ជំនន់ទឹកភ្លៀងកាលពីថ្ងៃអង្គារបណ្តាលឲ្យលិចលង់ផ្នែកមួយចំនួននៃក្រុងព្រះសីហនុយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់ពលរដ្ឋម្នាក់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។ នេះបើតាមអាជ្ញាធរខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃពុធ បានបង្ហោះសារនៅលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការព្យាករណ៍ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ដូច្នេះរដ្ឋបាលខេត្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ «ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត» ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់។
អាជ្ញាធរបានឲ្យដឹងថា ពលរដ្ឋម្នាក់ ក្នុងវ័យជាង៤០ឆ្នាំ ត្រូវបានទឹកហូរគួច ពេលមានភ្លៀងធ្លាក់ខ្លាំង នៅចំណុចអូរ៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា ជំនន់ទឹកភ្លៀងនេះបណ្តាលឲ្យជន់លិចតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ ដែលភ្លៀងខ្លាំងនៅចន្លោះម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ហើយកម្រិតទឹកភ្លៀងពី ១២០មីលីម៉ែត្ រទៅដល់ ២៧៩មីលីម៉ែត្រ។ លោកបន្ថែមថា ដោយសារតែភ្លៀងមានកម្រិតបង្គួរទៅខ្លាំង ទើបបណ្តាលឲ្យទឹកហូរចូលលូមិនទាន់ និងធ្វើឲ្យជន់លិចបែបនេះ។
លោកថ្លែងថា៖ «កាលណាភ្លៀងធ្លាក់ខ្លាំង គឺទឹកវាមិនអាចហូរទាន់បានភ្លាមៗទេ ប៉ុន្តែដោយការកាយស្តារអូរ ប្រឡាយរបស់យើងកន្លងមកហ្នឹង គឺវាធ្វើឲ្យទឹក[ភ្លៀង] វាហូរបានលឿន។ អញ្ចឹងការជន់លិចហ្នឹងក៏មិនចំណាយរយៈពេលយូរដែរ មានន័យថាបន្ទាប់ពីភ្លៀងបង្អង់ យើងឃើញហើយនៅម៉ោង១០យប់ថ្ងៃដដែរហ្នឹង ទឹកវាស្រកទៅវិញ»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុរូបនោះបន្តថា ដោយសារតែកម្ពុជាទទួលរងឥទ្ធិពលបម្រែបម្រួលអាកាសធាតុពីប្រទេសឥណ្ឌា ទើបនាំឲ្យមានភ្លៀងខ្លាំង។ ហើយនេះជាលើកទី២ ដែលបណ្តាលឲ្យមានការជន់លិចខ្លាំងក្នុងខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា៖ «មែនទែនទៅយើងទើបជួបនៅក្នុងឆ្នាំកន្លងទៅម្តង ហើយឆ្នាំនេះជាលើកទី២ ដោយសារភ្លៀងវាធ្លាក់ខ្លាំង»។
នៅក្នុងសារជូនដំណឹងមួយចេញផ្សាយនៅរសៀលថ្ងៃពុធ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅថ្ងៃទី២៥ ខែសីហា វេលាថ្ងៃត្រង់ មានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមនៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ»។
ចំណែកកាលពីថ្ងៃទី២៤ ខែសីហា ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងថាចាប់ពីថ្ងៃទី២៥ ទៅដល់ថ្ងៃទី៣១ ខែឆ្នាំ២០២១ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ដែលអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតមធ្យមទៅខ្លាំង និងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
ម៉ូតូរបស់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ដែលបានជន់លិចដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។ (រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)
អ្នកស្រី គៀន ភារី អាយុ៣០ឆ្នាំ ជាពលរដ្ឋម្នាក់ ដែលរស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានប្រាប់វីអូអេកាលពីយប់ថ្ងៃអង្គារថា ភ្លៀងក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ ទឹកបានហូរសម្រុកចូលមកពេញផ្ទះរបស់អ្នកស្រី ហើយបានលិចម៉ូតូ ឃើញត្រឹមតែកញ្ចក់ម៉ូតូតែប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា អ្នកស្រីមិនបានរើអីវ៉ាន់ទាន់នោះទេ។ អ្នកស្រីបញ្ជាក់ថា ចាប់តាំងពីធ្វើផ្លូវ ដាក់លូថ្មីមក ឲ្យតែភ្លៀង គឺលិចតែម្តង។
អ្នកស្រីថ្លែងថា៖ « តាំងពីធ្វើលូ ធ្វើផ្លូវថ្មីមក ឮថាផ្អាក[លិចទឹក]មួយឆ្នាំដែរហ្នឹង ប៉ុន្តែឥឡូវមិនដឹងយ៉ាងម៉េចទេ ភ្លៀងតែកន្លះម៉ោង ឬមួយម៉ោងលិចយកតែម្តង ប្រមូលអីវ៉ាន់អត់ទាន់»។
អ្នកស្រីថ្លែងបន្តថា៖ «ពិបាកខ្លាំងហ្មង ពិបាកតាំងពីកន្លែងហូប ពិបាកទាំងចង្ក្រានបាយ ពិបាកតាំងពីកន្លែងគេង ជាពិសេសកន្លែងគេងហ្មង ហើយគ្នា[មនុស្ស]ច្រើនទៀត គ្នា[មនុស្ស]ឡើងជាង១០នាក់»។
ចំណែកពលរដ្ឋម្នាក់ទៀត អ្នកស្រី ពេជ្រ ចាន់ថន ដែលរស់នៅតំបន់ចម្ការស្ពៃ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានប្រាប់វីអូអេនៅព្រឹកថ្ងៃពុធនេះថា អ្នកស្រីមានការភ័យតក់ស្លុត នៅពេលទឹកឡើងមកខ្លាំង និងលឿនបែបនេះ។ ហើយផ្ទះរបស់អ្នកស្រីត្រូវបានជន់លិចដល់ទៅកម្ពស់ប្រមាណ៤ម៉ែត្រ ដែលធ្វើឲ្យអ្នកស្រីបារម្ភអំពីសុវត្ថិភាពកូនស្រីអាយុ ២ឆ្នាំ។
អ្នកស្រីថ្លែងថា៖ «មនុស្សប្រុសថា អស់ហើយ[កម្ពស់]១ម៉ែត្រ៨០ ហើយទឹកចូល៤ម៉ែត្រហើយគាត់រៀងពិបាក[ចូលជួយ]...។ ហើយគាត់ពិបាក គាត់យកធុងស្នោមួយ [ហើយ]ដាក់កូនខ្ញុំចូលក្នុងធុងហ្នឹង បណ្តែតតាមទឹកទៅ ហើយខ្ញុំគាត់ជួយគ្រា[ខ្ញុំចេញ] ដោយសារខ្ញុំអត់ចេះហែលទឹក ...ហើយគាត់២នាក់ហ្នឹងជួយ [ហើយ]បើនិយាយចំទៅ គឺចង់ភ័យខ្លួនដែរ ដោយសារទឹកជ្រៅ ហើយទឹកបុកមកខ្លាំងទៀត។ ហើយទម្រាំបានចេញផុតព្រលឹងព្រលះដែរហ្នឹង»។
បើតាមអ្នកស្រី ចាន់ថន បើទោះផ្ទះរបស់អ្នកស្រី ទាបជាងគេមែន ប៉ុន្តែទឹកមិនដែលលិចបែបនេះទេ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គឺលិចលង់ធ្ងន់តែម្តង ហើយរបស់របរក្នុងផ្ទះ គឺខូចខាតខ្ទេចតែម្តង។
អ្នកស្រីបន្តថា៖ «និយាយចំទៅប្រហែលជា៣[ឬ៤]ឆ្នាំហ្នឹងជាប់ៗគ្នា លិចហ្ហា។ គ្រាន់ថាឆ្នាំដំបូងលិចអញ្ចឹងដែរ ឆ្នាំទី២ មិនសូវទេ ឆ្នាំទី៣ក៏លិច ហើយលិចដូចឆ្នាំទៅមួយអញ្ចឹង»។
ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ដែលបានជន់លិចដោយជំនន់ទឹកភ្លៀងកាលពីថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។ (រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)
អ្នកស្រី ជៀប សុធារី មន្រ្តីសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាកាលមុនឆ្នាំ២០១៧ គឺមិនដែលមានការជន់លិចដោយសារជំនន់ទឹកភ្លៀងបែបនេះទេ។ ប៉ុន្តែបន្ទាប់ពីឆ្នាំ ២០១៧ គឺសង្កេតឃើញថាក្រុងព្រះសីហនុចាប់ផ្តើមសំបូរផ្ទះនិងអគារជាច្រើន ដែលទឹកមិនមានកន្លែងហូរទៅដូចមុន ទើបបណ្តាលឲ្យលិចបែបនេះ។
អ្នកស្រីថ្លែងថា៖ «ដូចខ្ញុំនិយាយអញ្ចឹង កាលណាភ្លៀងខ្លាំង ប្រព័ន្ធលូយើងអមសងខាងផ្លូវហ្នឹងវាតូច វាហូរអត់ឈ្នះទេ ហើយទម្រាំហូរទៅដល់សមុទ្រ។ កាលមុនយើងមានដីសល់ច្រើនដែលអាចបណ្តាក់ទឹក[ហូរ]បាន...ទឹកវាភ្លៀងខ្លាំងមកវាហូរធ្លាក់ទៅកន្លែងទំនាបហើយទៅដីដែលទំនេរនៅសល់ហ្នឹងហើយវាហូរបន្តបន្ទាប់ [តាម]ផ្ទៃបណ្តាក់ទឹកទៅណា វាអាចទម្លាក់ទៅដល់សមុទ្រហ្នឹង វាមានផ្ទៃល្វឹងល្វើយ»។
អ្នកស្រីបន្តថាការរៀបចំផ្លូវ ប្រព័ន្ធលូ និងប្រឡាយ គឺរុះរើធ្វើចំនួន៣ដងរួចមកហើយ ប៉ុន្តែហាក់មិនទាន់ដំណើរការល្អនៅឡើយ។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា(Cambodian Youth Network) បានប្រាប់វីអូអេថាជំនន់ទឹកភ្លៀងនេះ អាចបណ្តាលមកពីកត្តាពីរ គឺទីមួយផ្នែកគមនាគមន៍ នៅពេលដែលមានការស្ថាបនាកន្លែងណាមួយ ត្រូវគិតគូរប្រព័ន្ធលូក្នុងការរំដោះទឹកឲ្យសមមាត្រជាមួយទំហំទីតាំង និងសណ្តានដីនៅទីនោះ បើមិនដូច្នេះទេ វានឹងធ្វើឲ្យទឹកភ្លៀងពុំអាចហូរចេញបានទាន់ពេលវេលា។ ទីពីរការលុបបឹង ការលុបប្រឡាយធម្មជាតិ ដែលធ្លាប់តែទទួលទឹកភ្លៀងនេះ ក៏ធ្វើឲ្យមានការកក់ស្ទះចរន្តទឹក និងបណ្តាលឲ្យការជន់លិចជំនន់ទឹកភ្លៀងបែបនេះ។
លោកថ្លែងថា៖ «ការឆ្លុះបញ្ចាំងបែបនេះ ជាសញ្ញាមួយដែលគួរឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានពិនិត្យ និងពិចារណាឡើងវិញរាល់ការអភិវឌ្ឍន៍ទាំងឡាយណាដែលមានគម្រោងលុបបឹងធម្មជាតិ ឬលុបប្រព័ន្ធរំដោះទឹកធម្មជាតិ ជាពិសេសគួរតែបង្កើតប្លង់មេឲ្យបានត្រឹមត្រូវក្នុងការរំដោះទឹកចេញពីទីក្រុង ដើម្បីកុំឲ្យមានការជន់លិចបែបនេះ។ ការជន់លិចវាបង្កឲ្យមានការខូចខាតទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយនិងប្រព័ន្ធសេដ្ឋកិច្ច។ ជាពិសេសបើសិនជាមានគ្រោះថ្នាក់ជាយថាហេតុបណ្តាលឲ្យមានមនុស្សស្លាប់ទៀត ក៏បង្ហាញឲ្យឃើញវិប្បដិសារីក្នុងការអភិវឌ្ឍផងដែរ»។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ ក្រុងព្រះសីហនុបានក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចមួយ ដែលមានការហូរចូលយ៉ាងសន្ធឹកសន្ធាប់ពីអ្នកវិនិយោគចិន ក្នុងនោះមានការបង្កើតកាស៊ីណូលេងល្បែងរាប់រយ និងការសាងសង់អគារខ្ពស់ៗផ្សេងៗ៕