ខណៈពេលដែលទីក្រុងដែលត្រូវបានប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅទូទាំងរដ្ឋ New South Wales និង Queensland ខិតជិតទៅរកការគ្មានទឹកប្រើប្រាស់ទាំងស្រុង រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋទាំងអស់នៅក្នុងប្រទេសអូស្រ្តាលីកំពុងព្យាយាមស្វែងរកវិធីដើម្បីធានាឲ្យមានការផ្គត់ផ្គង់ទឹកនាពេលអនាគត។
ប៉ុន្តែនៅម្ខាងទៀតនៃទ្វីបនេះ ទីក្រុង Perth បានឈានទៅមុខក្នុងការមានទឹកប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពីការថយចុះនៃការធ្លាក់ភ្លៀងអស់រយៈពេលយូរ។ ផ្នែកមួយនៃផែនការជួយសង្គ្រោះនេះពឹងផ្អែកទៅលើទឹកដែលបានកែច្នៃឡើងវិញពីទឹកបង្គន់។ នេះគឺជាជំហានដែលអ្នកប្រើប្រាស់ទឹកជាច្រើននៅកន្លែងផ្សេងទៀតយល់ឃើញថា កខ្វក់។
ចាប់តាំងពីឆ្នាំ២០១៧មក ប្រជាពលរដ្ឋរស់នៅទីក្រុង Perth នៃភាគខាងលិចប្រទេសអូស្រ្តាលីបានកំពុងទទួលទានទឹកដែលបានកែច្នៃពីទឹកលូ។ ទឹកត្រូវបានចម្រោះដោយប្រើដំណើរការមួយហៅថា reverse osmosis ដែលស្រដៀងទៅនឹងការបង្ខំឲ្យទឹកឆ្លងកាត់អេប៉ុងដ៏ធំមួយ។ បន្ទាប់មកទឹកត្រូវបានយកទៅសម្លាប់មេរោគជាមួយនឹងកាំរស្មី អុលត្រា វីយូលេ នៅឯរោងចក្រចម្រោះទឹកមួយ ហើយទឹកត្រូវបានបូមចូលទៅក្នុងទឹកធម្មជាតិ និងបូមចេញមកវិញ។
ទីក្រុង Perth គឺជាទីក្រុងដែលមានប្រជាជន២លាននាក់រស់នៅ។ អ្នកស្រី Clare Lugar ដែលមកពីក្រុមហ៊ុនទឹក Water Corporation នៃភាគខាងលិចប្រទេសអូស្រ្តាលីនិយាយថា វិធីនេះត្រូវតែធ្វើឲ្យស្របតាមការប្រែប្រួលអាកាសធាតុ។
អ្នកស្រីបានមានប្រសាសន៍ថា៖
«ពួកយើងដឹងថា ចាប់ពីពាក់កណ្តាលទសវត្សរ៍ទី៧០មក កម្រិតទឹកភ្លៀងនៅទីក្រុង Perth បានធ្លាក់ចុះប្រហែលជា ២០ភាគរយ ហើយការណ៍នេះមានផលប៉ះពាល់ដ៏ធំមួយទៅដល់ប្រភពទឹកដែលពឹងផ្អែកលើអាកាសធាតុ»។
អ្នកស្រី Lugar និយាយថា ការបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យយល់ពីសារៈប្រយោជន៍នៃទឹកដែលបានកែច្នៃពីទឹកកខ្វក់ពិតជាត្រូវការពេលយូរ។
អ្នកស្រីបានមានប្រសាសន៍បន្តទៀតថា៖
«តាមពិតមានភាគរយតូចប៉ុណ្ណោះនៃទឹក ដែលចូលទៅក្នុងរោងចក្រចម្រោះទឹក មកពីបង្គន់របស់ពួកយើង។ ប៉ុន្តែការឈប់គិតពីគំនិតនិងរូបភាពដែលថាអ្នកប្រហែលជាកំពុងបរិភោគទឹកដែលអ្នកបានប្រើនៅបង្គន់ គឺប្រហែលជាបញ្ហាប្រឈមមួយរបស់ពួកយើងតាំងពីដំបូង»។
រោងចក្របន្សាបទឹកប្រៃចំនួនពីរផ្គត់ផ្គង់ទឹកពាក់កណ្តាលឲ្យទីក្រុងPerth។ ទឹកមានសារៈសំខាន់ណាស់ ប៉ុន្តែការកែច្នៃនេះផលិតទឹកបានចំនួនតែ២ភាគរយប៉ុណ្ណោះនៃទឹកសរុប។ ប៉ុន្តែតួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងឆាប់ៗនេះ។
លោក Ian Wright អ្នកជំនាញផ្នែកវិទ្យាសាស្ត្របរិស្ថាននៅឯសាកលវិទ្យាល័យ Western Sydney មានជំនឿថា តំបន់ផ្សេងៗទៀតនៃប្រទេសអូស្រ្តាលីគួរតែជ្រើសយកវិធីកែច្នៃទឹក។
លោកបានមានប្រសាសន៍ថា៖
«នៅក្នុងទីក្រុង ស៊ីដនី ទឹកដែលបានប្រើប្រាស់ហើយប្រហែលជា ១៥០លីត្រក្នុង ១ថ្ងៃសម្រាប់មនុស្សម្នាក់ត្រូវបានបោះចោលទាំងស្រុងហើយយើងមានការបន្សាបទឹកប្រៃនៅឆ្នេរ ប៉ុន្តែរដ្ឋធានី Canberra វិញមិនមានវិធីបន្សាបទឹកប្រៃ ហើយទីក្រុងដែលត្រូវរងប៉ះពាល់ដោយគ្រោះរាំងស្ងួតដូចជា Tamworth Dubbo និងBroken Hill ពួកគេអាចប្រើប្រាស់វិធីបន្សាបទឹកប្រៃពីឥឡូវបាន»។
ប្រទេសអូស្រ្តាលីគឺជា ទ្វីបដែលស្ងួតជាងគេនៅក្នុងពិភពលោក។ ទឹកមានតម្លៃ ហើយនៅកន្លែងជាច្រើនមិនមានទឹកគ្រប់គ្រាន់ប្រើប្រាស់នោះទេ។ ច្រើនជាង៩៥ភាគរយនៃរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេរបស់ប្រទេសអូស្រ្តាលី ស្ថិតក្នុងគ្រោះរាំងស្ងួតជាផ្លូវការ ហើយនៅពេល៣ខែខាងមុខនេះ ត្រូវបានគេព្យាករណ៍ថានឹងស្ងួតជាងកម្រិតមធ្យមទៅទៀត៕
ប្រែសម្រួលដោយកញ្ញា លី វួចនា