ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃព្រហស្បតិ៍នេះបានសរសើរប្រធានាធិបតីចិនលោក Xi Jinping ចំពោះគោលជំហរដែលមាន «តុល្យភាព» លើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងបានរិះគន់សហរដ្ឋអាមេរិកសម្រាប់អ្វីដែលលោកហៅថាជាការបង្កហេតុទាក់ទិននឹងរឿងកោះតៃវ៉ាន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Xi ដែលធ្វើទស្សនកិច្ចទៅបរទេសលើកដំបូងបង្អស់តាំងពីពេលមានវិបត្តិជំងឺកូវីដ១៩ មក បានជួបជាមួយនឹងលោក Putin នៅក្នុងទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន ដែលនៅទីនោះលោកទាំងពីរនឹងចូលរួមនៅក្នុងកិច្ចប្រជុំរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)។
នៅក្នុងជំនួបទល់មុខគ្នាដោយផ្ទាល់តាំងពីពេលដែលប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនមក លោក Putin បានសរសើរលោក Xi សម្រាប់គោលជំហររបស់លោកលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែក៏បាននិយាយផងដែរថា លោកយល់ថារដ្ឋាភិបាលចិនមាន «ចម្ងល់និងក្ដីបារម្ភ» ទាក់ទិននឹងសង្គ្រាមនេះ។
កន្លងមក ប្រទេសចិនបានដកខ្លួនមិនធ្វើការថ្កោលទោសណាមួយលើប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ឬក៏មិនបានហៅប្រតិបត្តិការនេះថាជា «ការឈ្លានពាន» នោះទេ ដោយបានយល់ស្របតាមរដ្ឋាភិបាលរុស្ស៊ីដែលហៅសង្គ្រាមនោះថាជា «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ី។
លោក Putin បាននិយាយថា៖ «យើងផ្ដល់តម្លៃខ្ពស់ដល់គោលជំហរដែលមានតុល្យភាពរបស់មិត្តភក្តិចិនរបស់យើងទាក់ទិននឹងវិបត្តិអ៊ុយក្រែន។ យើងយល់អំពីចម្ងល់និងក្ដីបារម្ភរបស់អ្នកអំពីរឿងនេះ។ នៅក្នុងការប្រជុំនៅថ្ងៃនេះ យើងនឹងប្រាកដជាពន្យល់អំពីគោលជំហររបស់យើងជាមិនខាន»។
នៅក្នុងជំនួបនោះផងដែរ លោក Putin បានគាំទ្រប្រទេសចិនយ៉ាងជាក់ច្បាស់ទាក់ទិននឹងរឿងកោះតៃវ៉ាន់ ដោយលោកបាននិយាយថា៖ «យើងមានបំណងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមគោលការណ៍ «ចិនតែមួយ»។ យើងថ្កោលទោសការបង្កហេតុរបស់សហរដ្ឋអាមេរិកនិងប្រទេសបរិវាររបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រតៃវ៉ាន់»៕
ទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន —