ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រយុទ្ធគ្នា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​បន្ត​នៅ​ថ្ងៃ​ទី៣​នៅ​ក្នុង​តំបន់ ​Kursk ​របស់​រុស្ស៊ី


ទីក្រុង Sudzha នៃ​តំបន់ Kursk នៅ​រុស្ស៊ី​បន្ទាប់​ពីការ​លុកលុយ​ពីអ៊ុយក្រែន​។
ទីក្រុង Sudzha នៃ​តំបន់ Kursk នៅ​រុស្ស៊ី​បន្ទាប់​ពីការ​លុកលុយ​ពីអ៊ុយក្រែន​។

កងទ័ព​រុស្ស៊ី​និង​អ៊ុយក្រែន​កំពុង​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​តំបន់ Kursk នៃ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ទី៣​ជាប់ៗ​គ្នា។ នេះ​បើ​តាម​ក្រសួង​ការពារជាតិ​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

រុស្ស៊ី​បាន​ពណ៌នា​ការប៉ះទង្គិច​នេះ​ថា​ជា​ការលុកលុយ​ឆ្លងកាត់​ព្រំដែន​ដ៏​ធំ​បង្អស់​មួយ​ដោយ​កងទ័ព​អ៊ុយក្រែន​ក្នុង​អំឡុង​នៃ​សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​កាលពី២ឆ្នាំកន្លះ​មុន​ដោយ​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​លើ​អ៊ុយក្រែន​នៅ​តាម​បណ្តាយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​រុស្ស៊ី។

ក៏ប៉ុន្តែ សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​ថា​យោធា​រុស្ស៊ី​និង​ឆ្មាំ​ការពារព្រំដែន​បាន​រារាំង​កងទ័ព​អ៊ុយក្រែន​កុំ​ឱ្យ​រុល​ចូលកាន់តែ​ជ្រៅ​ទៅ​ក្នុង​តំបន់ Kursk នៅភាគ​នារតី​ប្រទេស​រុស្ស៊ី។ ក្រសួង​ការពារ​ជាតិ​នោះ​បាន​និយាយ​ទៀត​ថា​កងទ័ព​កំពុង​វាយប្រហារ​ទាហាន​របស់​អ៊ុយក្រែន​ដែល​កំពុង​ព្យាយាម​រុលទៅមុខ​ចេញពី​តំបន់ Sumy នៃ​ប្រទេស​អ៊ុយក្រែន។

វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សង្គ្រាម​ដែល​ជា​អង្គការ​ស្រាវជ្រាវ​មាន​ទីតាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​បាន​តាមដាន​យ៉ាង​ដិតដល់​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​និយាយ​ថា​រហូត​មក​ដល់​ថ្ងៃ​ពុធ កងទ័ព​អ៊ុយក្រែន​បាន​រុល​ចូលក្នុង​ដែនដី​រុស្ស៊ី​រហូត​ដល់​១០​គីឡូម៉ែត្រ ​ថ្វីបើ​ការវាយ​តម្លៃ​មិន​មាន​ការបញ្ជាក់​ក៏​ដោយ។

ពួក​មន្ត្រី​អ៊ុយក្រែន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ស្តីពី​ការប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Kursk ​ជុំវិញ​ទីក្រុង Sudzha។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា​ខ្លួន​បាន​កម្ទេច​ដ្រូន​អ៊ុយក្រែន​ដែល​បាន​ហោះ​ពី​លើ​តំបន់ Kursk ​និង Oryol។

លោក Alexei Smirnov​ អភិបាល​ស្តីទី​តំបន់ Kursk បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​លើ Telegram ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី​ក៏​បាន​បាញ់​ទម្លាក់​កាំជ្រួច​មីស៊ីល​របស់​អ៊ុយក្រែន​ជា​ច្រើន​នៅ​ក្នុង​រយៈពេល​មួយ​យប់៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន ReutersនិងAP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG