ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ដែល​ស្ថិត​ក្នុង​រឿង​អាស្រូវ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា លោកស្រី «សម​នឹង​ស្លាប់»


Choi Soon-sil (កណ្តាល)​ ចាកចេញ​ដោយ​មាន​ពាក់​មួក​ពណ៌ខ្មៅ ដែល​ជា​កូនស្រី​របស់​មេដឹកនាំ​គួរ​ឲ្យ​គោរព​ម្នាក់​និង​មាន​ទំនាក់​ទំនង​ជាមួយ​ប្រធានាធិបតី​ Park Geun-hye​ ជាយូរ​មក​ហើយ​។​ អ្នកស្រី​បាន​ឡោមព័ទ្ធ​ដោយ​មន្រ្តី​មេធាវី​និង​អ្នក​សាព័ត៌មាននៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង។
Choi Soon-sil (កណ្តាល)​ ចាកចេញ​ដោយ​មាន​ពាក់​មួក​ពណ៌ខ្មៅ ដែល​ជា​កូនស្រី​របស់​មេដឹកនាំ​គួរ​ឲ្យ​គោរព​ម្នាក់​និង​មាន​ទំនាក់​ទំនង​ជាមួយ​ប្រធានាធិបតី​ Park Geun-hye​ ជាយូរ​មក​ហើយ​។​ អ្នកស្រី​បាន​ឡោមព័ទ្ធ​ដោយ​មន្រ្តី​មេធាវី​និង​អ្នក​សាព័ត៌មាននៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោកស្រី Choi Soon-sil ដែល​ជា​តួ​អង្គ​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្ដាល​នៃ​រឿង​អាស្រូវ​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Guen-hye បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោកស្រី «សម​នឹង​ស្លាប់»។ លោកស្រី Choi បាន​ជួប​ជាមួយ​នឹង​រដ្ឋ​អាជ្ញា​ដែល​កំពុង​ស៊ើប​អង្កេត និង​វាយ​តម្លៃ​ថា​តើ​លោកស្រី​ពិតជា​បាន​ប្រើ​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​លោកស្រី​ជាមួយ​នឹង​លោកស្រី Park Geun-hye ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់ ឬ​ក៏​យ៉ាង​ណា​នោះ។

ដោយ​ថ្លែង​លាយ​ឡំ​ជាមួយ​នឹង​ទឹក​ភ្នែក​នៅ​ក្នុង​អាគារ​របស់​រដ្ឋអាជ្ញា​នា​ក្រុង​សេអ៊ូល លោកស្រី Choi បាន​និយាយ​ថា «សូម​លើក​លែង​ទោស​ឲ្យ​ខ្ញុំ​ផង។ ខ្ញុំ​បាន​ប្រព្រឹត្តិ​អំពើ​បាប ដែល​សម​នឹង​ស្លាប់»។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonhap។

បន្ទាប់ពី​មាន​ការ​សង្ស័យ​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​មក​ហើយ រឿង​អាស្រូវ​នេះ​ត្រូវ​បាន​ផ្ទុះ​ឡើង​កាល​ពី​សប្ដាហ៍​មុន នៅ​ពេល​ដែល​លោកស្រី​ប្រធានាធិបតី Park Geun-hye ទទួល​ស្គាល់​ថា លោកស្រី Choi បាន​កែ​សម្រួល​សុន្ទរកថា​មួយ​ចំនួន​របស់​លោកស្រី និង​ជួយ​លោកស្រី​ក្នុង​ផ្នែក​ទំនាក់ទំនង​សាធារណៈ។ អ្នក​ស៊ើប​អង្កេត​កំពុង​ព្យាយាម​ធ្វើ​ការ​វិភាគ​មើល​ពី​ទំហំ​នៃ​លទ្ធភាព​ដែល​លោកស្រី Choi មាន និង​ថា​តើ​លោកស្រី​មាន​បាន​ទទួល​ឯកសារ​សម្ងាត់​របស់​ប្រធានាធិបតី ឬ​ក៏​យ៉ាង​ណា​នោះ។

លោកស្រី Choi ក៏​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ផង​ដែរ​ថា​បាន​ប្រើប្រាស់​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​លោកស្រី​ជាមួយ​នឹង​លោកស្រី​ប្រធានាធិបតី Park Guen Hye ដើម្បី​ទទួល​យក​ប្រាក់​ចំនួន ៦៨ លាន​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន​សាជីវកម្ម​កូរ៉េ​ធំៗ ដើម្បី​ផ្គត់ផ្គង់​ដល់​មូលនិធិ​កីឡា​ពីរ​កន្លែង។ បន្ទាប់​មក លោកស្រី Choi Sun-silបាន​បញ្ជូន​ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​កីឡា​អាល្លឺម៉ង់​មួយ​ឈ្មោះ Widec Sports ដែល​ក្រុមហ៊ុន​នោះ​គ្រប់គ្រង​ដោយ​លោកស្រី និង​កូនស្រី​របស់​លោកស្រី។

បន្ទាប់ពី​រឿង​អាស្រូវ​ទាំង​នេះ​ត្រូវ​បាន​ដឹង​ខ្ចរខ្ចាយ លោកស្រី Choi បាន​ត្រឡប់​ពី​ប្រទេស​អាល្លឺម៉ង់​មក​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បន្ទាប់​ពី​បាន​រត់​គេច​ខ្លួន​ជាមួយ​នឹង​កូនស្រី​កាល​ពី​ខែ​កញ្ញា​កន្លង​មក៕

XS
SM
MD
LG