នៅក្នុងបទសម្ភាសន៍ថតទុកមុនដែលមានរយៈពេលជាងពីរម៉ោងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ អតីតអ្នកនិយាយតាមទូរទស្សន៍ Fox News លោក Tucker Carlson បានសួរប្រធានាធិបតីរុស្ស៊ីរូបនេះអំពីសង្គ្រាមកំពុងបន្តកើតមាននៅអ៊ុយក្រែននិងអំពីអ្នកកាសែតអាមេរិកាំងជាប់ពន្ធនាគារលោក Evan Gershkovich។
ចាប់តាំងពីបានប្រកាសពីបទសម្ភាសន៍នេះកាលពីដើមសប្តាហ៍ទី ២ នៃខែកុម្ភៈមក លោក Carlson បានប្រឈមនឹងការរិះគន់ពីក្រុមអ្នកកាសែតដែលថា លោកមិនរវីរវល់នឹងប្រវត្តិអាក្រក់នៃសេរីភាពសារព័ត៌មាននៅរុស្ស៊ី ហើយអាចជួយដល់ការឃោសនារបស់រុស្ស៊ីផងដែរ។
នៅពេលចាប់ផ្តើមធ្វើបទសម្ភាសន៍នេះ លោក Carlson ហាក់ដូចជាមានសមានចិត្តដល់ប្រវត្តិសាស្ត្រត្រូវសើរើដែលលោក Putin បាននិយាយដើម្បីបង្ហាញថា ការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនជាការត្រឹមត្រូវ ដោយថ្លែងថា វាជា«ទស្សនៈស្មោះត្រង់»របស់មេដឹកនាំរុស្ស៊ីរូបនេះ។
ប៉ុន្តែលោក Carlson បានច្រានចោលការអះអាងរបស់លោក Putin ដែលថា លោក Gershkovich អ្នកយកព័ត៌មាននៃកាសែត Wall Street Journal ជាចារបុរស ហើយបានសួរថាតើរុស្ស៊ីអាចដោះលែងអ្នកកាសែតរូបនេះ ហើយប្រគល់មកឱ្យលោកដើម្បីវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញឬទេ។
លោក Putin បានថ្លែងនៅក្នុងបទសម្ភាសន៍នេះថា «គ្មានការហាមប្រាមមិនឱ្យដោះស្រាយបញ្ហានេះទេ។ យើងចង់ដោះស្រាយវា តែមានលក្ខខណ្ឌខ្លះកំពុងត្រូវពិភាក្សាតាមរយៈសេវាពិសេស។ ខ្ញុំមានជំនឿថា អាចសម្រេចកិច្ចព្រមព្រៀងមួយ»។
នៅប្រទេសរុស្ស៊ី ទីភ្នាក់ងារខាងស៊ើបការណ៍សម្ងាត់ត្រូវបាននិយាយយោងក្រៅផ្លូវការណ៍ថា សេវាពិសេស។
ការថ្លែងដូច្នេះរបស់លោក Putin ជាអត្ថាធិប្បាយសាធារណៈទូលំទូលាយបំផុតរបស់លោកអំពីលោក Gershkovich តាំងពីអ្នកយកព័ត៌មាននៃសារព័ត៌មាន The Wall street Journal រូបនេះបានជាប់ពន្ធនាគារកាលពីខែមីនា ឆ្នាំ២០២៣ ពីបទចោទប្រកាន់ចារកម្មដែលត្រូវបានយល់ឃើញទូទៅថា គ្មានមូលដ្ឋាននិងទាក់ទិននឹងនយោបាយ។
និយោជករបស់លោក Gershkovich និងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបដិសេធយ៉ាងដាច់អហង្កាពាក់ព័ន្ធនឹងការចោទប្រកាន់ប្រឆាំងនឹងអ្នកយកព័ត៌មានរូបនេះ។ ក្រសួងការបរទេសអាមេរិកក៏បានប្រកាសដែរថា លោក Gershkovich ត្រូវបានឃុំឃាំងដោយមិនត្រឹមត្រូវ។
លោក Putin ហាក់ដូចជានិយាយមានន័យថា រដ្ឋាភិបាលក្រុងមូស្គូចង់ដោះដូរលោក Gershkovich ជាមួយឃាតកររុស្ស៊ីម្នាក់ដែលជាប់គុកនៅប្រទេសអាល្លឺម៉ង់។
ឃាតកររូបនេះគឺឈ្មោះ Vadim Krasikov។ កាលពីឆ្នាំ ២០២១ តុលាការអាល្លឺម៉ង់មួយបានរកឃើញថា ជនរូបនេះមានទោសពៃរ៍ដោយសារបានបាញ់សម្លាប់មេដឹកនាំឧទ្ទាម Chechen ម្នាក់នៅក្រុងប៊ែរឡាំងកាលពីឆ្នាំ ២០១៩។ តុលាការនេះថា អាជ្ញាធររុស្ស៊ីបានបញ្ជាឱ្យមានការសម្លាប់នេះ ហើយបានកាត់ទោស Krasikov ឱ្យជាប់គុកមួយជិវិត។
កាសែត Wall Street Journal បានរាយការណ៍ពីមុនថា រដ្ឋាភិបាលក្រុងមូស្គូចង់ឱ្យ Krasikov ត្រូវដោះលែងនៅក្នុងការដោះដូរអ្នកទោស ដោយអាចដោះដូរជាមួយលោក Gershkovich។
ទោះជាបានដាក់ពន្ធនាគារលោក Gershkovich ជិតមួយឆ្នាំមកហើយ ដោយចោទពីបទចារកម្មក៏ដោយ ក៏រហូតមកដល់ពេលនេះរដ្ឋាភិបាលក្រុងមូស្គូគ្មានជោគជ័យក្នុងការផ្តល់ភស្តុតាងណាមួយសម្រាប់គាំទ្រការអះអាងអំពីចារកម្មទេ។ នៅក្នុងបទសម្ភាសន៍នេះ លោក Putin ប្រកាន់ជំហរម៉ឺងម៉ាត់ស្តីពីការអះអាងចារកម្មតែលោកមិនបានផ្តល់ភ័ស្តុតាងអ្វីឡើយ។
លោក Carlson បានច្រានចោលការអះអាងអំពីចារកម្ម នៅត្រង់ចំណុចមួយលោកថា «បុរសនេះមិនមែនជាចារបុរសទេ»។
អតីតអ្នកនិយាយទូរទស្សន៍ Fox News រូបនេះក៏បានសួរលោក Putin ដែរថាតើលោកអាចដោះលែងលោក Gershkovich «ជាសញ្ញាមួយនៃភាពមានសុជីវធម៌របស់លោក»បានឬទេ។ លោក Putin បានឆ្លើយតបថា រុស្ស៊ីគ្មាន«កាយវិការសុឆន្ទៈនៅសេសសល់ទៀតទេ»។
បទសម្ភាសន៍នេះមិនបាននិយាយអំពីអ្នកកាសែតអាមេរិកាំងទីពីរដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៅរុស្ស៊ីគឺអ្នកស្រី Alsu Kurmasheva។ អ្នកស្រីជាបណ្ណាធិការនៃសេវាភាសា Tatar-Bashkir ប្រចាំនៅទីក្រុងប្រាកនៃវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពដែលជាសាខារបស់វីអូអេ។
ដោយមានសញ្ជាតិពីរគឺអាមេរិកាំងនិងរុស្ស៊ី អ្នកស្រីបានធ្វើដំណើរទៅរុស្ស៊ីកាលពីខែឧសភា ឆ្នាំ ២០១៣ ដោយសារគ្រួសារអ្នកស្រីមានភាពអាសន្ន។ នៅពេលអ្នកស្រីប្រឹងប្រែងចាកចេញពីរុស្ស៊ីនៅខែមិថុនា លិខិតឆ្លងដែនអ្នកស្រីត្រូវបានរឹបអូសយក។
អ្នកស្រីបានរង់ចាំឱ្យមានការប្រគល់លិខិតឆ្លងដែនរបស់អ្នកស្រីមកវិញ នៅពេលអ្នកស្រីត្រូវជាប់ឃុំឃាំងកាលពីតុលាពីបទចោទប្រកាន់ថាអ្នកស្រីមិនបានចុះឈ្មោះជា«ភ្នាក់ងារបរទេស»ម្នាក់។ អាជ្ញាធរបានបន្ថែមការចោទប្រកាន់ថា អ្នកស្រីបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីយោធារុស្ស៊ី។
អ្នកស្រី Kurmasheva និងនិយោជកអ្នកស្រីច្រានចោលការចោទប្រកាន់ប្រឆាំងអ្នកស្រី៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