រដ្ឋាភិបាលសហព័ន្ធអាមេរិកកំពុងព្រមានមន្រ្តីថ្នាក់រដ្ឋនានាថា ពួកគេមិនមានសិទ្ធិអំណាចស្របច្បាប់ ដើម្បីបដិសេធ មិនទទួលយកជនភៀសខ្លួនពីប្រទេសស៊ីរីនោះទេ។
ការព្រមាននេះ បានធ្វើឡើងនៅក្នុងលិខិតមួយច្បាប់ចុះកាលបរិច្ឆេទកាលពីថ្ងៃពុធ ដែលចេញពីនាយកការិយាល័យទទួលបន្ទុកការតាំងទីលំនៅជនភៀសខ្លួន ផ្ញើទៅកាន់ទីភ្នាក់ងារទទួលបន្ទុកការតាំងទីលំនៅជនភៀសខ្លួននៅតាមរដ្ឋនានា។
ប្រធានការិយាល័យនេះគឺ លោក Robert Carey បាននិយាយថា រដ្ឋនានា មិនអាចប្រកែក មិនផ្តល់អត្ថប្រយោជន៍ និងសេវាកម្មនានា ដែលផ្តល់មូលនិធិ ដោយការិយាល័យទទួលបន្ទុកការតាំងទីលំនៅដល់ជនភៀសខ្លួន ដោយផ្អែកលើប្រទេសកំណើត ឬក៏ការកាន់សាសនារបស់ជនភៀសខ្លួនបានឡើយ។
លោក Carey បានព្រមាននៅក្នុងលិខិតរបស់លោកថា «រដ្ឋណាដែលបដិសេធ មិនអនុលោមតាមលិខិតនេះ នឹងរំលោភច្បាប់» ហើយអាចប្រឈមនឹងចំណាត់ការបង្ខំឲ្យអនុវត្ត។
អភិបាលរដ្ឋជាង២០ ដែលភាគច្រើនមកពីគណបក្សសាធារណរដ្ឋ បានប្តេជ្ញាថា ពួកគេនឹងរារាំង ការប៉ុនប៉ងរបស់សហព័ន្ធ ក្នុងការផ្តល់ទីលំនៅដល់ជនភៀសខ្លួនស៊ីរី នៅក្នុងរដ្ឋរបស់ពួកគេ ដោយលើកឡើងថា ជនភៀសខ្លួនទាំងនោះ អាចបង្កឲ្យមានហានិភ័យខាងសន្តិសុខដែលមិនអាចទទួលយកបាន។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលមកពីគណបក្សប្រជាធិបតេយ្យ គ្រោងនឹងទទួលយកជនភៀសខ្លួនពីប្រទេសស៊ីរី ចំនួន១ម៉ឺននាក់ នៅឆ្នាំក្រោយ។
ចំនួនជនភៀសខ្លួននេះ កើនឡើងយ៉ាងច្រើន ពីចំនួនជនភៀសខ្លួនស៊ីរីប្រមាណ២ពាន់ ដែលសហរដ្ឋអាមេរិក បានទទួលយករួចហើយ ចាប់តាំងពីសង្គ្រាមស៊ីវិលនៅស៊ីរីបានចាប់ផ្តើម ប៉ុន្តែ ចំនួននេះ តំណាងឲ្យតែចំណែកតូចមួយនៃចំនួនប្រជាជនរាប់លាននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសដែលហែកហួរដោយសារសង្គ្រាមនោះ។
កាលពីសប្តាហ៍មុន សភាតំណាងរាស្ត្រដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានអនុម័តសេចក្តីស្នើច្បាប់មួយ ដែលបង្កើនលក្ខខណ្ឌដល់ជនភៀសខ្លួនមកពីប្រទេសស៊ីរី និងអ៊ីរ៉ាក់។
ប៉ុន្តែ អនាគតនៃសេចក្តីស្នើច្បាប់នោះ នៅមិនទាន់ប្រាកដប្រជានៅឡើយទេ នៅក្នុងព្រឹទ្ធសភា។ លោក អូបាម៉ា បានប្តេជ្ញាថា លោកនឹងវេតូលើសេចក្តីស្នើច្បាប់នោះ៕