ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ឥឡូវ​នេះ​មាន​យន្តហោះ​ចម្បាំង F-16 ហើយ​នេះ​ជា​​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​នៅ​ខាងមុខ​យន្តហោះចម្បាំង F-16
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​នៅ​ខាងមុខ​យន្តហោះចម្បាំង F-16

យន្តហោះ​ចម្បាំង​ F-16 ផលិត​នៅ​អាមេរិក​ គឺ​ជា​យន្តហោះ​ចម្បាំង​ដ៏​ល្បីល្បាញ​ ដែល​បាន​ក្លាយ​ជា​យន្តហោះ​ចម្បាំង​ជួរមុខ​នៃ​ជម្រើស​សម្រាប់​សម្ពន្ធមិត្ត​អង្គការ​អូតង់ និង​កង​ទ័ព​អាកាស​នៅ​ជុំវិញ​ពិភព​លោក​អស់​រយៈ​ពេល​ ៥០ ឆ្នាំ​មក​ហើយ។

បើ​តាម​មន្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​អ៊ុយក្រែន​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press ថា បណ្តា​ប្រទេស​លោក​ខាងលិច​បាន​សន្យា​ផ្តល់​យន្តហោះ ​F-16 ដល់​រដ្ឋាភិបាល​ទីក្រុង​ Kyiv ហើយ​ខ្លះ​បាន​ទៅ​ដល់​អ៊ុយក្រែន​ហើយ។ ​យន្តហោះ​ចម្បាំង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចាប់​ផ្តើម​ហោះហើរ​ប្រតិបត្តិការ​សឹក​លើ​ដែនអាកាស​អ៊ុយក្រែនឆាប់ៗ​នេះ​ ហើយ​និង​ក្លាយ​ជា​ការ​បង្កើន​សមត្ថភាព​ជា​ចាំ​បាច់​ជំនួស​យន្តហោះ​ចម្បាំង​សម័យ​សូវៀតរបស់​ប្រទេស​ បច្ចុប្បន្ន​ដែល​ប្រើប្រាស់​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​បាន​ផ្តល់ការ​អនុញ្ញាតនៅ​ខែ​សីហា ​ឆ្នាំ​២០២៣​ ឱ្យ​មានការ​បញ្ជូនយន្ត​ហោះ​ចម្បាំង F-16 ចាស់ៗ​ ដើម្បី​ដាក់​ពង្រាយ​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ ទោះបី​ជា​សហរដ្ឋ​អាមេរិក​នឹង​មិន​ផ្តល់​យន្តហោះ​ផ្ទាល់ខ្លួន​ណាមួយ​ក៏ដោយ។ បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និង​ន័រវែស បាន​ប្តេជ្ញា​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវយន្តហោះ​ជាង ៦០​គ្រឿង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ តែ​អាច​បញ្ជូន​មក​ដល់​យឺតយ៉ាវ​បន្តិច។

ទោះបី​ជា​រុស្ស៉ី​វាតទី​សមរភូមិ​នា​ពេល​ថ្មីៗនេះតែ​បន្តិចម្តងៗក៏​ដោយ​ ក៏​ចលនា​រុល​ឆ្ពោះ​ទៅមុខ​ប្រកប​ដោយភាព​ទៀងទាត់របស់​រុស្ស៉ី​កំពុង​កើន​ឡើង​នៅ​ពេល​ដែល​អ៊ុយក្រែន​ដក​ថយ​សន្សឹមៗ។

យន្តហោះ​ចម្បាំង ​F-16​ នឹង​ពង្រឹង​កម្លាំង​យោធា​របស់​អ៊ុយក្រែន ជា​ពិសេស​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​ដែន​អាកាស​របស់​ខ្លួន។ ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា ពួក​គេ​នឹង​មិន​បង្វែរ​ទិសដៅ​នៃ​សង្គ្រាម​ដោយ​ខ្លួន​ឯង​ឡើយ។

នេះ​ជា​អ្វី​ដែលគួរ​ត្រូវ​ដឹង៖

តើ​យន្តហោះ​ F-16 អាច​នាំមក​នូវ​អ្វី​ខ្លះ​ដល់​កិច្ច​ប្រឹងប្រែង​សង្គ្រាម​អ៊ុយក្រែន?

