ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Roscosmos ថា ការដាក់ទណ្ឌកម្ម​អាច​បណ្តាល​ឲ្យ​ស្ថានីយ៍​អវកាស​ធ្លាក់​មក​លើ​ផែនដី


រូបឯកសារ៖ កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រូបថត​ផ្តល់​ឲ្យ​ដោយ​ទីភ្នាក់ងារ NASA បង្ហាញស្ថានីយ៍​អវកាស​អន្តរជាតិ​នៅពីលើ​សមុទ្រ Tyrrhenian។ (NASA via AP)
រូបឯកសារ៖ កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រូបថត​ផ្តល់​ឲ្យ​ដោយ​ទីភ្នាក់ងារ NASA បង្ហាញស្ថានីយ៍​អវកាស​អន្តរជាតិ​នៅពីលើ​សមុទ្រ Tyrrhenian។ (NASA via AP)

ប្រធាន​ទីភ្នាក់ងារអវកាស​រុស្ស៊ីលោក Roscosmos បានព្រមាន​កាល​ពីថ្ងៃ​សៅរ៍​ថាការ​ដាក់ទណ្ឌកម្ម​របស់ពួកបស្ចឹម​ប្រទេស​ប្រឆាំង​នឹង​រុស្ស៊ី​អាច​បណ្តាល​ឱ្យស្ថានីយ៍​អវកាសអន្តរជាតិធ្លាក់​ ហើយលោក​បាន​អំពាវ​នាវ​ឱ្យលុប​ចោល​ការដាក់ទណ្ឌកម្ម​ទាំង​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

បើតាមលោក Dmitry Rogozin ថា ការ​ដាក់​ទណ្ឌកម្មទាំង​នេះដែល​ខ្លះមាន​នៅ​មុនការ ឈ្លានពាន​របស់រដ្ឋាភិបាលក្រុង​ម៉ូស្គូលើ​ប្រទេសអ៊ុយក្រែន អាច​បង្អាក់កិច្ចប្រតិបត្តិការរបស់​យានអវកាស​រុស្ស៊ី​បម្រើការឱ្យ​ស្ថានីយ៍​អវកាសអន្តរជាតិ។

ប្រធានទីភ្នាក់ងារ​អវកាស Roscosmos បានសរសេរ​តាម​បណ្តាញTelegram ថា ជាលទ្ធផលផ្នែក​រុស្ស៊ីនៃ​ស្ថានីយ៍​នេះដែលជួយតម្រែ​តម្រង់​តារាវិថី​របស់​វា​អាចរងផល ប៉ះពាល់ បណ្តាល​ឱ្យស្ថានីយ៍មានទម្ងន់៥០០តោន​នេះ​«ធ្លាក់ចូល​ក្នុង​សមុទ្រឬលើ​ដី»។

លោក Rogozin បាននិយាយថា៖«ផ្នែក​របស់​រុស្ស៊ី​ធ្វើឱ្យ​ប្រាកដ​ថា ផ្លូវ​ហោះហើរ​របស់ស្ថានីយ៍​នេះត្រូវ​កែ​តម្រូវជា​មធ្យមភាគ១១ដង​ក្នុង​មួយ​ឆ្នាំដោយ​មានរួម​បញ្ចូល​ទាំងការបញ្ចៀសកុំឱ្យប៉ះទង្គិចជា​មួយកម្ទិចក្នុង​អវកាស​ផង​ដែរ»។ លោកបាន​សម្តែង​ការ គាំទ្រ​របស់​លោក​ដល់កងទ័ព​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែនតាមបណ្តាញ​សង្គម។

ដោយ​ផ្សព្វផ្សាយ​ផែនទី​មួយ​អំពីកន្លែងដែលស្ថានីយ៍​អវកាស​អន្តរជាតិអាច​ធ្លាក់​នោះ លោក Rogozin បានចង្អុលបង្ហាញថា វា​មិន​ទំនងថា ស្ថានីយ៍​នោះ​ធ្លាក់​ក្នុង​ប្រទេស​រុស្ស៊ីនោះ​ទេ។

លោក​បាន​បន្ត​ថា«តែ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ឯ​ទៀតៗ ជា​ពិសេស​ប្រទេស​ដែល​ដឹកនាំ​ដោយ«ឆ្កែ​សង្គ្រាម» អាចគិតគូរអំពីការខាតបង់​ដោយសារ​ការដាក់ទណ្ឌកម្ម​ប្រឆាំង Roscosmos» ដោយ​លោក​បានពណ៌នាក្រុមប្រទេសដែល​បានដាក់​ទណ្ឌកម្ម​ថា«ឆ្កួត​លីលា»។

លោក Rogozin ក៏បាន​លើកឡើង​កាលពី​ខែមុន​អំពី​ការ​ធ្លាក់​នៃ​ស្ថានីយ៍​អវកាស​មក​ផែនដីនៅ​ពេល​លោក​រិះគន់​ខ្លាំងៗ​ដល់ការដាក់ទណ្ឌកម្មបស្ចឹម​ប្រទេសតាមបណ្តាញ Twitter។

កាលពី​ថ្ងៃទី​១មីនា ទីភ្នាក់ងារ​អវកាស​របស់​សហរដ្ឋ​អាមេរិក NASAបានថ្លែង​ថា ខ្លួនកំពុងស្វែង​រក​ដំណោះស្រាយ​មួយ​ដើម្បី​ឱ្យ​ស្ថានីយ៍​អវកាស​អន្តរជាតិ​ស្ថិត​ក្នុង​តារាវិថី​ដោយ​មិន​ចាំ​បាច់​មាន​ជំនួយ​ពី​រុស្ស៊ី៕

XS
SM
MD
LG