ការតវ៉ា​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​មួយ​ចំនួន​របស់​ស.រ.អា ស្របពេល​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​មិនទាន់​ប្រកាស

បាតុករ​ម្នាក់ បាន​ដុត​ទង់ជាតិ​អាមេរិក​នៅ​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ កាលពី​ថ្ងៃពុធ ទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុង Portland រដ្ឋ Oregon។

បាតុករ ​បាន​ចេញ​មក​តាម​ទីក្រុង​ជាច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឲ្យ​បាន​ពេលលេញ ខណៈ​ដែល​ក្រុម​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​កន្លែង​រាប់​សន្លឹកឆ្នោត​នៅ​ក្នុង​រដ្ឋ Michigan និង​រដ្ឋ Arizona។

ប៉ូលិស​នៅ​ក្នុង​ទីក្រុង New York បាន​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​មាន​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ អាជ្ញាធរ​និយាយ​ថា មនុស្ស​មួយ​ក្រុម​តូច​ បាន​ប៉ុនប៉ង​បង្ក​បញ្ហា​ក្នុង​ការ​ធ្វើ​បាតុកម្ម​នោះ ដោយ​បាន​ដុត​សម្រាម​និង​ប៉ះទង្គិច​ជាមួយ​អាជ្ញាធរ។

បាតុករ​ ក៏​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង Chicago ទីក្រុង Los Angeles ទីក្រុង Seattle ទីក្រុង Houston ទីក្រុង Pittsburg ទីក្រុង Minneapolis និង​ទីក្រុង San Diego ផងដែរ។ បន្ថែម​ពី​លើ​ការ​អំពាវនាវ​ឲ្យ​បន្ត​រាប់​សន្លឹក​ឆ្នោត បាតុករ​ក៏​បាន​លើកឡើង​អំពី​បញ្ហា​វិសមភាព​ជាតិ​សាសន៍​ផងដែរ ដែល​ជា​ប្រធានបទ​នៃ​ការតវ៉ា​ជាច្រើន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​នេះ។

អភិបាល​រដ្ឋ Oregon អ្នកស្រី Kate Brown បាន​ដាក់​ពង្រាយ​ឆ្មាំ​ការពារ​ជាតិ នៅ​ពេល​ដែល​ប៉ូលិស​នៅ​ក្នុង​ទីក្រុង Portland បាន​ប្រកាស​ថា ការ​តវ៉ា​នៅ​ទីនោះ​គឺជា​កុបកម្ម និង​បាន​ចាប់​ខ្លួន​អ្នក​តវ៉ា​មួយ​ចំនួន។ កន្លង​មក ទី​ក្រុង​នោះ​បាន​ក្លាយជា​កន្លែង​តវ៉ា​ស្ទើរ​រាល់​យប់​ប្រឆាំង​នឹង​បញ្ហា​អយុត្តិធម៌​ជាតិ​សាសន៍ ហើយ​ជារឿយៗ ប៉ូលិស​បាន​ប្រកាស​ថា ​ជា​កុបកម្ម។

ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Trump បាន​ទៅ​កន្លែង​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​ទីក្រុង Detroit រដ្ឋ Michigan ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​រាប់​សន្លឹក​ឆ្នោត។ ចំណែក​ឯ​អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង Phoenix រដ្ឋ Arizona វិញ បាន​ស្រែក​បន្ទរ​ថា «បញ្ឈប់​ការ​លួច​សន្លឹក​ឆ្នោត»។

ការ​តវ៉ា​ទាំង​នេះ ​បាន​កើត​មាន​ឡើង នៅ​ពេល​ដែល​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​មិន​ទាន់​ប្រកាស​នៅ​ឡើយ ហើយ​លោក Trump បាន​ធ្វើ​ការ​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ស្រប​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ចំនួន​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នេះ៕