លោក​ Federico Borsari​ នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​វិភាគ​គោល​នយោបាយ​អឺរ៉ុប CEPA ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​និយាយ​ថា​ យន្តហោះ​ F-16​ ទំនង​ជា​នឹង​មាន​បេសកកម្ម​ស្នូល​ចំនួន​បី។

យន្តហោះ​ទាំងនេះ​នឹង​ស្វះស្វែង​រក​ការ​ស្ទាក់​បាញ់​បំបែក​មីស៊ីល ​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី ដែល​បាន​ទម្លាក់​គ្រាប់​បែក​ឥត​ឈប់ឈរ​នៅ​អ៊ុយក្រែន បង្ក្រាប​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​សត្រូវ និង​វាយ​ប្រហារ​ទីតាំង​កងទ័ព​រុស្ស៊ី ​និង​ឃ្លាំង​រំសេវ​ដោយ​មីស៊ីល​ពី​លើ​អាកាស​ទៅ​ដី។

លោក Borsari និយាយ​ថា៖ «យន្តហោះ​ទាំងនេះ​នឹង​អាច​កែប្រែ​ទិដ្ឋភាព​ខ្លះនៃ​សង្រ្គាម​នេះ» ។

ព័ត៌មាន​ជា​ច្រើន​អំពី​ការ​បញ្ជូន​យន្តហោះ ​F-16 ​ត្រូវ​ចាត់​ទុក​ជា​រឿង​សម្ងាត់ជាតិ រួម​ទាំង​អ្វី​ដែល​រដ្ឋាភិបាល​លោក​ខាង​លិច​អនុញ្ញាត​ឱ្យ​យន្តហោះ​ទាំងនោះវាយ​ប្រហារ​បាន និង​គ្រឿង​សព្វាវុធ​អ្វី​ដែល​គេ​នឹង​បញ្ជូន​ជាមួយ​យន្តហោះ។

យន្តហោះ​ចម្បាំង ​F-16 អាច​ផ្ទុក​មីស៊ីល​បាញ់ពីលើ​អាកាស Storm Shadow ដែល​ផ្គត់ផ្គង់​ដោយ​ចក្រភព​អង់គ្លេស​ ដោយ​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​២៥០​ គីឡូម៉ែត្រ ដែល​អាច​វាយប្រហារ​គោលដៅនៅ​ក្នុង​ប្រទេស​រុស្ស៊ី​បាន។ យន្តហោះ​ទាំងនេះ​ក៏​អាច​ផ្ទុក​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​បាញ់​លើ​អាកាស​ដែល​នឹង​គំរាមកំហែង​ដល់​យន្តហោះ​ទម្លាក់​គ្រាប់បែក ​និង​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី។ រ៉ាដា​ទំនើបៗ​របស់​យន្តហោះ​ទាំង​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​បើក​យន្តហោះ​អ៊ុយក្រែន​កំណត់​គោលដៅ​បាន​ឆ្ងាយ​ជាង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ពី​ក្នុង​យន្តហោះ​ប្រភេទ MiG-29, Su-27 ​និង​ Su-24 របស់​ពួកគេ។

ការ​ត្រួតត្រា​លើ​ដែនអាកាស​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធនាការ​សង្គ្រាម​លើ​ដី​ ដោយសារ​យន្តហោះ​ទាំងនេះ​ការពារ​កងទ័ព​ពី​លើ​អាកាស។ ប៉ុន្តែ​ការ​គាំទ្រ​ដល់​ចលនា​ទ័ព​អ៊ុយក្រែន​នៅ​ជួរមុខ​ជាមួយ​នឹង​ការ​វាយប្រហារ​លើ​ដី​អាច​ជា​ហានិភ័យ​ខ្លាំង​សម្រាប់​យន្តហោះ​ F-16 ដោយសារ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដ៏​ទំនើប​របស់​រុស្ស៊ី។

យ៉ាងហោច​ណាស់​ យន្តហោះ​ចម្បាំង​អាច​មាន​ឥទ្ធិពល​ផ្លូវចិត្ត​លើ​អាកាសយានិក​រុស្ស៊ី និង​ផ្តល់ការ​ជំរុញ​ទឹកចិត្ត​សម្រាប់​ប្រជាជន​អ៊ុយក្រែន​ដែល​ប្រឹងប្រែង​ប្រឆាំង​នឹង​កងកម្លាំង​របស់​វិមាន​ក្រឹមឡាំង។

តើមាន​បញ្ហា​ប្រឈម​អ្វីខ្លះ​សម្រាប់​អ៊ុយក្រែន?

