ប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្របានជំរុញឲ្យនាយកប្រតិបត្តិក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកជួយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីដែលមានកម្រិតទាបបំផុតចាប់តាំងពីសង្គ្រាមត្រជាក់ ដែលមានរយៈពេលជិត៥០ឆ្នាំនៃការតានតឹងខាងភូមិសាស្រ្តនយោបាយរវាងលោកខាងកើតនិងខាងលិច ដែលបានបញ្ចប់នៅឆ្នាំ១៩៩១។
ប្រធានាធិបតី Putin បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកក្នុងអំឡុងនៃវេទិកាសេដ្ឋកិច្ចនៅក្នុងទីក្រុង St. Petersburg ថា៖ «ខ្ញុំចង់បញ្ជូនការទទួលខុសត្រូវតាមរយៈអស់លោក។ ជួយយើងធ្វើឲ្យមានការសន្ទនាខាងនយោបាយជាប្រក្រតីឡើងវិញ»។
ប្រធានាធិបតី Putinបាននិយាយទៀតថា លោកនឹងបន្តទាក់ទងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ លោកនិយាយទៀតថា ទំនាក់ទំនងល្អជាផលប្រយោជន៍របស់ប្រទេសទាំង២។
ចំណងទាក់ទងរវាងប្រទេសទាំង២មានការតានតឹងដែលទំនងមកពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំទៅ ហើយនិងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែននិងស៊ីរី។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីនៅតែស្ថិតនៅជាធរមានពីព្រោះតែការទាក់ទិនរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនហើយនិង ការកាន់កាប់តំបន់ Crimea។
ប្រធានាធិបតី Putin បានប៉ុនប៉ងបន្ធូរបន្ថយការបារម្ភរបស់ពិភពលោកអំពីការសម្រេចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសហើយបានអំពាវនាវឲ្យពួកមេដឹកនាំសាកលលោកសហការណ៍គ្នាជាមួយប្រធានាធិបតីត្រាំអំពីបញ្ហានេះ។
ប្រធានាធិបតី Putin និយាយទៀតថា៖ «អស់លោកអ្នក មិនត្រូវរអ៊ូរទាំអំពីបញ្ហានេះទេ ក៏ប៉ុន្តែ ត្រូវតែបង្កើតបរិយាកាសសម្រាប់ធ្វើការរួមគ្នា»៕