ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាកងទ័ពរបស់លោកកាលពីថ្ងៃចន្ទឱ្យ «កម្ចាត់» កងទ័ពអ៊ុយក្រែនដែលបានចូលក្នុងទឹកដីរុស្ស៊ី ខណៈអាជ្ញាធររុស្ស៊ីថាប្រជាជនជាង ១២០.០០០ នាក់ត្រូវបានជម្លៀសចេញពីការប្រយុទ្ធគ្នា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
កងទ័ពអ៊ុយក្រែនបានវាយលុយយ៉ាងភ្ញាក់ផ្អើលចូលក្នុងតំបន់ Kurskប៉ែកខាងលិចរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយកាន់កាប់ទីតាំងបានជាង ២០ កន្លែង។ នេះគឺជាការវាយប្រហារឆ្លងព្រំដែនដ៏សំខាន់បំផុតរបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីតាំងពីសម័យសង្គ្រាមលោកលើកទីពីរមក។
លោក Putin បានថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ីដោយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថា៖ «គោលបំណងដ៏ច្បាស់មួយរបស់សត្រូវគឺធ្វើឱ្យយើងឈ្លោះគ្នា បង្កឱ្យមានកំហឹង ធ្វើឱ្យប្រជាជនភ័យខ្លាច បំផ្លាញសាមគ្គីភាពនិងភាពចុះសម្រុងគ្នានៃសង្គមរុស្ស៊ី»។
លោកថ្លែងទៀតថា៖ «ប្រាកដណាស់ ភារកិច្ចចម្បងគឺឱ្យក្រសួងការពារជាតិកម្ចាត់សត្រូវចេញពីទឹកដីរបស់យើង»។
មនុស្សប្រមាណ ១២១.០០០ នាក់បានភៀសខ្លួនចេញពីតំបន់ Kursk តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមមក ដែលការប្រយុទ្ធគ្នានេះបានសម្លាប់ជនស៊ីវិលយ៉ាងតិច ១២ នាក់និងធ្វើឱ្យមនុស្ស ១២១ នាក់ទៀតរងរបួស។ នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់ Kursk លោក Alexei Smirnov នៅក្នុងអង្គប្រជុំជាមួយលោក Putin។
អាជ្ញាធរតំបន់ Kursk បានប្រកាសកាលពីថ្ងៃចន្ទថាពួកគេក៏ជម្លៀសមនុស្សនៅក្នុងស្រុក Belovsky ផងដែរ ដែលនៅទីនោះមានប្រជាជនរស់នៅប្រមាណ ១៤.០០០ នាក់។ តំបន់ Belgorod ដែលនៅជាប់គ្នានោះក៏បញ្ជាក់ផងដែរថាខ្លួនកំពុងជម្លៀសប្រជាជនចេញពីស្រុក Krasnoyaruzhsky ដែលនៅជាប់ព្រំដែន៕