អ្នកស្រី Marina Miron នៃ​នាយកដ្ឋាន​សិក្សា​ផ្នែក​ការពារ​ជាតិ​នៅ​មហាវិទ្យាល័យ King's College London ក្នុង​ទី​ក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស បង្ហាញ​បញ្ជី​នៃ​បញ្ហា​ប្រឈម​ដ៏​វែង​ដែល​យន្តហោះ​ F-16 ​នឹង​នាំ​យក​មក​សម្រាប់​អ៊ុយក្រែន។

ការ​ហ្វឹកហ្វឺន​ប្រហែល​ប្រាំបួន​ខែ​នៅ​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​សម្រាប់​អ្នកបើក​យន្តហោះ​អ៊ុយក្រែន​គឺ​ពន្លឿន​យ៉ាង​ខ្លាំង​ចំពោះ​វគ្គ​បណ្តុះបណ្តាល​បើកយន្តហោះ​ដែលធម្មតា​ត្រូវ​សិក្សា​រយៈ​ពេល​៣​ឆ្នាំសម្រាប់​អ្នក​បើក​យន្តហោះ​លោក​ខាងលិច​នៅ​ក្នុង​អ្វី​ដែល​លោកស្រី​ Miron ហៅ​ថា «គ្រឿង​ម៉ាស៊ីន​ដ៏​ស្មុគ​ស្មាញ»។ នោះ​នឹង​មានន័យ​ថា​ពួកគេ​ខ្វះ​សមត្ថភាព​ប្រើ​ប្រាស់​វា​ពេញ​លេញ​បាន។

យន្តហោះ F-16s ក៏​ត្រូវការ​បុគ្គលិក​ជំនួយ​មួយ​ចំនួន​ធំ​ផងដែរ​ ដូចជា​វិស្វករ​ជំនាញ​ជួសជុល​ អ្នក​ចេះ​ផ្ទុក​គ្រាប់ អ្នកវិភាគ​ផ្នែក​ចារកម្ម​ និង​ក្រុម​សង្គ្រោះ​បន្ទាន់។

អ៊ុយក្រែន​ក៏​ត្រូវ​បង្កើត​បណ្តាញ​ស្ថានីយ​រ៉ាដា រោង​ចត​យន្តហោះ​ ការ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​ និង​ប្រព័ន្ធ​ចាក់​ប្រេង។ គុណភាព​ព្រលាន​យន្តហោះក៏ជា​កត្តា​ចាំ​បាច់​ផងដែរ​ ដោយសារ​ការ​ស្រប​ខ្យល់ F-16 នៅ​ជិត​ដល់​ផ្លូវព្រលាន​ផ្ទាល់​ដី អាច​គ្រោះថ្នាក់​ដោយ​ការ​បឺត​យក​កម្ទេច​កម្ទី​ និង​ធូលី​ដី​ចូល​ទៅ​ក្នុង​ម៉ាស៊ីន។

អ្នកស្រី ​Miron និយាយ​ថា៖ «បញ្ហា​ពាក់ព័ន្ធ​ជាច្រើន​ចាំបាច់​ត្រូវ​ដោះស្រាយ» ។

អ្នកបើក​យន្តហោះ​អ៊ុយក្រែន​ដែល​គ្មាន​បទពិសោធន៍​ប្រយុទ្ធ​តាម​យន្តហោះ F-16 អាច​បារម្ភ​មិន​ចង់​ចូលរួម​ក្នុង​ចម្បាំងប្រដេញ​គ្នា។

តើ​រុស្ស៊ី​នឹង​មាន​ប្រតិកម្ម​យ៉ាងណា?

