ពួក​ឧទ្ទាម៦​​នាក់​និង​ទាហាន​ម្នាក់​ស្លាប់​ក្នុងការ​​ប្រយុទ្ធ​គ្នា​​នៅតំបន់​កាស្មៀរ

ស្ត្រី​ម្នាក់​ស្រែក​ពាក្យ​ស្លោក​គាំទ្រ​សេរីភាព​ក្នុង​ពិធីបុណ្យ​របស់ Khalid Farooq ដែល​ត្រូវ​បាន​គេ​សម្លាប់​ នៅ​ក្នុង​ភូមិ Shopian កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ពួក​ឧទ្ទាម៦​នាក់​និង​ទាហាន​ម្នាក់​ត្រូវ​បានសម្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រយុទ្ធ​គ្នា​នៅ​តំបន់​កាស្មៀរ ​ដែល​បាន​ធ្វើឱ្យ​មាន​ការ​តវ៉ា​ដោយហិង្សា​របស់​អ្នក​ស្រុក​ដែលទាមទារ​ឲ្យ​បញ្ចប់​ការ​គ្រប់គ្រង​របស់​ឥណ្ឌា​លើ​តំបន់​ដែល​មាន​ជម្លោះ​ហើយ​ដែល​បាន​ធ្វើឲ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់​និង​មនុស្ស​២០​នាក់​រង​របួស។

ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ពួក​ឧទ្ទាម៦​នាក់​និង​ទាហាន​ម្នាក់​ត្រូវ​បានសម្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រយុទ្ធ​គ្នា​នៅ​តំបន់​កាស្មៀរ ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ កាលពី​ថ្ងៃ​អាទិត្យ ​ដែល​បាន​ធ្វើឱ្យ​មាន​ការ​តវ៉ា​ដោយហិង្សា​របស់​អ្នក​ស្រុក​ដែលទាមទារ​ឲ្យ​បញ្ចប់​ការ​គ្រប់គ្រង​របស់​ឥណ្ឌា​លើ​តំបន់​ដែល​មាន​ជម្លោះ​ហើយ​ដែល​បាន​ធ្វើឲ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់​និង​មនុស្ស​២០​នាក់​រង​របួស។

​អ្នក​នាំ​ពាក្យ​កងទ័ព​ឥណ្ឌា​លោក​វរសេនីយ៍​ឯក​ Rajesh Kalia ​បាន​និយាយ​ថា​កងកម្លាំង​ឥណ្ឌា​បាន​ឡោម​ព័ទ្ធភូមិ​មួយ​នៅភាគ​ខាងត្បូង​តំបន់​ Shopian ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ដែល​នាំឱ្យមាន​ការ​បាញ់​គ្នាដែល​ក្នុង​នោះក្រុម​សកម្ម​ប្រយុទ្ធ​៦​នាក់​ត្រូវ​បាន​សម្លាប់។​ លោក​បាន​និយាយ​ថា​ ទាហាន​ម្នាក់​ត្រូវបាន​សម្លាប់​និង​ម្នាក់​ទៀត​រង​របួស​នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ។​

ឧបទ្ទវហេតុ​នេះ​បានបង្ក​ឱ្យមាន​បាតុកម្ម​ប្រឆាំង​ឥណ្ឌា​និង​មាន​ការ​ប៉ះទង្គិច​គ្នា ខណៈ​មនុស្ស​រាប់រយ​នាក់​បាន​ដើរក្បួន​នៅក្បែរ​កន្លែង​កើតហេតុ ​ដោយ​បង្ហាញ​សាមគ្គីភាព​ជាមួយ​ពួក​បះបោរ​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅ​តំបន់​នោះ។​

ប៉ូលិស​និង​ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា ​ក្មេង​ប្រុស​ជំទង់ម្នាក់​ត្រូវ​បាន​សម្លាប់​និង​មនុស្ស​២០​ នាក់បាន​រងរបួស​នៅពេល​ដែល​ពួក​ទាហាន​បាន​បាញ់​គ្រាប់​កាំភ្លើង​ និង​ឧស្ម័នបង្ហូរ​ទឹក​ភ្នែក​ដើម្បី​ទប់ទល់​នឹង​ក្រុមអ្នក​តវ៉ា​ដែល​គប់​ដុំថ្ម។​ តំបន់កាស្មៀរ​ត្រូវ​បាន​បែងចែក​ដោយ​ផ្នែក​ខ្លះ​គ្រប់គ្រង​ដោយ​ឥណ្ឌា​និង​ផ្នែកខ្លះ​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន​ដែល​ជា​គូប្រជែង​នឹងគ្នា។ ហើយ​ប្រទេស​ទាំង​ពីរ​អះអាង​ថា ​តំបន់កាស្មៀរ​ទាំង​មូលជា​របស់​ខ្លួន៕