ប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា លោក មានទំនុកចិត្តថា ការត្រដាបត្រដួសផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី នឹងងើបឡើងវិញនៅក្នុងរយៈពេល២ឆ្នាំហើយប្រាក់រូប (Ruble) នឹងមានស្ថេរភាពវិញបន្ទាប់ការធ្លាក់ចុះតម្លៃយ៉ាងខ្លាំង ក៏ប៉ុន្តែ មិនបានផ្តល់របៀបដោះស្រាយពីវិបត្តិនេះទេ។
នៅឯសន្និសីទសារព័ត៌មានដែលមានរយៈពេល៣ម៉ោងនៅចុងឆ្នាំ លោក ពូទីន (Putin) បាននិយាយថា ក្រុមមន្រ្តីធនាគារកណ្តាល និងសេដ្ឋកិច្ចកំពុងធ្វើការសម្រេចដ៏សមរម្យ និងត្រឹមត្រូវដើម្បីធ្វើឲ្យមានស្ថេរភាពដល់តម្លៃរូបិយប័ណ្ណ ទោះបីសេដ្ឋកិច្ចរបស់ប្រទេសនេះ ឆ្ពោះទៅកាន់ការមិនរីកចម្រើននៅឆ្នាំក្រោយក៏ដោយ។
លោកបានព្យាករណ៍ថាពេលវេលាប្រសើរនៅពេលខាងមុខសម្រាប់រុស្ស៊ី មិនមែនពេលភ្លាមៗនេះទេ ទោះបីតម្លៃប្រេងពិភពលោកនៅតែទាបឬក៏ធ្លាក់ចុះបន្ថែមទៀត ដែលកំពុងកាត់បន្ថយប្រាក់ចំណូលកាន់តែខ្លាំងឡើងពីការនាំចេញដ៏សំខាន់របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ។
លោកនិយាយបន្តទៀតថា សេដ្ឋកិច្ច អាចងើបឡើងកាន់តែឆាប់រហ័ស ប្រសិនបើកត្តាខាងក្រៅ ផ្លាស់ប្តូរឲ្យប្រសើរឡើងនោះ។ លោក Putin ក៏បាននិយាយដែរថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិច ប្រឆាំងប្រទេសរុស្ស៊ីពីព្រោះតែការពាក់ព័ន្ធរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន មានការទទួលខុសត្រូវប្រហែលពី២០ទៅ៣០ភាគរយចំពោះវិបត្តិហិរញ្ញវត្ថុនៅពេលបច្ចុប្បន្ននេះ។
លោក បាននិយាយទៀតថា រូបិយប័ណ្ណបម្រុងរបស់រុស្ស៊ី មានគ្រប់គ្រាន់ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីមានស្ថេរភាព។ ក៏ប៉ុន្តែ បា្រក់រូប (Ruble) បានធ្លាក់ចុះតម្លៃបើប្រៀបធៀបទៅនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិកបន្ទាប់ពីសន្និសីទកាសែតរបស់លោកពូទីន (Putin) ដោយមានការលក់ក្នុងតម្លៃ៦១រូបក្នុងមួយដុល្លារសហរដ្ឋអាមេរិក។
រូបិយប័ណ្ណ បានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយកាលពីថ្ងៃអង្គារ ដែលជំរុញឲ្យធនាគារកណ្តាលរុស្ស៊ីធ្វើការបញ្ជាក់ប្រាប់ឡើងវិញដល់ធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុថាខ្លួននឹងផ្តល់មូលធនបន្ថែមទៀតប្រសិនបើចាំបាច់៕