គណបក្សកុម្មុយនីស្តចិនកំពុងត្រៀមរៀបចំធ្វើសមាជនយោបាយដ៏សំខាន់មួយរបស់ខ្លួននៅថ្ងៃអាទិត្យខាងមុខនេះដែលគេរំពឹងថា មេដឹកនាំប្រទេសនេះគឺលោក Xi Jinping នឹងត្រូវទទួលបានការយល់ព្រមឱ្យបន្តអាណត្តិទី៣ដែលមិនធ្លាប់មានពីមុនមកដែលមានរយៈពេល ៥ឆ្នាំជាអគ្គលេខាធិការគណបក្ស។
សមាជគណបក្សកុម្មុយនីស្តចិនត្រូវបា្ររព្ធធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង។ អាជ្ញាធរក្នុងទីក្រុងប៉េកាំងបានរឹតបន្តឹងសន្តិសុខ បិទផ្លូវ និងបង្កើនការល្បាតត្រួតពិនិត្យដើម្បីធានាថាអ្វីគ្រប់យ៉ាងនឹងប្រព្រឹត្តិទៅដោយរលូន។
បើទោះបីជាយ៉ាងនេះក្តី ក៏ការណ៍នេះមិនបានធ្វើឱ្យជនជាតិចិនមួយចំនួនបិទមាត់នៅស្ងៀមឡើយ បើទោះបីជាត្រូវប្រឈមនឹងហានិភ័យជាប់ពន្ធនាគារយូរក្តី។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គេឃើញផ្ទាំងបដាពណ៌សធំមួយចំនួន ដែលមានអក្សរចិនពណ៌ក្រហមត្រូវបានចងនៅលើផ្លូវខ្ពស់មួយកន្លែងក្នុងសង្កាត់ Haidian ភាគពាយព្យរដ្ឋធានីប៉េកាំង។ ផ្ទាំងបដានោះបានសរសេរថា លោក Xi «ជាជនផ្តាច់ការ» ហើយបានជំរុញឱ្យនិស្សិត និងកម្មករចិនចេញធ្វើកូដកម្ម។ ផ្ទាំងបដាដទៃផ្សេងទៀតបានសរសេរប្រឆាំងទៅនឹងគោលនយោបាយគ្មានជំងឺកូវីដរបស់ប្រទេសចិនផងដែរ។
បន្ថែមពីលើការចងផ្ទាំងបដានេះ គេក៏ឃើញមានផ្សែងភ្លើងហុយឡើងទៅលើពីគំនរភ្លើងមួយកន្លែងដែលទំនងជាត្រូវធ្វើឡើងដោយអ្នកចងផ្ទាំងបដាទាំងនោះដើម្បីទាក់ទាញឱ្យមានការយកចិត្តទុកដាក់ទៅលើសារដែលសរសេរនៅលើបដានោះ។ រូបភាពបដាប្រឆាំងនេះត្រូវបានគេបិទជាបន្ទាន់មិនឱ្យមានការចែកចាយនៅលើបណ្តាញសង្គមក្នុងប្រទេសចិននោះឡើយ។ កម្មវិធីទូរសព្ទសម្រាប់ការផ្ញើសារ វីដេអូ និងរូបភាពផ្សេងៗនៅលើបណ្តាញសង្គមក្នុងប្រទេសចិនដែលមានឈ្មោះថា WeChat ត្រូវបានបិទ ប៉ុន្តែខ្លឹមសារនៅតែត្រូវបានបន្តចែករំលែកនៅតាមបណ្តាញ Twitter ដែលត្រូវបានបិទនៅក្នុងប្រទេសចិននោះ៕
មានការប្រឆាំងតវ៉ាដ៏កម្រមួយក្នុងទីក្រុងប៉េកាំង ខណៈប្រទេសចិនកំពុងត្រៀមរៀបចំធ្វើសមាជគណបក្សកុម្មុយនីស្តរបស់ខ្លួន
វ៉ាស៊ីនតោន —