ផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិករំពឹងថា ប្រធានាធិបតីបេឡារុសលោក Aleksander Lukashenko នឹងបញ្ជូនកងទ័ពដ៏ខ្លាំងរបស់បេឡារុសប្រមាណ៤ម៉ឺន៨ពាន់នាក់ទៅធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗខាងមុខនេះដើម្បីជួយអន្តរាគមន៍ដល់កងកម្លាំងរុស្ស៊ីដែលកំពុងវាយប្រហារឈ្លានពានលើប្រទេសអ៊ុយក្រែន។
រហូតមកដល់ពេលនេះ បេឡារុសត្រូវបានប្រើប្រាស់ជាទីតាំងសម្រាប់កងកម្លាំងរុស្ស៊ីនៅក្នុងការវាយប្រហារលើរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន មកពីទិសខាងជើងហើយកងកម្លាំងពិសេសរបស់បេឡារុសមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានគេជឿថា បានចូលរួមនៅក្នុងការវាយប្រហារទាំងនោះ។ ក៏ប៉ុន្តែ ដោយការឈ្លានពានរបស់រុស្ស៊ីកំពុងប្រឈមនឹងការតស៊ូដ៏ស្វិតស្វាញជាងការរំពឹងទុករបស់រដ្ឋាភិបាលវិមានក្រឹមឡាំង ហើយរដ្ឋធានីកៀវនៅមិនទាន់ធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់រុស្ស៊ីនោះ ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin ទំនងជាងាកទៅរកការជួយអន្តរាគមន៍ពីបេឡារុសដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់លោកដើម្បីជួយជំរុញក្នុងការវាយប្រហារលើអ៊ុយក្រែន។
សារដែលត្រូវបានបញ្ជូនទៅឲ្យបណ្តាអង្គការក្រៅរដ្ឋាភិបាលនិងគម្រោងមួយចំនួនដែលផ្តល់ថវិកាដោយសហរដ្ឋអាមេរិកដែលត្រូវបានដកស្រង់ចេញពីការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់របស់អាមេរិកនោះ បានព្រមានថា៖ «ទីក្រុងនានានៅផ្នែកខាងលិចរបស់អ៊ុយក្រែនត្រូវបានចាត់ទុកថាលែងមានសុវត្ថិភាពទៀតហើយនៅពេលនេះ។ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនានាដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគេស្នើឲ្យស្វែងរកទីជម្រកសុវត្ថិភាពនៅតាមភូមិតូចៗជិតព្រំដែនដែលជាកន្លែងដែលអាចមានសុវត្ថិភាពផុតពីការវាយប្រហារដោយកាំជ្រួចមីស៊ីលដែលដៅលើទីក្រុងនិងទីប្រជុំជនធំៗ។
ប្រធានាធិបតីបេឡារុសលោកAlyaksandr Lukashenko បាននិយាយកាលពីពេលថ្មីៗនេះថា កងកម្លាំងរបស់លោកនឹងមិនចូលរួមក្នុងសកម្មភាពយោធាណាមួយប្រឆាំងនឹងប្រទេសអ៊ុយក្រែននោះឡើយ។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រោយកិច្ចប្រជុំមួយជាមួយលោកPutin លោក Lukashenkoប្រកាសថា លោកបានយល់ព្រមឲ្យដាក់កងកម្លាំងរុស្ស៊ីឈរជើងនៅក្នុងប្រទេសបេឡារុស។ ចាប់តាំងពីពេលនោះមក លោក Lukashenko និយាយថា អ៊ុយក្រែនកំពុងចាញ់សង្រ្គាម ហើយលោកបានស្នើរៀបចំឲ្យមានកិច្ចពិភាក្សាសន្តិភាព។
បេឡារុសបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានត្រៀមទីកន្លែងដើម្បីបើកកិច្ចចរចាមួយ រវាងគណៈប្រតិភូមកពីប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ី៕