ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping បាននិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ហើយអ្នកទាំងពីរបានបញ្ជាក់ឡើងវិញពីចំណងទាក់ទងការទូតដ៏រឹងមាំរបស់ប្រទេសទាំងពីរ ខណៈដែលពួកគេច្រានចោលអ្វីដែលមេដឹកនាំទាំងពីរ បានហៅថា«ការជ្រៀតជ្រែករបស់សហរដ្ឋអា មេរិក»នៅក្នុងកិច្ចការរបស់ប្រទេសផ្សេងទៀត។ នេះបើតាមសម្តីរបស់រដ្ឋាភិបាលរុស្ស៊ី។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការបង្កើត«សណ្តាប់ធ្នាប់ពិភពលោក ដែលមានប្រទេសជាមហាអំណាចច្រើននិងកាន់តែយុត្តិធម៌ឡើង» និងអំពីវិធីបន្តរក្សា«ទាក់ទងឱ្យជិតស្និទ្ធ»នៅថ្ងៃអនាគត។ នេះបើតាមសម្តីលោក Yury Ushakov អ្នកជំនួយការរដ្ឋាភិបាលរុស្ស៊ីក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍។
រុស្ស៊ីនិងចិនបានប្រកាស «ភាពជាដៃគូគ្មានព្រំដែន» កាលពីពីរឆ្នាំមុន ក្នុងអំឡុងទស្សនកិច្ចរបស់លោក Putin ទៅកាន់ទីក្រុងប៉េកាំង។ ទស្សនកិច្ចនោះបានកើតមានឡើងប៉ុន្មានថ្ងៃមុនរុស្ស៊ីចាប់ផ្តើមវាយប្រហារលើប្រទេសអ៊ុយ ក្រែន។ លោក Ushakov បាននិយាយថាគ្មានផែនការនៅពេលឥឡូវនេះសម្រាប់ទស្សនកិច្ចនៅពេលខាងមុខទេ។ មេដឹកនាំទាំងពីរក៏បានធ្វើការចរចាដោយផ្ទាល់ ២ លើកកាលពីឆ្នាំទៅដែរ។
ការសន្ទនាតាមទូរស័ព្ទកើតមានឡើង នៅពេលដែលប្រទេសទាំងពីរបានប្រឈមការ ដាក់ទណ្ឌកម្មក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការជាប់ទាក់ទិនការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិភាគតិច Uyghur កាន់សាសនាអ៊ីស្លាមនៅក្នុងខេត្ត Xinjiang នៃប្រទេសចិន។ រុស្ស៊ីបានរងការដាក់ទណ្ឌកម្មចំពោះការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២២ លើប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវិមានក្រឹមឡាំងបានបញ្ជាក់ថា មេដឹកនាំទាំងពីរបាននិយាយអំពីចំណងទាក់ទងសេដ្ឋកិច្ចដែលកំពុងរីកដុះដាលរបស់ខ្លួនដោយទំនាក់ទំនងរវាងចិននិងរុស្ស៊ីដែលបាន «ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីពេលមុន»។
ទិន្ន័យគយចិនបង្ហាញថាពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីបានឡើងដល់ ២១៨,២ ពាន់លានដុល្លាររវាងខែមករា និងវិច្ឆិកានៃឆ្នាំ ២០២៣ ដែលបានសម្រេចគោលដៅដែលបានកំណត់កាលពីមុនសម្រាប់ឆ្នាំ ២០២៤ នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ថែមពីនេះ កាលពីឆ្នាំទៅរុស្ស៊ីបាននាំមុខប្រទេសអារ៉ាប់ប៊សាអូឌីតជាអ្នកផ្គត់ផ្គង់ប្រេងឆៅទៅឱ្យប្រទេសចិន ដោយបានសង្កត់ពីចំណងទាក់ទងថាមពលកើនឡើងរបស់ប្រទេសទាំងពីរ នៅពេលដែលប្រទេសនានានៅអឺរ៉ុបស្វែងរកថាមពលពីប្រភពផ្សេងនៅពេលមានការដាក់ទណ្ឌកម្ម។
លោក Ushakov បានថ្លែងនៅក្នុងសន្និសីទកាសែតថាចិននិងរុស្ស៊ីកំពុងរបៀបចំផែនការដើម្បីបន្តគម្រោងថាមពលរួមគ្នានៅឆ្នាំនេះ។ លោកបានបន្ថែមទៀតថា លោក Putin និងលោក Xi បាននិយាយអំពី «ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលធ្វើឱ្យប្រាកដពីការទូទាត់ប្រាក់ដែលអាចទុកចិត្តបាន»។ ប្រទេសទាំងពីរបានបង្កើនពាណិជ្ជកម្មដោយប្រើប្រាក់រូបរុស្ស៊ីនិងប្រាក់យាន់របស់ចិន។
ក្នុងការសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានពិភាក្សាអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងការកើនឡើងនៃជម្លោះនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
លោក Ushakov បាននិយាយថា រុស្ស៊ីក៏គាំទ្រគោលនយោបាយរបស់ប្រទេសចិនចំពោះតៃវ៉ាន់ដែរ។
បណ្តាញផ្សាយព័ត៌មានរដ្ឋចិនបានចេញអត្ថាធិប្បាយប្រហាក់ប្រហែលគ្នាដោយបានរាយការណ៍ថាលោក Xi បានប្រាប់លោក Putin ថា ប្រទេសទាំងពីរត្រូវបន្តទាក់ទងយុទ្ធសាស្ត្រដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខ ហើយនឹងប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរមកពីខាងក្រៅ។
បណ្តាញផ្សាយព័ត៌មានរដ្ឋចិនក៏បានដកស្រង់សម្តីលោក Xi មកចុះផ្សាយថា ចិននិងរុស្ស៊ីបាន«ឆ្លងកាត់ព្យុះជាច្រើនជាមួយគ្នា»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters និង AFP។
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន