ប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងជួបប្រជុំមួយជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅពេលដែលមេដឹកនាំរុស្ស៊ីមកបំពេញទស្សនៈកិច្ចនៅសហរដ្ឋអាមេរិកដើម្បីចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅខែក្រោយ នេះតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីកាលពីថ្ងៃពុធ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងទីក្រុង Sevastopol នៃតំបន់ Crimea ភាគខាងកើតនៃប្រទេសអ៊ុយក្រែន លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov បានបញ្ជាក់ថា ប្រធានាធិបតី Putin នឹងចូលរួមសម័យប្រជុំលើកទី៧០របស់មហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងបើកធ្វើនៅថ្ងៃទី១៥ ខែកញ្ញាក្នុងទីក្រុងញូវយ៉ក។
លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Lavrov បាននិយាយបន្តទៀតថា ប្រធានាធិបតី Putin ប្រហែលជួបជាមួយប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប្រសិនបើភាគីសហរដ្ឋអាមេរិកផ្តល់សញ្ញាថា ខ្លួនចង់ឲ្យមានការជួបគ្នានេះ។
លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី និយាយថា «យើងសន្មត់ថា សហការីអាមេរិកាំងរបស់យើងនឹងបញ្ជូនសារមកឲ្យយើងថា ពួកគេចង់បន្តថែរក្សាការទាក់ទងនេះ។ ហើយ ប្រសិនបើមានសំណើបែបនេះនៅផ្នែករបស់អាមេរិក ខ្ញុំគិតថា ប្រធានាធិបតីរបស់យើងនឹងមើលឃើញសំណើនេះជាការស្ថាបនាមួយ»។
យោងទៅតាមបញ្ជីឈ្មោះរបស់អ្នកឡើងថ្លែងនៅអង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីខែមុន ប្រធានាធិបតីរុស្ស៊ី Putin នឹងធ្វើសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៨ ខែកញ្ញា ដែលជាថ្ងៃទីមួយនៃការជជែកដេញដោលរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
កាលពីថ្ងៃពុធ ជាថ្ងៃទី២នៃដំណើរបំពេញទស្សនៈកិច្ចដោយលោក Putin ហើយនិងមន្រ្តីរុស្ស៊ីផ្សេងៗទៀតទៅកាន់តំបន់ Crimea ឧបទ្វីបសមុទ្រខ្មៅដែលរុស្ស៊ីបានដណ្តើមយកពីប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅ៕