រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​សប្បាយ​ចិត្ត​ចំពោះ​ករណី​រឿង​អាស្រូវ​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល

ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geun-hye ត្រូវបានបង្ហាញ នៅលើកញ្ចក់បញ្ចាំង កំពុងថ្លែងសុន្ទរកថានៅរដ្ឋសភាក្នុងទីក្រុង សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​២៤ តុលា ២០១៦។

រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​មាន​ការ​សប្បាយ​ចិត្ត​ចំពោះ​ករណី​រឿង​អាស្រូវ​នយោបាយ​ដ៏​ចម្លែក​ដែល​បាន​ផ្ទុះ​ឡើង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​មាន​ការ​ច្របូកច្របល់ ដោយ​បាន​ហៅ​រឿង​អាស្រូវ​នយោបាយ​នេះ​ថា ជា​លទ្ធផល​ដែល​មិន​អាច​ជៀស​ផុត​បាន ដែល​បាន​កើត​ឡើង​ដោយសារតែ​របប​ពុករលួយ និង​បាន​បញ្ជាក់​បន្ថែម​ថា រដ្ឋបាល​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-hye ជា​«រដ្ឋបាល​មិន​ពេញ​លក្ខណៈ ចម្លែក និង​ល្ងីល្ងើ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ»។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដែល​បាន​ហាម​ឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​មិន​ឲ្យ​មាន​សេរីភាព​នៅ​ក្នុង​ការ​រិះគន់​ការ​ដឹកនាំ​របស់​មេដឹកនាំ​ខ្លួន​នោះ មិន​បង្អែបង្អង់​យូរ បាន​ធ្វើ​ការ​រិះគន់​លោកស្រី Park Geun-hye ដោយ​មិន​សំចៃ​មាត់។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ហៅ​ករណី​រឿង​អាស្រូវ​នេះ​ថា «ជា​ករណី​អំពើ​ពុករលួយ​ដែល​គាំទ្រ​ដោយ​អំណាច​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម ដែល​មិន​ដែល​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កូរ៉េ​ខាង​ត្បូង»។

ករណី​រឿង​អាស្រូវ​នយោបាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ គឺ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​លើ​លោកស្រី Choi Soon-sil ដែល​ជា​អ្នក​ជិតស្និទ្ធ​ជាមួយ​នឹង​លោកស្រី Park Geun-hye និង​ជា​អ្នក​ដែល​មិន​មាន​កាន់​តួនាទី​ផ្លូវការ​អ្វី​នៅ​ក្នុង​រដ្ឋាភិបាល​នោះ ប្រហែល​ជា​ដើរ​តួនាទី​ធំ និង​មិន​សមស្រប​មួយ​នៅ​កិច្ចការ​រដ្ឋាភិបាល និង​ទទួល​បាន​លាភ​សក្ការ​ពី​ទំនាក់ទំនង​ជាមួយ​នឹង​លោកស្រី Park Geun-hye នេះ។ របាយការណ៍​ផ្សេងៗ​ទៀត បាន​ចោទ​ប្រកាន់​ថា លោកស្រី Choi Soon-sil ក៏​បាន​ប្រើប្រាស់​ថវិកា​ដែល​ទទួល​បាន​ពី​អង្គការ​សប្បុរសធម៌​មួយ​ចំនួន​ដោយខុស​ច្បាប់៕