ក្រុមមន្ត្រីសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃអង្គារនេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងក្នុងខេត្តរតនគិរី ផ្អាកមិនឲ្យធ្វើសកម្មភាពបើកវគ្គផ្សព្វផ្សាយ មួយស្តីពី «ការពង្រឹងសិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន»។ នេះជាគម្រោងមួយដែលទទួលបានការឧបត្ថម្ភថវិកាពីទីភ្នាក់ងារជំនួយស.រ.អា.សម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID។
វគ្គផ្សព្វផ្សាយដែលធ្វើឡើងនៅឯភូមិគ្រៀង ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នេះគឺផ្តោតសំខាន់ទៅលើសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ដាច់ស្រយ៉ាលដើម្បីឲ្យពួកគេ យល់ដឹងអំពីសិទ្ធិមនុស្ស សិទ្ធិជនជាតិដើមភាគតិច លទ្ធិប្រជាធិបតេយ្យ វិមជ្ឈការអំណាច ច្បាប់ស្តីពីធនធានធម្មជាតិ ការចងក្រងសហគមន៍ និងការតស៊ូមតិជាដើម។ នេះបើតាមការឲ្យដឹងរបស់លោក ឆាយ ធី មន្រ្តីសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី។
លោក ឆាយ ធី ឲ្យដឹងថា កន្លងមកលោកបានបើកវគ្គផ្សព្វផ្សាយនេះ ក្នុងស្រុកចំនួន២ ក្នុងខេត្តរតនគិរីនេះរួចមកហើយ ដោយគ្មានការហាមឃាត់ពីអាជ្ញាធរ ឬកងកម្លាំងនោះទេ។ ហើយក្នុងនោះមានអ្នកចូលរួមប្រមាណជិតមួយពាន់នាក់មកពីភូមិចំនួន៨។
លោក ឆាយ ធី បញ្ជាក់ប្រាប់ VOA ពីសកម្មភាពហាមឃាត់របស់អាជ្ញាធរថា៖ «នៅពេលម៉ោង៨ យើងចាប់ផ្តើមយើងឃើញកងកម្លាំងសមត្ថកិច្ច មានមេឃុំ មានចៅហ្វាយស្រុកស្តីទីចុះមកធ្វើការផ្អាកមិនឲ្យបើកវគ្គ។ ហើយគេហុចលិខិតផ្ទាល់តែម្តងក្នុងលិខិតហ្នឹងគេបង្គាប់ឲ្យខ្ញុំសុំច្បាប់ពីឃុំ ពីស្រុក រហូតដល់ខេត្ត បានគេអនុញ្ញាតឲ្យបន្តបើកវគ្គផ្សព្វផ្សាយ។ មានច្បាប់ត្រឹមត្រូវបានអនុញ្ញាតបើកបាន»។
យ៉ាងណាក៏ដោយ លោក រ ចំឡៃ ជាមេឃុំកិចុង ថ្លែងការពារចំណាត់ការរបស់អាជ្ញាធរ ដោយថា អាជ្ញាធរមិនមែនធ្វើការហាមឃាត់ក្រុមមន្ត្រីសិទ្ធិមនុស្សអាដហុកឡើយ គឺគ្រាន់តែទាមទារឲ្យមានលិខិតអនុញ្ញាតត្រឹមត្រូវ និងគ្រប់គ្រាន់ប៉ុណ្ណោះ។ លោកអះអាងថា មន្ត្រីរបស់សមាគមអាដហុក មិនទាន់មានឯកសារផ្លូវច្បាប់ គ្រប់គ្រាន់ក្នុងការធ្វើសិក្ខាសាលាផ្សព្វផ្សាយនោះទេ ពួកគេគ្រាន់តែជូនជាលិខិតជូនដំណឹងប៉ុណ្ណោះ។
«គាត់ចុះទៅអនុវត្តគោលការណ៍គាត់ ឃើញថាល្អណាស់ណា។ មិនមែនថាហាមឃាត់មិនឲ្យគាត់ធ្វើទេ គ្រាន់តែឲ្យគាត់រត់ច្បាប់ អនុញ្ញាតពីអាជ្ញាធរដែនដី តែប៉ុណ្ណឹងទេ មិនមែនថាហាមឃាត់គាត់ទេ។ គាត់ចុះមកអនុវត្តហ្នឹងដូចជាអត់មានគោលការណ៍ អត់មានស្របច្បាប់ចឹងណា អត់បានសុំពីអាជ្ញាធរ ចឹងទៅអ្នកក្រោមនេះគេអត់ហ៊ានអនុញ្ញាតឲ្យទេ»។
ក្រុមមន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា នីតិវិធីនៃការស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនៅកម្ពុជា មានលក្ខណៈស្មុគស្មាញ និងចំណាយពេលយូរ ដែលធ្វើឲ្យក្រុមមន្ត្រីសង្គមស៊ីវិលមានការលំបាក ក្នុងការរៀបចំកម្មវិធី សកម្មភាព ឬសិក្ខាសាលាផ្សព្វផ្សាយអប់រំផ្សេងៗ៕