ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស ៨ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង Seattle បន្ទាប់​ពី​បាតុកម្ម​ប្រឆាំង​ការ​រើសអើង​ជាតិសាសន៍​ក្នុង​យប់​ថ្ងៃ​បោះ​ឆ្នោត


មន្រ្តីប៉ូលិសឆ្លើយតបទៅនឹងការហែក្បួនបាតុកម្មដែលបានធ្វើឡើងនៅថ្ងៃបោះឆ្នោតនៅទីក្រុង Seattle រដ្ឋ Washington នៅថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០២០។ (REUTERS/Lindsey Wasson)

ប៉ូលិស​បាន​ឲ្យ​ដឹងថាមនុស្ស ៨ នាក់​ត្រូវបានចាប់ខ្លួន នៅ​ក្នុងទីក្រុង​ Seattle រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​ក្រោយ​ពី​ពួក​គេ​ធ្វើបាតុកម្ម​និង​ដើរ​ក្បួននៅ​ពាក់​កណ្ដាល​អធ្រាត្រ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត។

មិន​មាន​សេចក្ដីរាយការណ៍​ភ្លាមៗ​អំពី​ការ​រង​របួស ឬ​ថា​បាតុកម្ម​នេះ​មាន​ជាប់ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​នោះ​ទេ ប៉ុន្តែបាតុករ​មួយ​ចំនួន​កាន់​បដាសរសេរ​ថា «ជិវីត​ពលរដ្ឋ​ស្បែក​ខ្មៅមាន​តម្លៃ»។​នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍ Q13 Fox ប្រចាំ​ទីក្រុង​Seattle។

ប៉ូលិស​ប្រចាំទីក្រុង​ Seattle បានឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវបាន​ចាប់​ខ្លួន​រួម​មាន​ម្នាក់​ដែល​ដាក់​ដែក​គោល​តាម​ផ្លូវ​និង​ម្នាក់​ទៀត​បើក​ឡាន​បុក​រនាំង​ផ្លូវ ចូល​ក្នុង​គន្លង​សម្រាប់​ម៉ូតូ​របស់​ប៉ូលិស។

ការ​ដើរ​ក្បួន​ចំនួន​ពីរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុងទីក្រុង​ South Lake Union និង​នៅ​តាម​តំបន់​ទីប្រជុំជន​ក្នុង​ទីក្រុង Seattle​ដែល​ប៉ូលិស​បាន​ប្រកាស​ឲ្យ​ពលរដ្ឋមានការ​ប្រុងប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ​ទៅ​ទី​នោះ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា អ្នកដើរក្បួន​បាន​បោះ​រនាំង​ចរាចរណ៍​ទៅ​លើ​ផ្លូវ ហើយ​ប៉ូលិស​ដំបូង​ឡើយ​បាន​ចេញ​ការ​ព្រមាន​ពី​សុវត្ថិភាព​សាធារណ:​បន្ទាប់​មក​ក៏​បានចេញ​បញ្ជា​ឲ្យ​បាតុករនៅ​តំបន់ Broadway រំសាយ។

ប៉ូលិស​ទីក្រុង​ក្នុង Seattle បានបង្ហោះ​នៅ​លើ​ Twitter ថា៖ «មនុស្ស ៨ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​នេះ​ពីបទ​រំខាន​អ្នក​ថ្មើរជើង បំផ្លិចបំផ្លាញ វាយប៉ូលិស បើកបរមិន​ប្រុង​ប្រយ័ត្ន និង​ពី​បទព្រហ្មទណ្ឌ»។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ទីក្រុង Seatttle ក៏​ដូចជា​នៅ​តាម​បណ្ដា​រដ្ឋ​មួយ​ចំនួន​ទៀត​ដែរ​ក្នុង​សហរដ្ឋអាមេរិក មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិសាសន៍ និង​ភាព​សាហាវ​ឃោរឃៅ​របស់​ប៉ូលិស ក្រោយ​ពី​ការ​ស្លាប់​របស់​បុរស​ជា​ពលរដ្ឋ​ស្បែក​ខ្មៅ​ម្នាក់ គឺ​លោក George Floyd កាល​ពី​ខែ​ឧសភា ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG