ជំនន់ទឹកភ្លៀងបានជន់លិចកំណាត់ផ្លូវក្នុងឃុំចំនួនពីរនៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្របពេលដែលភ្លៀងបន្តធ្លាក់ក្នុងរាជធានី និងខេត្តជាច្រើន។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងធនធានទឹកនិងឧត្តុនិយមនៅថ្ងៃច័ន្ទនេះ ទឹកជំនន់ក្នុងស្រុកភ្នំស្រុកបានហូរកាត់ផ្លូវប្រវែងជាង១.០០០ ម៉ែត្រ ក្នុងឃុំស្រះជីក និងឃុំភ្នំដី។ ទឹកជំនន់នេះ ត្រូវហូរចាក់មកពីទឹកស្ទឹងអន្សងនាវ នៃខេត្តបន្ទាយមានជ័យនិងមកពីស្ទឹងស្រែង នៃខេត្តឧត្តមានជ័យ។
ពុំមានរបាយការណ៍ស្តីពីការខូចខាតនិងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងតំបន់ទាំងពីរនេះទេ។
បើយោងតាមគេហទំព័រនៃក្រសួងធនធានទឹក និងឧត្តុនិយម ភ្លៀងបានបន្តធ្លាក់នៅថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម កំពត ព្រៃវែង ស្វាយរៀង កោះកុង និងត្បូងឃ្មុំ។
ក្រសួងធនធានទឹកធ្លាប់បានព្រមានពីជំនន់ទឹកភ្លៀងក្នុងអំឡុងពេលពិធីភ្ជុំបិណ្ឌនិងកាន់បិណ្ឌ។
ទោះជាយ៉ាងណា ក្រសួងធនធានទឹកបង្ហាញថាកម្ពស់ទឹកនៅតាមដងទន្លេមេគង្គនឹងបន្តស្រកចុះចាប់ពីថ្ងៃទី៣០ខែកញ្ញានេះ រហូតដល់ថ្ងៃទី ៣ខែតុលា ឆ្នាំ២០១៩នេះ៕