ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​ទទូច​ឱ្យ​​បញ្ឈប់​ជម្លោះ​​រវាង​អ៊ីស្រាអែល​និង​​ហាម៉ាស់​តាម​រយៈ​ដំណោះស្រាយ​រដ្ឋ​ពីរ


អ្នក​ទស្សនា​ឆ្លង​កាត់​អេក្រង់​វីដេអូ​ដែល​បង្ហាញ​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​សារមន្ទីរ​បក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
អ្នក​ទស្សនា​ឆ្លង​កាត់​អេក្រង់​វីដេអូ​ដែល​បង្ហាញ​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​សារមន្ទីរ​បក្ស​កុម្មុយនិស្ត​ចិន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មេដឹកនាំ​ចិន​លោក​ Xi Jinping បាន​ធ្វើ​អត្ថាធិប្បាយសាធារណៈ​លើក​ដំបូង​របស់​លោក​អំពី​ជម្លោះរវាង​អ៊ីស្រាអែល​និង​ពួក​ហាម៉ាស់ ដោយ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ឈប់បាញ់​គ្នានិង​បាន​ថ្លែង​ជា​ថ្មី​ទៀត​អំពី​ការ​បង្កើត«រដ្ឋ​ប៉ាឡេស្ទីនឯករាជ្យ​មួយ»​តាម​រយៈដំណោះស្រាយរដ្ឋ​ពីរ​ជា​«មធ្យោបាយជា​មូលដ្ឋាន​ដើម្បី​ចាកចេញ»ពី​ជម្លោះ​នេះ។

លោក Xi បាន​និយាយនៅ​ក្នុងជំនួបរបស់​លោក​ជាមួយនាយករដ្ឋមន្ត្រី​អេហ្ស៊ីប​លោក Mostafa Madbouly នៅ​ទីក្រុង​ប៉េកាំង​ថា៖​ «អាទិភាព​ខ្ពស់បំផុត​គឺបញ្ឈប់​ការ​ប្រយុទ្ធគ្នា​ឱ្យ​បាន​ឆាប់​រហ័ស​តាម​អាច​ធ្វើ​បាន បញ្ចៀស​កុំឱ្យ​ជម្លោះ​នេះ​រាលដាល​ឬ​គ្រប់គ្រង​មិន​បាន​និង​បណ្តាល​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ»។

អ្នក​វិភាគ​ខ្លះនិយាយ​ថា​ កំណត់​សម្គាល់​ទាំង​នេះ​របស់​លោក Xi មិន​ផ្លាស់ប្តូរ​ពី​គោលជំហរ​ច្រើន​ទសវត្សរ៍​មក​ហើយ​របស់រដ្ឋាភិបាល​ប៉េកាំងអំពី​បញ្ហា​ទាក់ទិន​នឹង​ជនជាតិ​ប៉ាឡេស្ទីន។

ប្រទេស​ចិន​រារែក​មិន​ថ្កោលទោស​ជា​សាធារណៈ​ដល់​ការវាយប្រហារ​លើ​អ៊ីស្រាអែល ដែល​នាំឱ្យ​មាន​ការ​រិះគន់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​និងរដ្ឋាភិបាល​អាមេរិក។ នៅ​ពេល​ដែល​កង​យោធា​អ៊ីស្រាអែល​បង្កើនការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​តំបន់​ហ្កាហ្សា (Gaza) រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​បង្កើនការរិះគន់​អ៊ីស្រាអែល ដោយ​និយាយ​ថាសកម្មភាព​របស់​អ៊ីស្រាអែល​មាន​ធ្វើ​លើស​ពី​ទំហំ​នៃ​ការ​ការពារ​ខ្លួន​ទៅ​ទៀត។

ក្រៅ​ពី​ប្រសាសន៍​ជា​សាធារណៈ​ដំបូង​របស់​លោក​ប្រធានាធិបតី Xi អំពី​ជម្លោះ​នេះ ប្រេសិត​ពិសេស​របស់​ចិន​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា លោក Zhai Jun ដែល​បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ទី​កាន់​តំបន់​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថ្លែង​ថា ចិន​ប្រាថ្នា​ចង់​រក្សា​ទំនាក់ទំនង​និង​ការ​សម្របសម្រួល​ជាមួយ​រុស្ស៊ី​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​តានតឹងនៅ​តំបន់​នេះ​ឱ្យ​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។​

ដំណើរ​ទស្សនកិច្ច​នេះ​ កើត​មាន​ឡើងមួយ​ថ្ងៃ​ក្រោយ​ពី​លោក​ Xi បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ខាង​ក្រៅ​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​ (BRI) សម្រាប់​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង៕

XS
SM
MD
LG