លោក Trump ព្យាយាម​ស្វែង​យល់​ពី​បញ្ហា​រួម​នានា​នៅ​ក្នុង​ប្រទេស​បារាំង

លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​លោក​ស្រី​ទី១ Melania អញ្ជើញ​ទៅ​ដល់​ព្រលាន​យន្តហោះ Orly ក្នុង​ក្រុង​ប៉ារីស​កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។

ប្រធានាធិបតីស.រ.អា. លោក Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​បារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ចូល​រួមក្នុង​ការ​ប្រារព្ធ​ទិវា​ Bastille ដែល​នឹង​មាន​ក្រុម​ទាហាន​អាមេរិកាំង ​និង​បារាំង​ដើរ​ក្នុង​ក្បួន​ព្យុះហយាត្រា​ជាមួយ​គ្នា​នៅ​ថ្ងៃ​សុក្រ​ស្អែក​តាម​មហាវិថី Champs Elysees ដ៏​ល្បីល្បាញ​ក្នុង​ក្រុង​ប៉ារីស។​

ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នេះ​អាច​ជា​ការ​សម្រាក​ពី​ការ​ពិនិត្យពិច្ច័យ​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​អំពី​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​ទាក់ទង​រវាង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​របស់​លោក Trump ជាមួយ​ប្រទេស​រុស្ស៊ី​ ក៏​ប៉ុន្តែ​គេ​រំពឹង​ថា​ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​នឹង​ប្រឈម​នឹង​សំណួរ​ថែម​ទៀត​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​ប៉ារីស​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះទាក់ទិន​នឹង​ជំនួប​មួយ​កាល​ពី​ឆ្នាំ​ទៅ​មិញ​រវាង​កូន​ប្រុស​គាត់​ឈ្មោះ​ Donald Trump Jr. និង​មេធាវី​រុស្ស៊ី​ម្នាក់។ លោក Donald Trump Jr. បាន​លាត​ត្រដាង​អ៊ីមែល​ដើម្បី​បង្ហាញ​ថា​គាត់​មាន​ជំនឿ​ថា​ជំនួប​នោះគឺ​ដើម្បី​ពិភាក្សា​អំពីលទ្ធភាព​នៃ​ព័ត៌មាន​មិន​ល្អ​ប្រឆាំង​នឹង​ការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ។​

នៅ​មុន​ការ​ប្រារព្ធ​ពិធី​ដ៏​អធិកអធម​នេះ​ លោក​ប្រធានាធិបតី​ស.រ.អា.​ Trump នឹង​ខិតខំព្យាយាម​ស្វែង​រក​ការ​យល់​ឃើញ​ដូចគ្នា​អំពី​បញ្ហា​នានា​ដូច​ជា​បញ្ហា​ប្រទេស​ស៊ីរី​ និង​ការ​ប្រឆាំង​នឹង​ភេរវកម្ម​ជាដើម​នៅ​ក្នុង​ទំនាក់ទំនង​រអាក់រអួល​ជាមួយ​លោក Emmanuel Macron ប្រធានាធិបតី​ថ្មី​វ័យ​ក្មេង​នៃ​ប្រទេស​បារាំង។​

គោលបំណង​របស់​លោក Trump គឺចង់​បង្ហាញ​ថា​រដ្ឋបាល​គាត់​នៅ​តែ​ទាក់ទង​ជាមួយ​ពួក​សម្ព័ន្ធមិត្ត​អឺរ៉ុប​ជាយូរយារ​មក​ហើយ៕