ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្យាបំពេញគោលដៅរបស់រដ្ឋាភិបាលក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែនហើយបានព្រមានខ្លាំងៗដល់ប្រទេសលោកខាងលិចកុំឲ្យចូលពាក់ព័ន្ធកាន់តែខ្លាំងឡើងនៅក្នុងការប្រយុទ្ធ ដោយនិយាយថាវាអាចបណ្តាលឱ្យមានហានិភ័យជម្លោះនុយក្លែអ៊ែរសកលលោក។
ការព្រមានរបស់លោក Putin បានកើតមានឡើងនៅក្នុងការថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិនៅថ្ងៃព្រហស្បតិ៍នេះមុនការបោះឆ្នោតជាតិនៅខែក្រោយដែលលោកនឹងឈ្នះ។
ក្នុងការយោងដល់សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅដើមសប្តាហ៍នេះថាការដាក់ពង្រាយកងទ័ពថ្មើជើងរបស់ប្រទេសលោកខាងលិចនៅប្រទេសអ៊ុយក្រែនមិនត្រូវបានច្រានចោលនៅពេលខាងអនាគតនោះ លោក Putin បាននិយាយថាការណ៍នេះនឹងនាំឱ្យផលវិបាកដ៏ធ្ងន់ធ្ងរ។
ថ្លែងនៅមុខពួកអ្នកស្តាប់ដែលជាសមាជិកសភានិងមន្ត្រី លោក Putin បាននិយាយថាការណ៍នេះអាចធ្វើឱ្យរុស្ស៊ីឆ្លើយតបដោយបង្កើន«ការគំរាមកំហែងនៃជម្លោះនុយក្លែអ៊ែរដែលមានន័យថាអរិយធម៌របស់យើងនឹងត្រូវបំផ្លាញ»៕