លោកប្រធានាធិបតីរុស្សីវ្លាដឺមៀ ពូទីន (Vladimir Putin) បានព្រមានថា លោកនឹងមិនមានជម្រើសអ្វីទាំងអស់ ក្រៅពីតបតទៅនឹងសហរដ្ឋអាមេរិក ជុំវិញប្រព័ន្ធការពារពីគ្រាប់មីស៊ីលរបស់អាមេរិកនៅអឺរ៉ុបនោះ។
នៅក្នុងសុន្ទរកថាក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុង អាថែន ប្រទេសក្រិក លោក Putin បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកនឹងត្រូវឆ្លើយតបនឹងចំណាត់ការរបស់អាមេរិក ដែលបានដាក់ពង្រាយប្រព័ន្ធការពារពីគ្រាប់មីស៊ីលនៅក្នុងប្រទេសរ៉ូម៉ានី និងប្រទេសប៉ូឡូញនោះ។
«ប្រសិនបើម្សិលមិញ ប្រជាជនរ៉ូម៉ានីមិនដឹងថាមានន័យយ៉ាងដូចម្តេចដែលខ្លួនស្ថិតនៅត្រង់ចំណុចប្រសព្វមួយនោះ ដូច្នេះថ្ងៃនេះយើងនឹងត្រូវបង្ខំចាត់វិធានការមួយចំនួនដើម្បីធានាដល់សន្តិសុខរបស់យើង ហើយយើងនឹងត្រូវធ្វើដូចគ្នានៅក្នុងប្រទេសប៉ូឡូញ»។ លោក Putin បានមានប្រសាសន៍យ៉ាងដូច្នេះ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំជាមួយនឹងលោកនាយករដ្ឋមន្ត្រីក្រិក Alexis Tsipras រួចមក។
លោក Putin សម្តែងការមិនយល់ស្របនឹងប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក ដោយថា វាជាការគំរាមកំហែងដល់សន្តិសុខរុស្សីនោះ។ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យលម្អិតនោះទេអំពីថាតើរុស្សីនឹងតបតទៅនឹងប្រព័ន្ធការពារពីគ្រាប់មីស៊ីលនេះយ៉ាងដូចម្តេច ដោយលោកគ្រាន់តែនិយាយថា រុស្សីមិនមែនជាអ្នកធ្វើចំណាត់ការមុននោះទេ ហើយគ្រាន់តែតបតទៅនឹងចំណាត់ការរបស់អាមេរិកតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ទាំងស្រុងថា៖ «ខ្ញុំចង់តបតទៅវិញថា នេះគឺជាវិធានការប្រឆាំងទៅវិញ យើងមិនមែនជាអ្នកបោះជំហានមុននោះទេ»។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនទាន់ឆ្លើយតបទៅនឹងការលើកឡើងចុងក្រោយបង្អស់របស់លោក Putin អំពីប្រព័ន្ធការពារពីគ្រាប់មីស៊ីលនេះនៅឡើយទេ៕