ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​​កម្ពុជា​បន្ត​បារម្ភ​ពី​ជំនន់​ទឹក​ភ្លៀង​បន្ត​ទៀត


រូបឯកសារ៖ ផ្ទះ​ប្រជាពលរដ្ឋ​​ ដែលលិចទឹក​នៅ​ក្នុង​ស្រុកចិត្របូរី​ ខេត្ត​ក្រចេះ នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩។ (Facebook/ភាតរភាពយុទ្ធជន)

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បារម្ភ​អំពី​ទឹក​ជំនន់​ថ្មី ដោយ​សារ​មាន​ការ​ធ្លាក់​ភ្លៀង​ជា​បន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា

បន្ទាប់​ពីជំនន់​ទន្លេមេគង្គ​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​១២​នាក់ ចាប់​ផ្តើម​ស្រក មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ផ្នែក​គ្រោះ​មហន្តរាយ​នៅ​តែ​បារម្ភចំពោះ​ទឹក​ជំនន់​ថ្មី​ទៀត​ដោយ​សារ​ភ្លៀង​បន្ត​ធ្លាក់​មិន​ដាច់។ ស្រប​គ្នា​នេះដែរ ​មាន​សញ្ញា​ទឹកជំនន់​តិច​តួច​នៅ​ខេត្ត​ពោធិ៍សាត់​និង​បាត់​ដំបង។

មន្ត្រីជាន់​ខ្ពស់​រដ្ឋា​ភិបា​ល​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ថា​ទឹក​ជំនន់នឹង​វាយ​ប្រហារ​មក​លើ​តំបន់​ទន្លេ​មេគង្គ​និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ខណៈ​ដែល​ភ្លៀង​កំពុង​បន្ត​ធ្លាក់​។

លោក​ គន់ គីម ទេស​រដ្ឋ​មន្ត្រី​និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយបាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធនេះ​ថាទឹក​ជំនន់នៅ​តាម​បណ្តា​ខេត្ត​ជាប់​នឹង​ដង​ទន្លេមេគង្គ​បាន​បន្ត​ស្រក​បន្ថែម​ទៀត​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​លោក​ព្រួយ​បារម្ភថា​ទឹក​ជំនន់​ទន្លេមេគង្គ​នឹង​វិល​ត្រឡប់​មក​ម្តង​ទៀតដោយ​សារ​តែ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ ហើយ​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត​ចាប់​ផ្តើ​ម​ទទួល​រង​ទឹក​ជំនន់។

«​យើង​ក៏​នៅ​មាន​ការ​ព្រួយ​បារម្ភ ជំហាន​ទីពីរ​នេះ ទឹក​ភ្លៀង​មាន​ការ​ជន់ឡើង​តាម​ដងទន្លេ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ជន់ឡើង​មួយសារ​ទៀត។ប៉ុន្តែ​យើង​កំពុង​តាម​ដាន​បញ្ហា​នេះ ហើយ​ធ្វើការ​ណែនាំ​ប្រជាជន​យើង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ត»។

ទឹក​ជំនន់ទន្លេមេគង្គ​បានប៉ះពាល់​ដល់​ខេត្ត​ចំនួន​ប្រាំពីរ​ និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន​ប្រាំមួយ​នាក់។

ក្រសួង​ធនធាន​ទឹក​និង​ឧត្តុ​និយម​បាន​ព្រមាន​កាល​ពីថ្ងៃអង្គារ​ថាខេត្ត​ចំនួន​១១​អាចនឹង​ទទួល​រងគ្រោះ​ជំនន់​ទឹក​ភ្លៀង​ ខណៈ​ដែល​ភ្លៀង​នឹង​បន្ត​ធ្លាក់​ជាប់ៗគ្នា​ចន្លោះ​ពីថ្ងៃទី​១៨រហូត​ដល់​ថ្ងៃ​ទី​២៣​ខែកញ្ញា​នេះ។ ខេត្ត​ទាំង​នោះ​មាន​ដូច​ជា​ ខេត្ត​កោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ​ ពោធិ៍​សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ​ និង​ខេត្ត​ព្រះវិហារ។ ​

​នៅ​ថ្ងៃ​នេះ​ខេត្ត​ចំនួន​ពីរ​ក្នុង​ចំណោម​ខេត្ត​ទាំង​១១​ត្រូវ​គេ​រាយការណ៍​ទឹក​ជំនន់បាន​ចាប់​ផ្តើ​ម​លិច​តំបន់​ខ្លះៗ ប៉ុន្តែ​មិន​ទាន់​ធ្ងន់​ធ្ងរ​នៅ​ឡើយ។ នោះ គឺខេត្ត​បាត់​ដំបង​និង​ខេត្ត​ពោធិ៍សាត់។

លោក​ ងួត រតនៈ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បាត់ដំបង បានប្រាប់ VOA ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះថា ​ទឹក​បាន​លិច​ទី​ប្រជុំ​ជន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​កាល​ពី​យប់​ថ្ងៃទី​១៧ ប៉ុន្តែ​ទឹកបាន​ស្រក​អស់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៨​នេះ។ លោកអភិបាល​ខេត្ត ព្រួយ​បារម្ភ​ថា​ទឹក​ជំនន់អាចវិល​ត្រឡប់​មកម្តង​ទៀត​នៅក្នុង​រដូវ​ភ្ជុំ​ខាង​មុខ។

«បាទ​ ជាទូទៅ​មកដល់​នេះ ចុងឆ្នាំ​ដែរហើយ បើ​តែ​រាល់ឆ្នាំ​ខែនេះ​ផុត​ហើយ។ ខែនេះ​វា​ជួន​ភ្ជុំ​អត់​ បើជួន​ភ្ជុំ វា​អាច​នៅ​មាន​ជំនន់​ខាង​លើ​ម្តងអីទៀត​ អ៊ីចឹង​ណាបង​ ជួនកាល»។

មាន​ប្រជា​ពលរដ្ឋ​ចំនួនជិត​៩ម៉ឺន​នាក់​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់​ទន្លេមេគង្គ ក្នុង​ខេត្ត​ក្រចេះ ស្ទឹង​ត្រែង រតនគីរី ខេត្ត​កំពង់ចាម ត្បូង​ឃ្មុំ កំពង់ធំ​និង​ខេត្តព្រៃវែង។ ប្រជាពល​រដ្ឋ​ជាង​មួយម៉ឺន​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

លោក គន់ គីម ទេសរដ្ឋ​មន្រ្តី​និង​អនុប្រធានទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយមាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​មួយ​ចំនួន​អាច​វិល​ត្រឡប់​ទៅ​កាន់​ទីលំនៅ​របស់​ខ្លួន​វិញ​បានមក​ទល់​នឹង​ថ្ងៃ​នេះ​ហើយ​ដោយសារ​តែ​ទឹក​ចាប់​ផ្តើម​ស្រក​ជាបណ្តើរៗ។

កាល​ពី​ខែ​សីហា ជំនន់​ទឹក​ភ្លៀង​បាននាំ​ឲ្យ​មនុស្សចំនួន​បី​នាក់​ស្លាប់​ក្នុង​ខេត្ត​ព្រះសីហនុ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG