ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​​និង​រុស្ស៊ី​អួត​សរសើរ​ពី​ទំនាក់​ទំនង​ទ្វេភាគី​ដ៏​រឹងមាំ​ក្នុង​កិច្ចប្រជុំ​នៅ​រដ្ឋធានី​ប៉េកាំង​


ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃគ្នា ក្នុងជំនួបមួយនៃវេទិកាគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្ម នៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។ (Sputnik/Sergei Guneev/Pool via REUTERS)
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃគ្នា ក្នុងជំនួបមួយនៃវេទិកាគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្ម នៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។ (Sputnik/Sergei Guneev/Pool via REUTERS)

ប្រធានាធិបតី​ចិន​លោក​ Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin បាន​កោត​សរសើរចំណង​ទាក់ទង​ទ្វេភាគីដ៏​ជ្រាល​ជ្រៅ​រវាង​ប្រទេស​ទាំង​ពីរ នៅ​ក្នុង​កិច្ចប្រជុំ​ទល់​មុខ​គ្នាមួយ​ក្នុង​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​នេះ។​

មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​ប្រជុំគ្នា​នៅ​ក្នុង​សាល​ប្រជុំ​ប្រជាជន ​ឬ Great Hall of the People ក្នុង​រដ្ឋធានី​ប៉េកាំង នៅ​ក្រៅ​កិច្ចប្រជុំនៃ​វេទិកាមួយ​ ​ដើម្បី​រំលឹកខួប​ ១០​ឆ្នាំ នៃ​គម្រោង​ក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម​របស់​ចិន​ ដែល​ជា​កម្មវិធីយោបាយ​ដ៏​សំខាន់​មួយ​របស់​លោក​ Xi ក្នុង​ការ​ស្ថាបនា​គម្រោងហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ទូទាំង​តំបន់​អាស៊ី​ ​អាហ្វ្រិក អាមេរិកឡាទីន​ និង​ផ្នែក​មួយ​ចំនួនទៀត​នៃទ្វីប​អឺរ៉ុប​ខាងត្បូងនិង​ខាង​កើត។

ដោយ​ហៅ​មេដឹកនាំរុស្ស៊ី​ថា​ «ជា​មិត្ត​ភ័ក្ត​ចាស់​របស់ខ្ញុំ» ប្រធានាធិបតីចិន​លោក Xi បាន​និយាយ​ថា​ ជំនឿ​ទុក​ចិត្តផ្នែក​នយោបាយ​រវាង​ប្រទេស​ចិន​និងរុស្ស៊ី​ ​មាន​ភាព​កាន់​តែ​ស៊ីជម្រៅ​ឡើង ដោយ​ភាគី​ទាំង​ពីរបាន​ចែក​រំលែក «ការ​សម្រសម្រួលយុទ្ធសាស្ត្រ​ដោយ​ប្រសិទ្ធិភាព​និង​ជិតស្និទ្ធ»។

ប្រធានាធិបតី​រុស្ស៊ី​លោក​ Putin បាន​ថ្លែងនៅ​ក្នុង​ការ​ចាប់​ផ្តើម​កិច្ចប្រជុំរបស់​លោក​ថា៖ «នៅ​ក្នុង​ស្ថានការណ៍ដ៏​លំបាក​នា​ពេល​បច្ចុប្បន្ន​នេ ការ​សម្របសម្រួល​គោលនយោបាយ​ដ៏​ជិតស្និទ្ធ​មួយ​ មាន​សារៈសំខាន់​ជា​ពិសេស»។ ​

មេដឹកនាំ​ទាំង​ពីរ​បាន​កត់សម្គាល់​ថា​ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ស្ថិត​ក្នុង​ផ្លូវមួយ​ដ៏​ល្អ​ ឆ្ពោះទៅរក​គោលដៅ​សម្រេច​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ​២០០ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​នេះ​ ​ដែល​មិន​ធ្លាប់​មានក្នុង​ពេល​កន្លង​ទៅ។

ប៉ុន្មាន​សប្តាហ៍​មុន​ពេលរុស្ស៊ី​ចូល​ឈ្លានពានប្រទេស​អ៊ុយក្រែន លោក Xi និង​លោក Putin បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យាមួយ​ ដោយ​ប្រកាស​ពី​ភាព​ជា​ដៃគូ​ទ្វេភាគី​ «គ្មាន​ដែន​កំណត់»។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ក្លាយជា​ដៃគូ​សេដ្ឋកិច្ច និង​ការទូត ដែល​អាច​ទុកចិត្ត​ជាងគេ​បំផុត​របស់​រដ្ឋាភិបាល​ក្រុងមូស្គូ ខណៈ​ដែល​បស្ចឹមប្រទេស​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​តឹងរឹង​បំផុត​លើ​ប្រទេស​រុស្ស៊ី ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

ទស្សនកិច្ច​របស់​លោក Putin ទៅកាន់​រដ្ឋធានី​ប៉េកាំង​នេះ ជា​ការធ្វើដំណើរទៅ​ក្រៅ​ប្រទេស​របស់​លោក​ជា​លើក​ទី​ ២ ​ហើយ​ ចាប់​តាំង​ពីតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC បានចេញ​ដីកា​ចាប់ខ្លួន​លោកកាល​ពី​ខែ​មីនា​កន្លង​ទៅ​ ​ជុំវិញឧក្រិដ្ឋកម្ម​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន។ កាល​ពី​ដើម​ខែ​នេះ​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ផង​ដែរ។

តុលាការ​ ICC បាន​ចេញ​ដីកា​ចាប់ខ្លួនលោក​ Putin ​ដោយ​តម្រូវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំង​អស់ត្រូវ​ចាប់ឃុំ​ខ្លួន​មេដឹកនាំ​រុស្ស៊ីរូប​នេះ​ ប្រសិន​បើ​លោក​ធ្វើ​ដំណើរ​ទៅ​ជាន់​ទឹក​ដី​របស់​ពួកគេ។ ប្រទេស​ចិន​និងកៀហ្ស៊ីស៊ីស្ថាន ដែល​លោក​ Putin បាន​ធ្វើ​ដំណើរ​ទៅ​នោះ​ ​មិនមែន​ជា​សមាជិកនៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters

XS
SM
MD
LG