ប្រធានាធិបតី​រុស្ស៊ី ​លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ​នឹង​ពេញចិត្ត​ចំពោះ​រូបភាព​នៃការ​បំផ្លាញ​យន្តហោះ F-16 ពី​បណ្តា​ប្រទេស​អូតង់​នឹង​នាំមក។

អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង ​លោក Dmitry Peskov បាន​និយាយ​នៅ ថ្ងៃទី ១​ ខែសីហា​ ថា ​យន្តហោះ F-16 ​នឹង​មិនមែន​ជា «ថ្នាំ​វេទមន្ត» ដែល​ផ្លាស់ប្តូរ​សង្គ្រាម​ទេ។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​រុស្ស៊ី​បាន​ផ្តល់​រង្វាន់​ដល់​ទាហាន​ដែល​អាច​បំផ្លាញ​យន្តហោះ F-16 រួច​ហើយ។

កង​កម្លាំង​របស់​វិមាន​ក្រឹមឡាំង​ទំនង​ជា​នឹង​ព្យាយាម​បំផ្លាញ​យន្តហោះ F-16 នៅ​លើ​ដី​ដោយ​កាំជ្រួច​បាញ់​រយៈ​ចម្ងាយ​ឆ្ងាយ។ ពួកគេ​បាន​កំណត់​គោលដៅ​វាយប្រហារ​លើដែន​អាកាស​សម​ល្មម​ដែល​មាន​កម្រិត​របស់​អ៊ុយក្រែន​រួចហើយ។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ​ទ័ព​អ៊ុយក្រែន​នឹង​ត្រូវ​ចត​យន្តហោះ F-16 នៅ​ក្នុង​ឃ្លាំង​រឹងមាំ​ បំបែក​ពួកវា​នៅ​ចន្លោះ​ទីតាំង​ផ្សេងៗ​ ស្ថានីយ​បញ្ឆោត​ប្រភេទ​យន្តហោះ ហើយ​ត្រៀម​ហោះ​ចេញ​យ៉ាង​លឿន​ក្នុង​ករណី​មាន​ការ​ព្រមាន​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស។

អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​អាច​រក្សាទុក​យន្តហោះ​ចម្បាំង​មួយ​ចំនួន​នៅ​មូលដ្ឋាន​បរទេស​ដើម្បី​ការពារ​ពី​ការ​វាយប្រហារ​របស់​រុស្ស៊ី។ នោះ​បាន​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក ពូទីន​ ដែល​បាន​ព្រមាន​ថា​មូលដ្ឋាន​ទ័ព​អាកាស​លោក​ខាងលិច​ណាមួយ​ដែល​ទទួល​យន្តហោះ​ចម្បាំង​អ៊ុយក្រែន​នឹង​ក្លាយ​ជា «គោលដៅ​សមស្រប» សម្រាប់​កង​កម្លាំង​របស់​វិមាន​ក្រឹមឡាំង។

មន្ត្រី​អាមេរិក​បាន​និយាយ​ថា​ យន្តហោះ F-16 នឹង​មាន​មូលដ្ឋាន​នៅ​អ៊ុយក្រែន។

នៅ​លើ​អាកាស​ យន្តហោះ​ចម្បាំង​ F-16 ​របស់​អ៊ុយក្រែន ​នឹង​ប្រឆាំង​នឹង​ប្រព័ន្ធ​មីស៊ីល​ចល័ត​ពី​ដី​ទៅ​អាកាស​ S-300 និង S-400 របស់​រុស្ស៊ី ដែល​អាច​តម្រង់​គោលដៅ​យន្តហោះ​ជាច្រើន​ក្នុង​ពេល​តែមួយ។ យោធា​រុស្ស៊ី​ក៏​មាន​យន្តហោះ​ចម្បាំង​ដែល​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា ​ជា​យន្តហោះ​ចម្បាំង​ជា​ច្រើន​រយ​គ្រឿង ក៏ដូចជា​រ៉ាដា​ឃ្លាំមើល​ដែន​អាកាស​ទំនើបៗ​ផង​ដែរ។

លោកBorsari នៃ CEPA បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង​ Su-35 របស់​រុស្ស៊ី​នឹង​ក្លាយ​ជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​មួយ​ចំពោះ​យន្តហោះ​ចម្បាំង F-16។ វា​មាន​រ៉ាដា​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អនុញ្ញាត​ឱ្យ​វា​តាម​ដាន​និង​វាយប្រហារ​ដល់​ទៅ​ប្រាំបី​គោលដៅ​ក្នុង​ពេល​តែ​មួយ​នៅតំបន់​ធំ​ទូលាយ។

