នៅក្នុងបន្ទប់ផ្សាយវីអូឌី នាថ្ងៃចន្ទនេះ អ្នកសារព័ត៌មានម្នាក់បានទ្រហោយំ ក្រោយអង្គភាពរបស់ខ្លួនត្រូវបានរដ្ឋាភិបាលបញ្ជាឱ្យបិទការផ្សាយ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ។
កញ្ញា ខាន់ លក្ខិណា ដែលបម្រើការងារជាអ្នកសារព័ត៌មានវីអូឌីប្រមាណ១០ឆ្នាំមកហើយ និយាយថា៖ «ធ្វើការនៅទីនេះ មិនមែនដោយសារលុយទេ គឺដោយសារការស្រឡាញ់»។
អ្នកសារព័ត៌មានរបស់វីអូឌី និងក្រុមអង្គការសង្គមស៊ីវិលបានបង្ហាញការសោកស្តាយចំពោះការដែលរដ្ឋាភិបាលសម្រេចបិទសារព័ត៌មានវីអូឌី ដែលបានដំណើរការ២០ឆ្នាំមកហើយ ហើយពួកគេរំពឹងថា រដ្ឋាភិបាលនឹងពិចារណាឡើងវិញចំពោះសេចក្តីសម្រេចរបស់ខ្លួន។
ក្នុងសម្លៀកបំពាក់ជាមួយអាវយឺតដែលមានសញ្ញាវីអូឌី លោក ញឹម សុខន អាយុ៥៧ឆ្នាំ ជាអ្នកសារព័ត៌មានវីអូឌី អស់រយៈពេល១៦ឆ្នាំ។ កំពុងអង្គុយនៅតុធ្វើការរបស់លោក ខណៈមេដឹកនាំអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកតាមដានមួយចំនួនទៀត ចូលទៅមើលកន្លែងធ្វើការ និងអ្នកខ្លះបង្ហាញការចូលរួមសោកស្តាយនោះ លោក ញឹម សុខន ប្រាប់អ្នកសារព័ត៌មានថា សារព័ត៌មានឯករាជ្យដូចជាវីអូឌីបានជួយដល់រដ្ឋាភិបាលច្រើន ដោយហេតុថា បញ្ហាខ្លះរដ្ឋាភិបាលមិនដឹង ប៉ុន្តែត្រូវបានទម្លាយដោយសារព័ត៌មាន។ លោកបន្ថែមថា ការសម្រេចបិទសារព័ត៌មានវីអូឌីនេះនាំឱ្យខាតបង់ និងប៉ះពាល់ច្រើនដល់រដ្ឋាភិបាល ពាក់ព័ន្ធជាមួយការទទួលបានព័ត៌មានពិត។
លោកបញ្ជាក់ថា៖ «នៅពេលដែលពលរដ្ឋមានបញ្ហា បញ្ហាអត់ត្រូវបានដោះស្រាយ ហើយសំឡេង ដែលបំពងឱ្យរដ្ឋាភិបាលបានឮ ត្រូវបានបិទខ្ទប់ ពេលនោះហើយបញ្ហារីកកាន់តែធំ ហើយអ្នកមានបញ្ហាហ្នឹងគាត់នឹងទៅទម្លាក់សន្លឹកឆ្នោតដល់រដ្ឋាភិបាល។ ត្រង់នេះដែលពូថា ការបិទវីអូឌី វាអត់មានចំណេញអីដល់រដ្ឋាភិបាលទេ ហើយក៏អត់បានជួយជំរុញយន្តការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
នៅក្នុងបន្ទប់ផ្សាយដដែល លោក សូត ប្រាថ្នា ការីនិពន្ធនៅវីអូឌី ប្រាប់វីអូអេថា លោកមានការសោកស្តាយដែលរដ្ឋាភិបាលសម្រេចចិត្តបិទវិទ្យុវីអូឌី និងថា សារព័ត៌មានវីអូឌីបានដើរតួនាទីសម្រាប់បម្រើប្រយោជន៍ប្រជាពលរដ្ឋ តាមរយៈការធ្វើឱ្យសំឡេងរបស់ពួកគេត្រូវបានឮ។
បើតាមការីនិពន្ធរូបនេះ ការបិទវីអូឌីជារឿងអយុត្តិធម៌មួយ ដែលនេះនឹងធ្វើឱ្យសេរីភាពសារព័ត៌មាន ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ចុះ។
លោកបញ្ជាក់ថា៖ «សារព័ត៌មានឯករាជ្យគឺជាធាតុផ្សំមួយនៃសង្គមលទ្ធិប្រជាធិបតេយ្យ។ ឥឡូវនៅពេលដែលសារព័ត៌មានឯករាជ្យត្រូវបានបាត់បង់បន្តិចម្តងៗ ទោះចង់ ឬមិនចង់ វាធ្វើឱ្យលំហប្រជាធិបតេយ្យនៅប្រទេសកម្ពុជាកាន់តែរួមតូច ជាពិសេសសេរីភាពព័ត៌មាននៅកម្ពុជា។ ខ្ញុំជឿថា ប្រសិនស្ថានភាពនេះ វាកើតឡើងបែបនេះ ហើយមិនមានការដោះស្រាយដើម្បីធ្វើយ៉ាងណាឱ្យពួកយើងបានបម្រើការងារវិញ សេរីភាពសារព័ត៌មាននឹងត្រូវបានគេចាត់ចូលក្នុងចំណាត់ថ្នាក់ធ្លាក់ចុះបន្តទៀត»។
នៅថ្ងៃចន្ទនេះផងដែរ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតមួយចំនួនក៏បានរាំងខ្ទប់ការចូលទៅកាន់គេហទំព័ររបស់វីអូឌីជាភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ។
អ្នកតាមដានមើលឃើញថា ការបាត់បង់សារព័ត៌មានឯករាជ្យនេះធ្វើឱ្យប្រជាពលរដ្ឋកាន់តែបាត់បង់ព័ត៌មានដែលមានប្រយោជន៍សម្រាប់ពួកគេ។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ការបិទវីអូឌីធ្វើឱ្យបាត់បង់ព័ត៌មានដែលបង្ហាញពីភាពអសកម្មនៅតាមមូលដ្ឋានដែលជាប្រយោជន៍សម្រាប់រដ្ឋាភិបាល។
អ្នកស្រីថ្លែងថា៖ «ដូចជាករណីបិទវីអូឌីនេះជាដើម ជាទម្រង់មួយទៀត ដែលយើងឃើញថា ស្ថាប័នសារព័ត៌មានហ្នឹងគឺបានរងនូវការវាយប្រហារ។ នេះជាការប៉ះពាល់ខ្លាំងណាស់ទៅដល់សេរីភាពសារព័ត៌មានដែលរដ្ឋាភិបាលតែងតែប្រកាសថា កម្ពុជាមានសេរីភាពសារព័ត៌មាន»។
ទោះជាយ៉ាងណា អ្នកស្រីនៅតែមានសង្ឃឹមថា នាយករដ្ឋមន្រ្តីនឹងអនុគ្រោះ ហើយអនុញ្ញាតឱ្យវីអូឌីបានផ្សព្វផ្សាយឡើងវិញ។
អ្នកស្រីបន្ថែមថា៖ «អ៊ីចឹងខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រីលោកនឹងមានការបើកចិត្តទូលាយ និងមានការអនុគ្រោះ ព្រោះយើងត្រូវមើលឃើញនូវគុណតម្លៃរបស់វីអូឌីដែលបានចូលរួមចំណែកកន្លងមកជាជាងគ្រាន់តែមើលករណីតូចមួយ ហើយយើងទៅចាប់ទោសអូសដំណើរ។ ខ្ញុំយល់ថា លោកនឹងធ្វើការពិចារណា»។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលគ្រប់គ្រងព័ត៌មានវីអូឌី ប្រាប់អ្នកសារព័ត៌មានថា ការបិទវីអូឌី ជាបញ្ហាដែលកើតឡើងភ្លាមៗ ខណៈថា លោកនិងអ្នកផ្សេងទៀតរំពឹងថា ការជជែកពិភាក្សាគ្នានឹងអាចរកច្រកឃើញដើម្បីបើកដំណើរការវីអូឌីឡើងវិញ។
លោកបញ្ជាក់ថា៖«ឥឡូវហ្នឹងវីអូឌី យើងនៅរក្សាភាពស្ងៀមស្ងាត់នៅឡើយ។ យើងនឹងមិនបន្តការផ្សាយរបស់យើងទៀតទេ នៅពេលនេះ។ ហើយអ្វីដែលយើងនឹងធ្វើបន្ទាប់គឺយើងនឹងព្យាយាមធ្វើការឱ្យអស់ពីលទ្ធភាពជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីឱ្យវីអូឌីបន្តដំណើរការរបស់ខ្លួន ដើម្បីបំពេញតួនាទីធ្វើជាសារព័ត៌មានឯករាជ្យនៅក្នុងប្រទេស ដែលប្រជាពលរដ្ឋកម្ពុជាកំពុងតែត្រូវការ»។
ក្រសួងព័ត៌មាន នៅថ្ងៃចន្ទនេះ បានចេញសេចក្តីសម្រេចមួយដោយលុបចោលអាជ្ញាបណ្ណរបស់វីអូឌី តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនពេញចិត្តនឹងការផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងកូនប្រុសរបស់លោក ដែលលោកហ៊ុន សែនបានទាមទារឱ្យស្ថាប័នមួយនេះ សុំទោសជាសាធារណៈ។
ក្រសួងព័ត៌មានបានបញ្ជាក់ថា វីអូឌី«រំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»។
ការដកអាជ្ញាបណ្ណនេះធ្វើឡើងក្រោយមានភាពចម្រូងចម្រាសលើការចុះផ្សាយនាសប្តាហ៍នេះជុំវិញរឿងរ៉ាវដែលមានការលើកឡើងថា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចុះហត្ថលេខាលើលិខិតមួយច្បាប់ស្តីពីការផ្តល់ជំនួយដល់ប្រទេសតួកគី។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បានបដិសេធថា លោកមិនបានចុះហត្ថលេខាជំនួសលោកហ៊ុន សែនលើលិខិតណាឡើយ ពាក់ព័ន្ធនឹងជំនួយជាថវិកាចំនួន១០ម៉ឺនដុល្លារដល់រដ្ឋាភិបាលតួកគី។ លោកបានទាមទារឱ្យវីអូឌីបង្ហាញឯកសារ និងសុំទោសរូបលោក។
ចំណែកលោក ហ៊ុន សែន បានបង្ហាញការមិនពេញចិត្តនឹងលិខិតដែល VOD បានសរសេរទៅលោកកាលពីថ្ងៃអាទិត្យក្នុងគោលបំណងដើម្បីបញ្ចប់រឿងរ៉ាវដែលលោកនាយករដ្ឋមន្ត្រីមានប្រតិកម្ម តាមការទាមទាររបស់លោកហ៊ុន សែន។
ព័ត៌មានទាក់ទង៖ ស្ថានទូតអាមេរិកសម្តែងការរំខានចិត្តចំពោះការបិទវិទ្យុសំឡេងប្រជាធិបតេយ្យគួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ សារព័ត៌មាន VOD បានផ្សព្វផ្សាយអត្ថបទមួយក្រោមចំណងជើងថា៖ «មន្ត្រីរដ្ឋាភិបាលថា ការដែលលោកហ៊ុន ម៉ាណែតដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគីមិនមែនជារឿងខុសឆ្គង»។ អត្ថបទនេះបានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកផៃ ស៊ីផានបាននៅឡើយទេ។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ វីអូឌីបានក្លាយជាសារព័ត៌មានឯករាជ្យដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចេញផ្សាយជាភាសាខ្មែរផង និងភាសាអង់គ្លេសផង។ អ្នកសារព័ត៌មានវីអូឌីបានសរសេររឿងរ៉ាវជាង៦០ក្នុងរយៈពេលជាងមួយឆ្នាំ ដោយបានចងក្រងការរីកសាយនៃអគារទាសករដែលមនុស្សត្រូវបានជួញដូរ ត្រូវបានបង្ខំឱ្យធ្វើឧក្រិដ្ឋកម្មលើអ៊ីនធឺណិត។ អង្គការនេះបន្ថែមថា កាលពីខែសីហា ឆ្នាំមុន អ្នកសារព័ត៌មានវីអូឌី៥នាក់ត្រូវបានឃាត់ខ្លួន ហើយម្នាក់ត្រូវបានឃាត់ដោយអង្គភាពកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ខណៈពេលដែលកំពុងរាយការណ៍ពីការបំផ្លិចបំផ្លាញព្រៃឈើនៅភ្នំតាម៉ៅ។ សារព័ត៌មាននេះក៏បានចេញផ្សាយនូវរឿងរ៉ាវជាច្រើន នៅទូទាំងប្រទេស ដោយបានចងក្រងពីការរឹតត្បិតលំហនយោបាយ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ផងដែរ៕