លោក Gotabaya Rajapaksa បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា។ នៅក្នុងសុន្ទរកថា ចូលកាន់តំណែងរបស់លោកនៅថ្ងៃចន្ទនេះនៅឯព្រះវិហារ Ruwanwell Seya នៅតំបន់កណ្តាលភាគខាងជើង លោក Rajapaksa បានជំរុញឱ្យជនជាតិភាគតិចតាមិល និងជនជាតិមូស្លីមដែលបានបោះឆ្នោតប្រឆាំងនឹងលោកចូលរួមធ្វើការជាមួយលោក។
ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី សហគមន៍ទាំងពីរបានសម្តែងការព្រួយបារម្ភរបស់ពួកគេអំពីជ័យជម្នះសម្រាប់លោក Rajapaksa ដែលជាអតីតមន្រ្តីជាន់ខ្ពស់ផ្នែកការពារជាតិក្រោមការដឹកនាំរបស់បងប្រុសលោកគឺអតីតប្រធានាធិបតី Mahinda Rajapaksa។
ប្រធានាធិបតីដែលទើបឡើងកាន់តំណែងថ្មីនេះបានសន្យានៅក្នុងសុន្ទរកថារបស់លោកនៅថ្ងៃចន្ទនេះថា សន្តិសុខជាតិនឹងក្លាយជាអាទិភាពចម្បងរបស់រដ្ឋបាលរបស់លោក។ ប្រទេសស្រីលង្កាមានភាពច្របូកច្របល់ដោយសារការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅថ្ងៃបុណ្យ Easter ដែលបានសម្លាប់មនុស្ស២៦៩នាក់។ ការវាយប្រហារនេះបំផុសគំនិតដោយក្រុមរដ្ឋឥស្លាម។ មេដឹកនាំថ្មីអាយុ៧០ឆ្នាំនេះបានឃ្លាំមើលបរាជ័យខាងយោធារបស់ពួកបំបែកខ្លួនតាមិលកាលពី១០ឆ្នាំមុន។ គូប្រជែងរបស់លោក Rajapaksa នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍គឺលោក Sajith Premadasa អាយុ៥២ឆ្នាំដែលជាកូនប្រុស របស់អតីតប្រធានាធិបតី Ranasinghe Premadasa ដែលត្រូវធ្វើឃាត៕