ទោះជា​យ៉ាង​នេះ​ក្តី ​ជនជាតិ​រុស្ស៊ី​ដឹង​ថា ពួកគេ​នឹង​ប្រឆាំង​នឹង​យន្តហោះ​ដែល​គំរាមកំហែង​ខ្លាំង​ជាង​ដែល​ពួកគេ​បាន​ជួប​កន្លង​មក​ក្នុង​សង្គ្រាម​ ហើយ​ទំនង​ជា​នឹង​អនុវត្ត​វិធីសាស្ត្រ​ប្រុងប្រយ័ត្ន​ជាង​នេះ។

តើ​អ៊ុយក្រែន​នឹង​ការពារ​យន្តហោះ F-16 យ៉ាង​ដូច​ម្តេច?
អ្នក​ជំនាញ​អាកាសចរណ៍​អ៊ុយក្រែន​លោក Anatolii Khrapchynskyi ​មាន​ប្រសាសន៍​ថា​ ទោះបី​ជា​កង​កម្លាំង​រុស្ស៊ី​នឹង​ព្យាយាម​វាយ​ប្រហារ​យន្តហោះ ​F-16 ​នៅ​តាម​មូលដ្ឋាន​អាកាស​ដែល​ពួកគេ​រក្សា​ទុក​ក៏​ដោយ ក៏​អ៊ុយក្រែន​មាន​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​ដើម្បី​ការពារ​យន្តហោះ​ចម្បាំង​ប្រឆាំង​នឹង​ការ​វាយប្រហារ​បែប​នេះ​រួច​ដែរ។

លោក Khrapchynskyi បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press ថា​ អ៊ុយក្រែន​មាន​សមត្ថភាព​រឹងមាំ​ «ដើម្បី​ការពារ​ដែន​អាកាស​របស់​ខ្លួន​ ជាមួយ​នឹង​ការ​ការពារ​ប្រឆាំង​យន្តហោះ ដើម្បី​បង្វែរ​ការ​វាយប្រហារ​ពី​រុស្ស៊ី។ ក្នុង​អំឡុង​ពេល​ទាំងមូល​ចាប់​តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​មក រុស្ស៉ី​បាន​ព្យាយាម​យ៉ាង​សកម្ម​វាយលុក​លើ​អាកាសយានដ្ឋាន​អ៊ុយក្រែន ប៉ុន្តែ​ពួកគេ​មិនបាន​ជោគជ័យ​ច្រើន​ទេ"។

លោក ​Khrapchynskyi បាន​និយាយ​ថា ​យន្តហោះ​ F-16 នឹង​បង្កើន​សមត្ថភាព​របស់​កងទ័ព​អាកាស​អ៊ុយក្រែន​ ដើម្បី​ការពារ​លំហ​អាកាស​របស់​ប្រទេស​ពី​ការ​វាយប្រហារ​របស់​រុស្ស៊ី និង​បង្កើន​ចម្ងាយ​ដែល​អ៊ុយក្រែន​អាច​វាយប្រហារ​គោលដៅ​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោកKhrapchynskyi និយាយ​ថា៖ «ជាមួយ​នឹង​ការ​ទទួល​បាន​យន្តហោះ​ F-16​ យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ឱ្យ​អ៊ុយក្រែន​ចាញ់​ប្រៀបនា​ពេល​នេះ។ ទាំងនេះ​រួមមាន​ ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ដ៏​ធំ​របស់​រុស្ស៊ី ការ​ទម្លាក់​គ្រាប់​បែក​បញ្ជា​ពី​លើ​អាកាស​ និង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល​ចល័ត​ពី​ដី​ទៅ​អាកាស​ S-300 នៅ​ក្នុង​តំបន់​ព្រំដែន Sumy និង Kharkiv ។ យើង​កំពុង​និយាយ​អំពី​ការ​ទទួល​យន្តហោះ​ F-16 តាម​គំនិត​របស់​ខ្ញុំ​ វា​នឹង​ជួយ​អ៊ុយក្រែន​យ៉ាង​ខ្លាំង​ក្នុង​ការ​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ»៕

ប្រែសម្រួល​ដោយ​ លោក សុខ ខេមរា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG