នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសរសើរទំនាក់ទំនង «វិជ្ជមាន» របស់ប្រទេសរុស្ស៊ីជាមួយនឹងប្រទេសមីយ៉ាន់ម៉ា នៅពេលដែលលោកបានជួបជាមួយនឹងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅក្នុងទីក្រុង Vladivostok នៅភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Putin បាននិយាយនៅក្នុងអំឡុងពេលជំនួបនោះនៅក្រៅកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចភាគខាងកើត (Eastern Economic Forum) ថា៖ «ប្រទេសមីយ៉ាន់ម៉ាគឺជាដៃគូដ៏យូរអង្វែងនិងគួរឱ្យទុកចិត្តរបស់ប្រទេសរុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ...ទំនាក់ទំនងរបស់យើងកំពុងអភិវឌ្ឍទៅមុខនៅក្នុងផ្លូវវិជ្ជមាន»។
ទស្សនកិច្ចរបស់លោក Min Aung Hlaing នេះបានធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរប្រឈមនឹងភាពឯកោផ្នែកការទូត ដោយសារប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ និងដោយសារការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។
ដោយសារតែទំនាក់ទំនងរវាងរុស្ស៊ីជាមួយនឹងក្រុមបស្ចិមប្រទេសមានភាពប្រេះស្រាំទាក់ទិននឹងរឿងអ៊ុយក្រែន រដ្ឋាភិបាលរុស្ស៊ីកំពុងស្វះស្វែងងាកទៅរកតំបន់មជ្ឈិមបូព៌ា ទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក។
លោក Min Aung Hlaing បានប្រាប់លោក Putin ថា៖ «ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះលោក ដោយសារតែនៅពេលដែលលោកបានឡើងកាន់អំណាច ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសលេខមួយនៅលើពិភពលោក»។ ការលើកឡើងរបស់លោក Min Aung Hlaing នេះត្រូវបានដកស្រង់ដាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលរុស្ស៊ី។
លោកបានបន្ថែមថា៖ «យើងមិនត្រឹមតែហៅលោកថាជាមេដឹកនាំនៃប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហៅលោកថាជាមេដឹកនាំពិភពលោកទៀតផង ដោយសារតែលោកត្រួតត្រានិងរៀបចំឱ្យមានស្ថិរភាពនៅជុំវិញពិភពលោកទាំងមូល»។
របបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នា «ដោយស្និទ្ធស្នាលនិងបើកចំហ» អំពីកិច្ចសហប្រតិបត្តិការ និងបាន «ផ្លាស់ប្ដូរយោបល់គ្នាលើទំនាក់ទំនងនានានិងលើស្ថានការណ៍អន្តរជាតិ»៕