អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី​ចូល​សម្រាក​​ពេទ្យ​ក្រោយ​កើត​ជំងឺ​កូវីដ​១៩

រូបឯកសារ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov អង្គុយស្តាប់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅ​ក្នុងកិច្ចប្រជុំមួយ នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ និង​វិមាន​ក្រឹមឡាំងបាន​ថ្លែង​ប្រាប់​អ្នក​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារថា លោក​បាន​ចូល​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ក្រោយ​ពី​លោក​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​មាន​វីរុស​កូរ៉ូណា។

លោក Dmitry Peskov អាយុ​៥២​ឆ្នាំ ត្រូវ​បាន​ទី​ភ្នាក់ងារ​ព័ត៌មាន​ Interfax ដក​ស្រង់​សម្តី​ថា លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​និង​កំពុង​ទទួល​បាន​ការ​ព្យាបាល។ លោក​ត្រូវ​គេ​រាយការណ៍​ថា​បានជួប​ផ្ទាល់​ជាមួយ​លោក​ពូទីន​កាល​ពី​ជាង​មួយ​ខែ​មុន។

លោក ពូទីន បាន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​បាន​ធ្វើ​ការ​ប្រជុំ​តាម​អនឡាយ​ខណៈ​ដែល​លោក​ធ្វើ​ការ​ពី​ផ្ទះ​នៅ​ក្រៅ​ក្រុង​មូស្គូ។ អ្នក​នាំ​ពាក្យ​លោក Peskov ជា​មន្ត្រី​រុស្ស៊ី​ជាន់​ខ្ពស់​បំផុត​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩។

បច្ចុប្បន្ន​នេះ​ប្រទេស​រុស្ស៊ី​បាន​ក្លាយ​ជា​ប្រទេស​មានករណី​ឆ្លង​វីរុស​កូរ៉ូណាដែល​បង្ក​ជំងឺ​កូវីដ១៩​ច្រើន​ជាងទី​២​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​មាន​ការ​ផ្ទុះ​រាលដាល​ថ្មី ដោយ​មក​ត្រឹម​ថ្ងៃ​អង្គារ​នេះ​រុស្ស៊ី​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជាង​២៣០.០០០​នាក់​និង​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ចំនួន ២.១១៦នាក់។

ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ​ក៏​កម្មករ​សំណង់​និង​រោងចក្រ​រុស្ស៊ី​បាន​ទៅ​ធ្វើ​ការ​វិញ​កាល​ពី​ថ្ងៃ​អង្គារ៕