ការស្លាប់របស់នារីអាយុ ១៩ ឆ្នាំម្នាក់ ដោយសារការចាប់រំលោភដោយបុរសមួយក្រុម ក្នុងប្រទេសឥណ្ឌានោះ បានបណ្តាលឲ្យមានការធ្វើបាតុកម្មប្រឆាំងតវ៉ាជាច្រើននៅក្នុងរដ្ឋធានីញូដេលីរបស់ប្រទេសនេះ។ ស្ត្រីវ័យជំទង់ដែលជាជនរងគ្រោះដល់ស្លាប់នោះ មានវង្សត្រកូលដែលមានវណ្ណៈទាបបំផុតក្នុងប្រទេសឥណ្ឌា។
អាជ្ញាធរជឿថា នារីជំទង់រូបនេះ ត្រូវបានចាប់រំលោភយ៉ាងសាហាវឃោរឃៅពីក្រុមបុរស៤នាក់ ដែលចេញពីត្រកូលគ្រួសារវណ្ណៈខ្ពស់ ក្នុងរដ្ឋអ៊ូតាប្រាដេស(Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃទី១៤ ខែ កញ្ញា។
អាជ្ញាធរឥណ្ឌានិយាយនៅថ្ងៃចន្ទថា ជនរងគ្រោះចុងក្រោយនេះ ត្រូវបានគេនាំចេញពីមន្ទីរពេទ្យក្នុងរដ្ឋ Uttar Pradesh ទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានីញូដេលី ហើយនាងបានស្លាប់ក្នុងអំឡុងពេលនៃការព្យាបាលនៅទីនោះ។
ករណីរំលោភក្មេងស្រីវ័យជំទង់នេះ ជាករណីមួយក្នុងចំណោមករណីរំលោភផ្លូវភេទជាច្រើនទៅលើស្ត្រីក្នុងប្រទេសឥណ្ឌា ដែលនៅទីនោះ ការរំលោភស្រ្តីភេទត្រូវបានគេរាយការណ៍ថាកើតមានឡើងក្នុងរយៈ ១៥ នាទីម្តង។ នេះបើតាមស្ថិតិរបស់រដ្ឋាភិបាលឥណ្ឌា ដែលចេញផ្សាយក្នុងឆ្នាំ ២០១៨ នោះ។ គ្រាន់តែក្នុងឆ្នាំ ២០១៨ មួយប៉ុណ្ណោះ មានសេចក្តីរាយការណ៍ថា ការរំលោភផ្លូវភេទទៅលើស្រី្តមានចំនួន ៣៤.០០០ ករណី។
កាលពី ១០ ខែមុន ស្រ្តីឥណ្ឌាមា្នក់ទៀត អាយុ ២៣ ឆ្នាំ ដែលមានវង្សត្រកូលមកពីវណ្ណៈគ្រួសារឋានៈទាបដែរនោះ បានស្លាប់បន្ទាប់ពីបុរសមួយក្រុម បានចាប់ខ្លួននាងហើយដុត នៃពេលដែលនាងធ្វើដំណើរទៅកាន់តុលាការក្នុងរដ្ឋ Uttar Pradesh ដើម្បីដាក់ពាក្យប្តឹង៕