធ​សាស្ត្រ​ច្រើន​ជាង​វិធាន​ការ​ច្បាប់​ ឬក៏​វិធាន​ការ​ជួយ​ដល់​បុគ្គលិក​វីអូឌី​ពិត​ប្រាកដ ​ចេញ​ពី​បេះ​ដូង។​ ពូ​មើល​ទៅ​ត្រង់​ចំណុច​នេះ»។​

លោក​ ណុប វី ​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​ហៅ​កាត់​ថា​ខេមបូចា ​លើក​ឡើង​ថា ​ការ​ផ្តល់​ក្រប​ខណ្ឌ​រដ្ឋ​ដល់​អតីត​បុគ្គលិក​វីអូឌី ​ជា​ឱកាស​មួយ​សម្រាប់​ពួក​គេ។​ ប៉ុន្តែ​លោក​ចោទ​សួរ​ថា ​តើ​ការ​ធ្វើការ​ងារ​របស់​ពួក​គេ​ដោយ​សារ​តែ​ការ​ស្រឡាញ់​អាជីព​មួយ​នេះ​ ឬ​ក៏​គ្រាន់​តែ​ដើម្បី​ប្រាក់​បៀវត្សរ៍។​

បើ​តាម​លោក​ ណុប វី​ ការ​បើក​ដំណើរ​កា​រវីអូឌី​ឡើង​វិញ ​មាន​ផល​ចំណេញ​ទៅ​ដល់​រដ្ឋាភិបាល ​ប្រជា​ពល​រដ្ឋ ​និង​អតីត​បុគ្គលិក​វីអូឌី។​

លោក​បញ្ជាក់​ថា៖​ «នៅ​ក្នុង​ករណី​មួយ​ទៀត​ សម្រាប់​ខ្ញុំ​ការ​ដែល​ផ្តល់​ឱកាស​ឱ្យ​វីអូឌី​អាច​ដំណើរ​ការ​ឡើង​វិញដើម្បី​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ចូលរួម​កិច្ច​ការ​ងារ​ជួយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​សង្គម​យើ​ង​ដោយ​មិន​ចាំ​បាច់​ចំណាយ​ធន​ធាន​របស់​ជាតិ ​ធន​ធាន​របស់​រដ្ឋ ​ខ្ញុំ​គិត​ថា​ គឺ​ជា​ផល​មួយ​ដែល​ចំណេញ​ណាស់​សម្រាប់​រដ្ឋាភិបាល»។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​ថា​ ការ​ផ្តល់​ក្រប​ខណ្ឌរដ្ឋ​ជា​ចំណែក​របស់​អ្នក​នយោបាយ​ចង់​ដោះ​ស្រាយ​បញ្ហា​ ប៉ុន្តែ​លោក​លើក​ឡើង​ជា​សំណួរ​ថា ​តើ​ការ​បិទ​វិទ្យុ​វីអូឌី​ធ្វើ​ឡើង​ស្រប​ទៅ​តាម​នីតិ​វិធី​ច្បាប់​ឬ​យ៉ាង​ណា?​

លោក​បញ្ជាក់​ថា៖ ​«នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​បិទ​ តើ​បាន​គោរព​ទៅ​តាម​គោល​ការណ៍​ច្បាប់ ​ដែល​ខ្លួន​មាន ​ឧទាហរ​ណ៍​ដូច​ថា​ ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌មាន​ឆ្នាំ​១៩៩៥។​ តើ​បាន​អនុវត្ត​បាន​ពេញ​លេញ​ ឬ​ស្រប​តាម​គោល​ការ​ណ៍​នេះ​អត់?»​

ការ​ដក​អាជ្ញា​បណ្ណ​វីអូឌីត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​សហ​ប្រជាជាតិ ​និង​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួនចាត់​ទុក​ថា មិន​បាន​អនុលោម​ទៅ​តាម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន។ ​អង្គការ​សង្គម​ស៊ីវិល​លើក​យកមាត្រា​១០​នៃ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​នៅ​កម្ពុជា ​ដែល​ចែង​ថា​ មនុស្ស​មាន​សិទ្ធិ​ទាម​ទារ​ឱ្យ​មាន​ការ​កែ​តម្រូវ ​និង​ការ​ឆ្លើយ​តប​ពី​អ្នក​ផ្សាយ​ព័ត៌មាន​នៅ​ពេល​ដែល​ពួក​គេ​យល់​ថា ​សេចក្តី​ថ្លែង​ការណ៍​មួយ​មិន​ត្រឹម​ត្រូវ​ ហើយ​អ្នក​ផ្សាយ​ព័ត៌មាន​ត្រូវ​ឆ្លើយ​តប​ក្នុង​រយៈ​ពេល​៧​ថ្ងៃ។​

កាល​ពី​ថ្ងៃ​អង្គារ ​លោក ​ហ៊ុន សែន​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ដោយ​គិត​ទៅ​ដល់​ជីវភាព​បុគ្គលិក​វីអូឌី​ដែល​បាត់​បង់​ការងារ​ធ្វើ​ «ដោយ​កំហុស​មេដឹក​នាំ»​ លោក​បាន​សម្រេច​ផ្តល់​ក្របខណ្ឌ​រដ្ឋ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចូល​បម្រើ​កិច្ចការ​រដ្ឋ។ ​លោក​បន្ថែម​ថា៖ ​«សូម​អ្នក​ដទៃ​កុំ​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​របស់​យើង​ហើយ​យើង​សូម​បញ្ជាក់​ថា​ នឹង​គ្មាន​ការ​ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​របស់​យើង​នោះ​ឡើយ។ ​ជន​បរទេស​គ្មាន​សិទ្ធិ​មក​បង្គាប់​បញ្ជា​ឲ្យ​យើង​ធ្វើ​នេះ ​ឬ​ធ្វើ​នោះ​ តាម​ការ​ចង់​បាន​របស់​ពួក​គេ​ឡើយ​ ព្រោះ​នេះ​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​យើង»។​

គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ចន្ទ ​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ ដោយ​លុប​ចោល​អាជ្ញា​បណ្ណ​របស់​វីអូឌី ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អត្ថបទ​ថា​ លោក ​ហ៊ុន ម៉ាណែត ​ចុះ​ហត្ថ​លេខា​ជំនួស​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ក្នុង​ការផ្តល់​ជំនួយ​១០០.០០០​ ដុល្លារ​ដល់​ប្រទេស​តួកគី ​សម្រាប់​គ្រោះ​រញ្ជួយដី។ ​លោក​ ហ៊ុន ម៉ាណែត ​និងលោក​ ហ៊ុន សែន​ លើក​ឡើង​ថា ​មិន​មាន​ការ​ចុះ​ហត្ថលេខា​បែប​នេះ​ទេ ​ហើយ​ទាមទារ​ឲ្យ​ស្ថាប័ន​វីអូឌី​សុំទោស​ជា​សាធារណៈ។​

ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ ​វីអូឌី​«រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស ​និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន»៕