រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបានប្រាប់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិបការបតីអាល្លឺម៉ង់លោកOlaf Scholz អំពីកិច្ចចរចារវាងរដ្ឋាភិបាលក្រុងម៉ូស្គូនិងរដ្ឋាភិបាលក្រុងកៀវអំពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែននៅក្នុងការនិយាយទូរស័ព្ទរួមគ្នាបីនាក់នៅថ្ងៃសៅរ៍។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលវិមានក្រឹមឡាំងមិនបាននិយាយក្បោះក្បាយអំពីអត្ថាធិប្បាយរបស់លោកPutin អំពីកិច្ចចរចានោះទេ គឺ១៧ថ្ងៃនៃការធ្វើសង្គ្រាមដែលបានចាប់ផ្តើមនៅពេលកងកម្លាំងរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤កុម្ភៈមក។
កាលពីថ្ងៃសុក្រ លោកPutin បាននិយាយថា មាន«សញ្ញាវិជ្ជមានខ្លះ»ក្នុងកិច្ចចរចានោះ ដែលមានធ្វើក្នុងប្រទេសបេឡារុស តែលោកមិនបានផ្តល់សេចក្តីលម្អិតទេ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវិមានក្រឹមឡាំង បានបញ្ចាក់ថា លោកMacron និងលោក Scholz បានលើកសំណួរអំពីស្ថានភាពមនុស្សធម៌កើតឡើងដោយសារអ្វីដែលរុស្ស៊ីហៅ ថា ជាកិច្ចប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ហើយថា លោកPutin បានឆ្លើយតបជាមួយការចោទប្រកាន់អំពីការរំលោភលើសិទ្ធិមនុស្សមនុស្សដោយកងកម្លាំងអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍នេះមិនបាននិយាយយោងដល់ភ័ស្តុតាងគាំទ្រការចោទប្រ កាន់ទាំងនោះទេ។
រដ្ឋាភិបាលវិមានក្រឹមឡាំងបានថ្លែងថា មេដឹកនាំទាំងបីនាក់នេះបានយល់ព្រមទាក់ទងគ្នាតទៅទៀត៕