ពលរដ្ឋខ្មែរជាងមួយរយគ្រួសារបានប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តរតនគីរី ដោយបានព្យាយាមសម្រុកចូលតុលាការទាំងកំហឹងពេលតុលាការសម្រេចឃុំខ្លួនអ្នកភូមិបីនាក់ពាក់ព័ន្ធនឹងជម្លោះដីធ្លីក្នុងតំបន់មួយ។ ក្រុមប្រជាពលរដ្ឋទាំងនោះមកពីភូមិបរឡយ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគីរី។
ក្រុមប្រជាពលរដ្ឋបានខឹងនឹងតុលាការ ដែលបានសម្រេចឃុំខ្លួនតំណាងអ្នកភូមិចំនួនបីនាក់ក្នុងពេលសវនាការកាលពីរសៀលថ្ងៃពុធ។ តំណាងពលរដ្ឋបានអះអាងថា ពួកគេមកនេះមិនមែនចង់ប្រើហិង្សាទេគឺគ្រាន់តែចង់ដឹងថា តើតំណាងពួកគេបីនាក់ហេតុអ្វីបានជាមិនបានមកវិញ។ នេះជាមូលហេតុដែលបណ្តាលឲ្យពួកគេរុញច្រានទ្វារសម្រុកចូលតុលាការ។
លោកស្រី ជ័យ មាលា ចៅក្រមជំនុំជម្រះបានអះអាងថា លោកស្រីបានសម្រេចឃុំខ្លួនជនទាំងបី ដោយសារពួកគេបានទៅតាំងទីលំនៅលើទ្រព្យ ឬដីអ្នកដទៃដោយខុសច្បាប់។
តែពលរដ្ឋវិញអះអាងថា ពួកគាត់មានឯកសារពីឃុំសង្កាត់ត្រឹមត្រូវ ហើយភាគីម្ខាងទៀតមិនមានឯកសារទេ។
លោក ខាន់ កុសល តំណាងអ្នកភូមិម្នាក់បានអះអាងថា ពលរដ្ឋរស់នៅលើដីនេះតាំងពីឆ្នាំ២០០៦មក។ ហើយលោកបានសម្តែងការខឹងសម្បារជាមួយនឹងតុលាការចំពោះការកាត់ក្តីកាលពីថ្ងៃពុធ។
នាង ស៊ុន ជាតា តំណាងអ្នកភូមិម្នាក់ទៀតបានថ្លែងថា ជីវភាពពួកគាត់ត្រូវប៉ះពាល់បើតុលាការកាត់ក្តីឲ្យភាគីផ្សេងឈ្នះ ដោយសារពលរដ្ឋពឹងផ្អែកលើដីនោះ ដើម្បីចិញ្ចឹមជីវិត។
តែភាគីជាគូជម្លោះជាមួយពលរដ្ឋឈ្មោះ ហ៊ាង សុជាតិ ដែលគេមិនបង្ហាញអត្តសញ្ញាណនោះត្រូវគេអះអាងថា មានប្លង់ដែលវាស់វែងដោយក្រុមយុវជននិស្សិត។
ក្រុមប្រជាពលរដ្ឋ១១២គ្រួសារបានកាន់កម្មសិទ្ធិដីជាង៥៧៥ហិកតា ដោយដាំដំណាំផ្សេងៗរាប់ទាំងស្វាយចន្ទីផងដែរ។
ពលរដ្ឋអះអាងទៀតថា ពួកគាត់នឹងតវ៉ារឿងនេះនៅរាជធានីភ្នំពេញទៀត ដើម្បីសុំឲ្យមេដឹកនាំដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធានសភាជួយដោះស្រាយបញ្ហានេះ។
លោក ឆាយ ធី មន្រ្តីសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរីបានអះអាងថា សិទ្ធិពលរដ្ឋត្រូវបានរំលោភពេលសវនាការនោះ។ លោកថ្លែងដូច្នេះដោយយោងថា តុលាការមិនអនុញ្ញាតឲ្យអ្នកតំណាងពលរដ្ឋចូលរួមបិទទ្វារកាត់ក្តីស្ងាត់ៗ។
ក្រុមអង្គការសិទ្ធិមនុស្ស និងមេធាវីបានអះអាងថា គេនឹងជួយពលរដ្ឋប្តឹងឧទ្ធរណ៍តទៅទៀត។
លោក ចាន់ សារិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានដាក់ពង្រាយកម្លាំងរបស់លោកការពារតុលាការ។ លោកថ្លែងថា លោកមានឆន្ទានុសិទ្ធិការពារស្ថាប័នរដ្ឋ ហើយរឿងបញ្ហាដីធ្លីជារឿងរបស់តុលាការ។
ជម្លោះដីធ្លីរវាងពលរដ្ឋនឹងអ្នកមានអំណាចកើតឡើងសឹងតែពាសពេញប្រទេសកម្ពុជា៕